ជាតិ
តំណាងកម្ពុជា ស្នើឲ្យមន្ត្រីជាន់ខ្ពស់UN គោរពគោលការណ៍មិនជ្រើសយកព័ត៌មានតែមួយជ្រុង
03, Mar 2021 , 1:59 pm        
រូបភាព
លោក អាន សុខខឿន (ខាងឆ្វេង) និង លោកស្រី មីឆែល បាឆែឡិត (ខាងស្ដាំង)។
លោក អាន សុខខឿន (ខាងឆ្វេង) និង លោកស្រី មីឆែល បាឆែឡិត (ខាងស្ដាំង)។
ភ្នំពេញ៖ កម្ពុជាស្នើឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពគោលការណ៍មិនជ្រើសយកព័ត៌មានតែមួយជ្រុង ដើម្បីរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្ស។ ការទទូចស្នើសុំនេះ ធ្វើឡើងក្រោយលោកស្រី មីឆែល បាឆែឡិត ឧត្តមស្នងការអង្គការសិទ្ធិមនុស្សនៃសហប្រជាជាតិ បានបង្ហាញពីការធ្លាក់ចុះសិទ្ធិមនុស្សនៅកម្ពុជាក្នុងកិច្ចប្រជុំលើទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។


លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់ឧត្តមស្នងការ ដែលមិនបានដាក់បញ្ចូលនូវការសម្រេចរបស់រដ្ឋាភិបាល ទៅឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយបែរជាចោទប្រកាន់ដែលផ្អែលលើរបាយការណ៍តែម្ខាងទៅវិញ។ 
 
«ក្នុងន័យនេះ ដូចគណៈប្រតិភូដទៃជាច្រើនទៀត កម្ពុជាសូមស្នើយ៉ាងទទូចឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សគោរពឲ្យបាននូវគោលការណ៍មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម...»។ នេះបើតាមលិខិតបទអន្តរាគមន តំណាងអចន្ត្រៃយ៍កម្ពុជាលោក អាន សុខខឿន។ 
 
កាលពីថ្ងៃទី២៦កុម្ភៈ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី មីឆែល បាឆែឡិត បានបញ្ហាពីការព្រួយបារម្ភជុំវិញស្ថានភាពសិទ្ធិនៅកម្ពុជាយ៉ាងខ្លាំង ពិសេសលើសិទ្ធប្រមូលផ្ដុំគ្នាដោយសន្តិវិធី។ ជាពិសេសការឃាត់ខ្លួនសកម្មជន ការពារសិទ្ធិមនុស្សនិងបិរិស្ថាន រួមទាំងអ្នកសារព័ត៌មានផងដែរ។ 
 
លោកស្រ្តីថ្លែងក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖ «ខ្ញុំមានកង្វល់ជាពិសេសអំពីការធ្លាក់ចុះយ៉ាងខ្លាំងនូវលំហពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដែលវិធានការច្បាប់ និងរដ្ឋបាល មិនសមាមាត្រ កំពុងកើនឡើង កំណត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការប្រជុំរបស់សមាគម និងសេរីភាពព័ត៌មាន»។ បើតាមលោកមីឆែល បាឆែឡិត ក្រៅពីកម្ពុជា ក៏មានប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន រួមមាន ភូមា ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ឡាវ និងថៃផងដែរ។
 
តែយ៉ាងណាតំណាងកម្ពុជា បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកដុះដាលយ៉ាងរស់រវើក ដែលក្នុងនោះមានជិត២ពាន់អង្គភាព។ ចំណែកគណនីហ្វេសប៊ុកជិត១២លានស្មើនឹង៧០ភាគរយនៃពលរដ្ឋកម្ពុជា បញ្ចេញទស្សនៈទិះទៀន ដោយសេរីចំពោះកិច្ចការសាធារណៈរបស់រដ្ឋាភិបាល។ លើសពីនេះ រាល់វិធានការទាំងអស់រដ្ឋបាល សុទ្ធសឹតតែអនុវត្តតាមព្រំសែននៃច្បាប់៕
 
 

Tag:
 សិទ្ធិមនុស្ស
  UN
© រក្សាសិទ្ធិដោយ thmeythmey.com