COVID-19
ជាតិ
កម្មករ៧១៦នាក់ នៅរោងចក្រ Y&W អវិជ្ជមានកូវីដ-១៩
03, Mar 2021 , 12:50 pm        
រូបភាព
ទិដ្ឋភាពនៅមុខរោងចក្រ Y&W
ទិដ្ឋភាពនៅមុខរោងចក្រ Y&W
ដោយ: ថ្មីៗ
ក្នុងចំណោមកម្មករ-ការិនី៧១៦នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានយកសំណាកទៅធ្វើតេស្ត គ្មានអ្នកណាម្នាក់ ផ្ទុកជំងឺកូវីដ-១៩ឡើយ។ នេះបើតាមលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ដែលផ្សាយលើទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

 
 
ការយកសំណាកកម្មករ-កម្មការិនីទាំង៧១៦នាក់ ទៅធ្វើតេស្ត គឺបន្ទាប់ពីរកឃើញកម្មការិនីវ័យ៤៨ឆ្នាំម្នាក់ ដែលបម្រើការងារនៅរោងចក្រ Y&W នេះ ផ្ទុកជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត ជី មានហេង ប្រធានមន្ទីរសុខាភិបាលភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីកម្មករ-កម្មការិនីទាំង៧១៦នាក់នោះ ក្រុមគ្រូពេទ្យ ប្រហែលជាគ្មានគម្រោងយកសំណាកកម្មករ-កម្មការិនីផ្សេងទៀត នៅរោងចក្រ Y&W ទៅធ្វើតេស្តឡើយ។ 
 
លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោ អះអាងថា កម្មករ-កម្មការិនីទាំង៧១៦នាក់នោះ គឺធ្វើការក្នុងអគារ D8 ជាមួយកម្មការិនី ដែលផ្ទុកជំងឺកូវីដ-១៩ ដូច្នេះហើយទើបពួកគេ ត្រូវយកសំណាកទៅធ្វើតេស្ត។ លោក បន្តថា ចំពោះកម្មករ-កម្មការនី ដែលធ្វើក្នុងអគារផ្សេងទៀត ប្រហែលជាមិនត្រូវយកសំណាកទៅតេស្តនោះទេ។ លោក បន្ថែមថា កម្មករ-កម្មការិនីសរុបនៅរោងចក្រ Y&W មានជាង៥ពាន់នាក់។ 
 
មន្រ្តីរដ្ឋបាលខណ្ឌដង្កោរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា អគារ D8 ត្រូវបានបិទបណ្តោះអាសន្ន ខណៈអគារផ្សេងទៀត របស់រោងចក្រ Y&W នេះ នៅដំណើរការធម្មតា។ លោក ផ្តល់ព័ត៌មានថា មកដល់ពេលនេះ ក្នុងចំណោមកម្មករ-កម្មការិនី៧១៦នាក់នោះ មាន៤០ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។ តែលោក មិនទាន់ដឹងព័ត៌មានបន្ថែមឡើយថា អាចមានកម្មករ-កម្មការិនីផ្សេងទៀត នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កដែរឬអត់។ 
 
កាលពីព្រឹកថ្ងៃទី២ ខែមីនា អាជ្ញាធរ បានចុះទៅប្រមូលសំណាកពីកម្មករ-កម្មការិនី នៅរោងចក្រ Y&W យកទៅធ្វើតេស្ត ក្រោយទទួលបានដំណឹង កាលពីយប់ថ្ងៃទី១ ខែមីនា ថា មានកម្មការិនីម្នាក់ ដែលធ្វើការរោងចក្រនេះដែរ បានផ្ទុកជំងឺកូវីដ-១៩៕ 
 
 

Tag:
 COVID-19
  កម្មកររោងចក្រ Y&W
© រក្សាសិទ្ធិដោយ thmeythmey.com