កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ កំពតបន្តចាញ់ បាត់ដំបងខកចិត្តដំបូង សៀមរាបឈ្នះ រីឯពូល A ស្មើ
02, Mar 2021 , 6:29 pm        
រូបភាព
ខ្សែប្រយុទ្ធ រ៉េន សុវីរៈ (ឆ្វេង) របស់សៀមរាប និងខ្សែការពារ  ខន សាមើឌី របស់ឧត្តរមានជ័យ។ រូបថត CNCC
ខ្សែប្រយុទ្ធ រ៉េន សុវីរៈ (ឆ្វេង) របស់សៀមរាប និងខ្សែការពារ ខន សាមើឌី របស់ឧត្តរមានជ័យ។ រូបថត CNCC
ដោយ: រួបរួម
ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត នារសៀលថ្ងៃអង្គារ ទី២ ខែមីនា នេះ សៀមរាប អេហ្វស៊ី និងកោះកុង អេហ្វស៊ី បាន៣ពិន្ទុនៅទឹកដីរៀងៗខ្លួន ខណៈបាត់ដំបងខកចិត្តលើកដំបូង រីឯជំនួបនៅកំពង់ឆ្នាំងបញ្ចប់ក្នុងលទ្ធផលស្មើ។

 
នៅទីលានវិទ្យាល័យកំពង់ត្រឡាចសម្រាប់ការប្រកួតពូល A មន្ទីរ អយក ខេត្តកំពង់ឆ្នាំង និងភ្ញៀវ ភ្នំពេញហ្គាឡាក់ស៊ី បញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ ភ្នំពេញហ្គាឡាក់ស៊ី រក្សាឈរលើកំពូលតារាងដោយមាន៥ពិន្ទុ ខណៈកំពង់ឆ្នាំង បាន៤ពិន្ទុស្មើខេត្តកំពង់ស្ពឺ រីឯតាកែវ មិនទាន់ពិន្ទុរាប់។ 
 
ក្នុងពូល B ស.ស.យ.ក ខេត្តបាត់ដំបង ទទួលរងនូវការខកចិត្តឡើងដំបូង ក្រោយឈ្នះ២ប្រកួតជាប់គ្នា។ ខេត្តបន្ទាយមានជ័យ បានផ្តល់មេរៀនខកចិត្តសម្រាប់ម្ចាស់ផ្ទះនៅទីលានវិទ្យាល័យ នេត យ៉ង់។ ជាមួយនឹងលទ្ធផល ២-០ បន្ទាយមានជ័យឡើងឈរលើតារាងដោយមាន៧ពិន្ទុ បាត់ដំបងធ្លាក់ទៅលេខ២ ដោយមាន៦ពិន្ទុ ខណៈប៉ៃលិនមាន១ពិន្ទុ និងពោធិ៍សាត់គ្មានពិន្ទុ។
 
សម្រាប់ពូល C សៀមរាប អេហ្វស៊ី បានទទួលជ័យជម្នះ ២-១ លើខេត្តឧត្តរមានជ័យ នាកីឡដ្ឋានស្វាយធំ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមទាំងបីក្នុងពូល ដែលរួមទាំងកំពង់ធំផងដែរនោះ មាន៣ពិន្ទុស្មើៗគ្មា។
 
នៅពូល F ឯណោះវិញ កោះកុង អេហ្វស៊ី បានយកឈ្នះ កំពត ដល់ទៅ ៥-០ នៅទីលានវិទ្យាល័យកោះកុង។ កោះកុងឡើងទៅលើកំពូលតារាងបណ្តោះអាសន្ន ដោយមាន៧ពិន្ទុ ខណៈកែបមាន៤ពិន្ទុ ខេត្តព្រះសីហនុ មាន៣ពិន្ទុ រីឯកំពតចាញ់ទាំង៣ប្រកួតដំបូងរបស់ខ្លួន៕ 
 

Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com