ជាតិ
បាតុភូត​ភ្លៀង ផ្គរ រន្ទះ នៅ​តំបន់​មួយចំនួន​ពី​ខ្សោយ​ទៅ​ខ្លាំង​រហូតដល់​ថ្ងៃទី​៩ ខែមីនា
03, Mar 2021 , 7:59 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ភ្នំពេញ​៖ កម្ពុជា នឹងមាន​ភ្លៀង ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ខ្លាំង ចាប់ពី​ថ្ងៃទី​៣​មីនា ដល់​ថ្ងៃទី​៩ មីនា ឆ្នាំ​២០២១​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម ពន្យល់​នៅក្នុង​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃទី​២ មីនា​នេះ​ថា បាតុភូតធម្មជាតិ​ខាងលើនេះ​កើតឡើង​ដោយសារ​កម្ពុជា កំពុងស្ថិត​ក្នុងស្ថានភាព កម្រិត​សម្ពាធ​ទាប​ខ្សោយ គួបផ្សំ​នឹង​បម្រែបម្រួល​នៃ​ទិស​ខ្យល់ ព្រមទាំង​អន្តរកាល ពី​រដូវរំហើយ​មករ​ដូ​វ​ប្រាំង ដែល​បង្ក​ជា​បាតុភូត​កំណក​បរិយាកាស (CONDENSATION) នៅតាម​តំបន់​មួយចំនួន​។



​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែមីនា បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល នឹងមាន​ភ្លៀង ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ខ្លាំង ជាពិសេស​នៅតាម​បណ្ដា​ខេត្ត​ពាយ័ព្យ​។ នៅ​តំបន់​នេះ នឹងមាន​សីតុណ្ហភាព​អប្បបរមា​រង្វង់​ពី ២៣-២៦​អង្សា​សេ ខណៈ​សីតុណ្ហភាព​អតិបរមា មាន​រង្វង់​ពី ៣៣-៣៦​អង្សា​សេ​។ 
 
​ចំណែកឯ​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ក៏​នឹងមាន​ភ្លៀង ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ខ្លាំង​ដែរ​។ រីឯ​សីតុណ្ហភាព អប្បបរមា​វិញ គឺ​ដូចនឹង​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ដែរ គឺ​ក្នុង​រង្វង់ ២៣-២៦​អង្សា​សេ ខណៈ​សីតុណ្ហភាព​អតិបរមា មាន​រង្វង់​ពី ៣៣-៣៦​អង្សា​សេ​។ 
 
​តាម​ការព្យាករណ៍​ដដែល តំបន់​មាត់សមុទ្រ ក៏​នឹងមាន​ភ្លៀង ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ខ្លាំង​ដែរ ខណៈ​សីតុណ្ហភាព​អប្បបរមា មាន​ក្នុង​រង្វង់​ពី ២៣-២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​រង្វង់​ពី ៣២-៣៥​អង្សា​សេ​។ 
 
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមានឡើង នៅ​ថ្ងៃទី​៣ និង​ទី​៤ មីនា​ផងដែរ​៕

Tag:
 អាកាសធាតុ​
  ភ្លៀង​
  ផ្គរ​
  រន្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com