កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់​៖ ជប៉ុន នឹង​ទទួលភ្ញៀវ​អា​ហ្ស​ង់​ទីន ដើម្បី​ត្រៀម​អូឡាំពិក​
03, Mar 2021 , 8:29 am        
រូបភាព
​ក្រុមបាល់ទាត់​បុរស​អូឡាំពិក​របស់​ជប៉ុន​នឹងមាន​ការប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​អាយុ​ក្រោម ២៤ ឆ្នាំ នៅ​ចុងខែ​មីនា​។ សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​១ ខែមីនា ដែល​ជំនួប​នេះ​ធ្វើឡើង​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​។​



​ឈុត​អូឡាំពិក​ជប៉ុន និង U-24 អា​ហ្ស​ង់​ទីន​នឹងត្រូវ​ប៉ះគ្នា​២​ប្រកួត​។ ការប្រកួត​លើកដំបូង​នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Ajinomoto ក្នុង​ក្រុង​តូ​ក្យូ​នា​ថ្ងៃទី​២៦ ខែមីនា​មុនពេល​ដែល​ក្រុម​ទាំងពីរ​ត្រូវ​ជួបគ្នា​ម្តងទៀត​នៅ​៣​ថ្ងៃ​បន្ទាប់​ដែល​ធ្វើ​នៅ​កីឡដ្ឋាន Mikuni World ក្នុង​ទីក្រុង Kitakyushu​។​
 
​ការរៀបចំ​ការប្រកួត​នេះ ខណៈដែល​ជប៉ុន​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​លើ​អត្ត​ព​លិ​ក​បរទេស​ចូលទៅ​ទឹកដី​ខ្លួន​ដើម្បី​ទប់ស្កាត់​ការកើនឡើង​ជំងឺ COVID-19​។ ស្របពេល​គ្នា​នេះ JFA និយាយថា​ការប្រកួត​ទាំងពីរ​លើក​នេះ គឺ​អាស្រ័យ​លើ​ការដក​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ជប៉ុន ឬ​ការផ្តល់​ការលើកលែង​ពិសេស​ណាមួយ​។​
 
​យ៉ាងណាក៏ដោយ សារព័ត៌មាន​ជប៉ុន Nikkei ផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​ជប៉ុន​គ្រោង​នឹង​ដក​ការ​រឹតត្បិត​ក្រុង​មួយចំនួន​វិញ​នៅ​ថ្ងៃទី​៧ ខែមីនា ហើយ​ការហាមឃាត់​ការធ្វើដំណើរ​របស់​អត្ត​ព​លិ​កប​រទេស​ក៏​ដកចេញ​ផងដែរ​។​
 
​អា​ហ្ស​ង់​ទីន​ដែលជា​ម្ចាស់​ជើងឯក​អូឡាំពិក​ឆ្នាំ ២០០៤ និង ២០០៨ ទទួលបាន​កៅអី​ទៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​នឹង​ចាប់ផ្តើម​ប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២១​។ អា​ហ្ស​ង់​ទីន​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ចំនួន​ពីរ​ដែល​តំណាង​ក្រុម​ពី​អាមេរិក​ខាងត្បូង​ជាមួយ​ប្រេ​ស៊ី​ល​។​
 
​វិញ្ញាសា​កីឡាបាល់ទាត់​នៅ​អូឡាំពិក ត្រូវ​កំណត់​អាយុ​កីឡាករ​ចូលរួម​ក្រោម​២៣​ឆ្នាំ​សម្រាប់​ការប្រកួត​បុរស តែ​ក៏​អាច​បញ្ចូល​កីឡាករ​លើស​អាយុ​ចំនួន​៣​រូប​ក្នុង​មួយក្រុម​ផងដែរ​៕

Tag:
 JFA
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com