COVID-19
ជាតិ
មានកម្មករជាង៧០០នាក់ហើយ នៅរោងចក្រ Y&W ត្រូវយកសំណាកទៅធ្វើតេស្ត
02, Mar 2021 , 5:50 pm        
រូបភាព
លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោ អះអាងថា មកដល់ល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរ បានយកសំណាកកម្មករ៧១៨នាក់ហើយ ដែលបម្រើការងារនៅរោងចក្រ Y&W ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយទទួលព័ត៌មានថា កម្មករម្នាក់ជាស្រ្តី នៅរោងចក្រនេះ មានជំងឺកូវីដ-១៩។



លោក កេង ថា ប្រាប់សារព័ត៌មានថ្មីៗថា កម្មករ៧១៨នាក់នោះ គឺធ្វើការក្នុងអគារជាមួយកម្មករជាស្រ្តី ដែលមានជំងឺកូវីដ-១៩។ លោក បន្តថា រោងចក្រ Y&W ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានអគារច្រើន ដែលមានកម្មករសរុប៥ពាន់៣០នាក់។

អត្ថបទទាក់ទង

យ៉ាងណា លោក មិនទាន់ដឹងច្បាស់ឡើយថា មានកម្មករប៉ុន្មាននាក់ផ្សេងទៀត នៅរោងចក្រ Y&W នឹងត្រូវយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ហើយលោក ក៏មិនទាន់អាចឆ្លើយបានដែរថា រោងចក្រនេះ នឹងត្រូវបិទបណ្តោះអាសន្នឬយ៉ាងណា។ បើតាមមន្រ្តីផ្នែករដ្ឋបាលរូបនេះ អាជ្ញាធរខណ្ឌដង្កោ បានទទួលដំណឹងពីអនុគណៈកម្មការស្រាវជ្រាវនិងតាមដានករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី១ ខែមីនា ថា កម្មករជាស្រ្តីម្នាក់នៅរោងចក្រ Y&W ផ្ទុកជំងឺកូវីដ-១៩ លុះព្រឹកឡើង អាជ្ញាធរ ក៏ប្រញាប់ចុះទៅប្រមូលសំណាកពីកម្មករ នៅរោងចក្រនេះ យកទៅធ្វើតេស្ត៕

Tag:
 COVID-19
  កម្មករ
  រោងចក្រ Y&W
© រក្សាសិទ្ធិដោយ thmeythmey.com