ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ថ្មី​៣​ហើយ ដែល​កើតចេញពី​មន្ត្រីជាន់ខ្ពស់​អតីត​CNRP ក្រោយ​រំលាយ​ជាង​៣​ឆ្នាំ​
02, Mar 2021 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្សនយោបាយ​ថ្មី ចំនួន​៣ ហើយ ដែល​កើតចេញពី​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ ពួកគេ បានសម្រេច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​បក្ស​ថ្មី ក្រោយពី​លែង​សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។​



​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាង​១០​នាក់​ហើយ ដែល​ទទួលបាន​សម្បទា​នយោបាយ​ឡើងវិញ ពី​ព្រះមហាក្សត្រ តាមរយៈ​ការស្នើសុំ​ទៅ​រដ្ឋាភិបាល​។ ក្នុងចំណោម​ពួកគេ​ទាំងនោះ មាន​មន្ត្រីជាន់ខ្ពស់​អតីត​បក្សប្រឆាំង សម្រេច​បង្កើត​គណបក្ស​ថ្មី ដើម្បី​បន្ត​អាជីព​នយោបាយ​ខ្លួន​។​
 
​លោក រៀល ខេមរិន្ទ បានសម្រេច​បង្កើត​«​គណបក្ស​ខ្មែរ​អភិរក្សនិយម​» ក្រោយពី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​។ គណបក្ស​របស់លោក រៀល ខេមរិន្ទ ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​ទទួល​ចុះឈ្មោះ​បក្ស​ក្នុង​បញ្ជី កាលពី​ថ្ងៃ​១៨ កញ្ញា ២០២០​។ បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ការបង្កើត​គណបក្ស​ថ្មី​នេះ ដោយសារ​លោក​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម តាមរយៈ​គោលនយោបាយ​បែប​សន្តិភាព​របស់ខ្លួន​។​


 
​សម្រាប់​លោក រៀល ខេ​ម​រិ​ន្ទ្រ ការបង្កើត​បក្ស​ថ្មី​នេះ មិនមែន​ដើម្បី​ដើរតួរ​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ពោលគឺ​លោក​ចង់​ប្រើប្រាស់​នយោបាយ​បែប​ទន់ភ្លន់ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ ដែល​លោក​យល់ឃើញថា វា​ប្រសើរ​ជាង​ការរិះគន់​វាយប្រហារ​នយោបាយ​គ្នា​ទៅវិញទៅមក​។​
 
​ទង្វើ​របស់លោក រៀល ខេមរិន្ទ នេះ បានក្លាយ​ទៅជា​លំ​អាន​មួយ សម្រាប់​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​។ លោក ជីវ កត្តា លោក កង គឹម​ហាក់ និង​លោក ស៊ឹម សុវណ្ណនី ដែល​ទទួលបាន​សម្បទា​នយោបាយ​វិញ​នោះ ក៏​សម្រេច​ទៅ​បង្កើត​ឈ្មោះ «​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​»​។ 
 


លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រលាញ់ជាតិ ឈរកាន់មេក្រូឃោសនាពីនយោបាយបក្ស នៅស្រុក​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២០

​លោក កង គឹម​ហាក់ ធ្លាប់​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គោលបំណង​ដែល​បង្កើត​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ​នេះ ក្នុង​គោលដៅ​ស្មារតី​សង្គ្រោះ​ជាតិ បង្កើត​វប្បធម៌​នយោបាយ​ថ្មី បង្រួបបង្រួម​អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ ផ្សះផ្សារ​ជាតិ និង​តស៊ូ​មតិ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ នេះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រសួងមហាផ្ទៃ កាលពី​ខែមីនា ២០២០​។​
 
​ដោយឡែក​លោក អ៊ូ ច័ន្ទ​រ័ត្ន ក៏បាន​ស្នើសុំ​ក្រសួងមហាផ្ទៃ បង្កើត​ថ្មី​មួយ​ឈ្មោះ​«​គណបក្ស​កែទម្រង់​កម្ពុ​ជា​» ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១ មីនា​នេះ​។ ការបង្កើត​គណបក្ស​ថ្មី​នេះ ធ្វើឡើង​ក្រោយពី​លោក អ៊ូ ច័ន្ទ​រ័ត្ន លែង​សង្ឃឹមថា អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ រស់​ឡើងវិញ​។ ដ្បិត​បង្កើត​គណបក្ស​ថ្មី​មែន តែ​លោក អ៊ូ ច័ន្ទ​រ័ត្ន នៅតែ​គាំទ្រ និង​គោរព​វីរៈភាព​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែលជា​មេដឹកនាំ​គំរូ​នៅក្នុង​នយោបាយ​។ មិនតែប៉ុណ្ណោះ​លោក នឹង​យក​ចំណុចខ្លាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា មក​អនុវត្ត​នៅក្នុង​គណបក្ស​កែទម្រង់​កម្ពុជា ដើម្បី​ទទួលបាន​ប្រជាប្រិយភាព ប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។​


 
អត្ថបទទាក់ទង
 
 
​ចំណែក​មន្ត្រី​បក្សប្រឆាំង​ផ្សេងទៀត រួមមាន លោក ច័ន្ទ សិលា ,​លោកស្រី ទេព សុ​ទ្ធី​, លោក យឹម សុវណ្ណ​, លោក សុន ឆ័យ , លោក វ៉ា សាម៉ុន និង​លោក តាវ គឹមឈុន ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ដែរនោះ កំពុងតែ​នៅ​ស្ងាត់ស្ងៀម​។ រីឯ​លោក គង់ គាំ សម្រេច​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជា​កូនប្រុស​ពៅ​ខ្លួន​ម្នាក់ទៀត គឺ​លោក គង់ មូ​នី​កា ដែល​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ខណៈ​លោក គង់ បូរ៉ា ដែលជា​កូនប្រុស​លោក គង់ គាំ និង​លោកស្រី លី ស្រី​វី​ណា បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕

Tag:
 CNRP
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com