កីឡាអន្តរជាតិ
អន្តរជាតិ
វីវបុរសបាល់ទាត់ Pele ចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ
03, Mar 2021 , 10:23 am        
រូបភាព
ស្តេចបាល់ទាត់ Pele បានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 រួចហើយ នៅថ្ងៃទី២ ខែមីនា ចំពេលដែលប្រេស៊ីលមានអ្នកស្លាប់ជាកំណត់ត្រារហូតដល់ជាង១៧២០នាក់ក្នុងមួយថ្ងៃ។

Pele វីរបុរសប្រេស៊ីល វ័យ៨០ឆ្នាំ បានបង្ហោះរូបភាពរបស់ខ្លួនអំឡុងពេលទទួលការចាក់វ៉ាក់សាំងដូសទី១នៅលើបណ្តាញសង្គម Instagram ដោយលើមេដៃជាសញ្ញាផង។
«ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបាន។ ខ្ញុំបានទទួលវ៉ាក់សាំងហើយ!»។ អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Santos និង New York Cosmos សរសេរដូច្នេះ ប៉ុន្តែមិនបានបញ្ជាក់ថា វ៉ាក់សាំងដែលខ្លួនចាក់នោះឈ្មោះអ្វីឡើយ។
 
តាមរយៈការទទួលវ៉ាក់សាំលើកទី១នេះ Pele បានផ្តែផ្តាំមនុស្សជុំវិញពិភពលោកឱ្យប្រយ័ទ្ធនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ ដ្បិតវាមិនទាន់រលត់ពីផែនដីនៅឡើយទេ។ «យើងត្រូវតែរក្សាវិន័យដើម្បីការពារជីវិតរហូតដល់មានមនុស្សក្នុងចំនួនច្រើនបានចាក់វ៉ាក់សាំងនេះ។ សូមបន្តលាងដៃរបស់អ្នក ហើយស្នាក់នៅក្នុងផ្ទះប្រសិនបើមិនមានការចាំបាច់អ្វីទេ។ បើអ្នកចេញទៅក្រៅ សូមកុំភ្លេចរបាំងមុខរបស់អ្នក និងរក្សាចម្ងាយសុវត្ថិភាព»។
 
គិតត្រឹមថ្ងៃទី៣ ខែមីនានេះ ប្រេស៊ីលបានកើនចំនួនអ្នកស្លាប់ដល់ជាង ២៥៧៥៦០ករណីដោយសារ COVID-19 ពោលគឺស្ថិតនៅលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់ចំនួនករណីឆ្លងវិញ ប្រេស៊ីលមានស្ថិតនៅលំដាប់ថ្នាក់ទី៣បន្ទាប់ពី ឥណ្ឌា និងអាមេរិក ក្នុងចំនួនជិត១១លានករណី៕
 

Tag:
 COVID-19
  Pele
© រក្សាសិទ្ធិដោយ thmeythmey.com