ជាតិ
សង្គមជាតិ
«គន្ធា» និងសុនខ៥ក្បាលទៀត ត្រូវបានបញ្ជាទិញដើម្បីទៅដោះមីននៅស៊ូដង់ខាងត្បូង អ៊ីរ៉ាក់ និងតួកគី សុនខ ឈ្មោះគន្ធា បានឡើងយន្តហោះពីកម្ពុជាទៅប្រទេសស៊ូដង់ខាងត្បូង កាលនៅថ្ងៃទី២៨ កុម្ភ: ឆ្នាំ២០២១។ រូបថត៖ គណនីហ្វេសប៊ុក Heng Rotana
× ភ្នំពេញ៖ «សុនខ»ហិតមីនរបស់កម្ពុជា៦ក្បាល ដែលទទួលបានការហ្វឹកហ្វឺនដោយអ្នកបច្ចេកទេសមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ត្រូវបានអង្គការ APOPO ទិញយកទៅបំពេញភារកិច្ចដោះមីននៅប្រទេសស៊ូដង់ខាងត្បូង អ៊ីរ៉ាក់ និងតួកគី។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា នេះ ជាមោទកភាពដែលកម្ពុជាប្រឹងប្រែងរហូតសម្រេចជោគជ័យក្នុងការបង្កើតជំនាញសត្វ«សុនខ» ហិតមីនដោយខ្លួនឯងបាន១០០ភាគរយ នារយៈពេល៣ឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេលជាង២០ឆ្នាំមុន ការចូលរួមកម្លាំងជំនាញរបស់សត្វ«សុនខ» ក្នុងការរំដោះមីននៅតាមតំបន់នានា ក្នុងទឹកដីកម្ពុជា គឺបានពីជំនួយ និងការបញ្ជទិញពីបរទេស។ លោក រតនា និយាយថា ប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី២មីនា ថា៖« ពីមុនអ្វីៗ គឺយើងពឹងផ្អែកលើបរទេសទាំងស្រុង។ ប៉ុន្តែ បច្ចុប្បន្ន កម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់ ទាំងការបង្កាត់ពូជសត្វសុនខហិតមីនបានដោយខ្លួន ទាំងការហ្វឹកហ្វឺនបច្ចេកទេស ឬជំនាញរបស់សត្វសុនខ ហើយថែមទាំងអាចនាំចេញសុនខទាំងនេះទៅបរទេស ដើម្បីជួយគេវិញបានទៀត»។
ភាពជោគជ័យដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានេះ គឺបន្ទាប់ពីបានចំណាយពេលអស់១៨ឆ្នាំ ក្នុងការខិតខំបង្កាត់ពូជសត្វសុនខ និងហ្វឹកហ្វឺនជំនាញហិតមីន ដោយអ្នកបច្ចេកទេសនៅក្នុងស្រុក។ នេះជាការលើកឡើងរបស់លោក ហេង រតនា ដោយបន្តថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនឯង ដោយខិតខំបង្កាត់ពូជសត្វសុនខជំនាញហិតមីន និងហ្វឹកហ្វឺនជំនាញឬបច្ចេកទេសស្វែងរកមីននៅកម្ពុជា តាំងពីឆ្នាំ២០០២មក រហូតដល់ឆ្នាំ២០១៨ ទើបទទួលបានជោគជ័យ។
បច្ចុប្បន្ន កម្ពុជា មានសត្វ«សុនខ»ហិតមីន ឬស្វែងរកមីនដែលកំពុងប្រតិបតិ្តការជាង១០០ក្បាល ដែលមានអ្នកប្រើប្រាស់ ឬបញ្ជាលើសត្វសុនខទាំងនោះ ចំនួន១៦៨នាក់។ លោក ហេង រតនា បានបញ្ជាក់ថា៖« ចំនួនសត្វសុនខ ដែលយើងបានហ្វឹកហ្វឺន និងកំពុងប្រតិបត្តិការជួយរំដោះមីននេះ គឺយើងមិនរាប់បញ្ចូលនូវចំនួនសត្វសុនខដែលបានចូលនិវត្តន៍ និងកំពុងហ្វឹកហ្វឺននោះទេ»។
កម្ពុជាទទួលបានជំនួយជាសត្វសុនខជំនាញហិតមីន ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៧ ពីកងទ័ពនៃប្រទេសស៊ុយអែត បន្ទាប់មកពីរដ្ឋាភិបាលន័រវេស និងអង្គការNPA។ ក្រោយមកទៀត កម្ពុជា បានបញ្ជាទិញ សុនខពីប្រទេសអាឡឺម៉ង់ ស៊ុយអែត ប៊ែលហ្សិក ប៊ូសសៀរ ជាដើម ដើម្បីជួយរំដោះមីន នៅតាមតំបន់មីននានា ដែលបានបន្សល់ពីសម័យសង្គ្រាមស៊ីវិល។ នេះបើលោក ហេង រតនា។
APOPO ជាអង្គការដោះមីនអន្តរជាតិប្រើប្រាស់ជំនាញសត្វកណ្តុរ (HeroRATs) ដែលទីស្នាក់ការកណ្តាលនៅក្រុង Morogoro ប្រទេសតង់ហ្សានី ហើយជួយពង្រឹងប្រតិបត្តិការដោះមីននៅអាហ្វ្រិក ដូចជាអង់ហ្គោឡា មូសំប៊ិក និងតង់ហ្សានីជាដើម។ នៅអាស៊ី អង្គការនេះ ក៏មានកិច្ចសហប្រតិបត្តការជាមួយភាគីកម្ពុជា និងថៃផងដែរ។
Tag:
សុនខ
មីន
លោក ហេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com