អន្តរជាតិ
អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ប្តឹង​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​អាល្លឺម៉ង់​រឿង​ឃាតកម្ម​អ្នកកាសែត Kashoggi
03, Mar 2021 , 7:59 pm        
រូបភាព
ដោយ:
​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) បាន​ប្តឹង​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman ទៅ​ការិយាល័យ​រដ្ឋអាជ្ញា​អាល្លឺម៉ង់​លើ​ករណី​ឃាតកម្ម​អ្នកកាសែត Jamal Kashoggi កាលពី​ឆ្នាំ​២០១៨​។ រជ្ជទាយាទ​អង្គ​នេះ និង​បុគ្គល​ចំនួន​៤​រូប​ផ្សេងទៀត ត្រូវបាន​ប្តឹង​ចំពោះ​ការសង្ស័យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការឃុំខ្លួន​ដោយ​បង្ខំ​អ្នកកាសែត​ចំនួន​៣៤​នាក់​។​


​ពាក្យបណ្តឹង​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ប្រឆាំង​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman និង​មនុស្ស​៤​រូប​ផ្សេងទៀត​នៅ​ប្រព័ន្ធតុលាការ​អាល្លឺម៉ង់ ធ្វើឡើង​បន្ទាប់ពី​ការចេញផ្សាយ​របាយការណ៍​នៃ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក បញ្ជាក់ថា​ទ្រង់​ជា​អ្នក​បើកផ្លូវ​បើកផ្លូវ​ដល់​ប្រតិបត្តិការ​តាម​ចាប់ ឬ​សម្លាប់​លោក Kashoggi ដែល​រិះគន់​ការដឹកនាំ​របស់​ទ្រង់​ជារឿយៗ​។ អាមេរិក ក៏​សម្រេច​មិន​ដាក់ទណ្ឌកម្ម​រជ្ជទាយាទ​អង្គ​នេះដែរ ដោយ​មិន​ចង់​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​
 
​ក្នុង​ពាក្យបណ្តឹង​ដាក់ជូន​រដ្ឋអាជ្ញា​អាល្លឺម៉ង់​នៅ​ថ្ងៃទី​២ ខែមីនា សា​ខាង RSF ប្រចាំ​អាល្លឺម៉ង់​ស្នើឱ្យ​រដ្ឋអាជ្ញា​វិភាគ​ស្ថានការណ៍​ខាងលើ ដោយ​បើក​ការស៊ើបអង្កេត​ជា​ផ្លូវការ​និង​ចេញ​ដីការ​ចាប់ខ្លួន​។ ពាក្យបណ្តឹង​នោះ​ចោទរ​ជ​ជ្ជ​ទាយាទ លោក Saud al-Qahtani ដែលជា​ទីប្រឹក្សា និង​មន្ត្រីជាន់ខ្ពស់​បី​រូប​ផ្សេង​ទៀតថា ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​លើ​ឧក្រិដ្ឋកម្ម​ទាំងនោះ​។​
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន RSF លើកឡើងថា អ្នកកាសែត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ជន​ស៊ីវិល និង​ជា​ជនរងគ្រោះ​ក្នុងការ​វាយប្រហារ​ដែល​មាន​លក្ខណៈ​សុសសាយ (widespread) និង​ជា​ប្រព័ន្ធ​(systematic) ហើយ​មូលហេតុ​នយោបាយ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​រដ្ឋ​ក្នុងការ​ពិន័យ ឬ​បំបិទ​សំឡេង​ពួកគេ​។ លក្ខណៈ​សុសសាយ ឬ​ជា​ប្រព័ន្ធ ជា​លក្ខខណ្ឌ​មួយ​ក្នុងការ​ពិចារណា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ មុននឹង​ពិនិត្យ​ទៅលើ​ធាតុ​ផ្សំ​ផ្សេងទៀត​នៃ​បទឧក្រិដ្ឋ​នេះ​។​
 
​ហេតុដែល RSF ដាក់ពាក្យ​បណ្តឹង​ទៅ​រដ្ឋអាជ្ញា​អាល្លឺម៉ង់ ក៏​ដោយសារតែ​ក្រមព្រហ្មទណ្ឌ​អាល្លឺម៉ង់​អនុញ្ញាតឱ្យ​ទទួលយក​រឿង​ក្តី​ដែល​ស្ថិតក្នុង​យុត្តាធិការ​អន្តរជាតិ​។ យុត្តាធិការ​អន្តរជាតិ ជា​ផ្នែក​មួយ​នៃ​យុត្តាធិការ​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ និង​អនុញ្ញាតឱ្យ​រដ្ឋ​នីមួយៗ​ស៊ើបអង្កេត កាត់ក្តី ឃុំខ្លួន និង​ដាក់ពន្ធនាគារ​នូវ​បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដូចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ទារុណកម្ម​ជាដើម​។​
 
​យុត្តាធិការ​អន្តជាតិ ក៏​ត្រូវបាន​អ្នកច្បាប់​ចំនួន​ទទួលស្គាល់​ជា​ទម្លាប់​ច្បាប់​អន្តជាតិ​ផងដែរ​។ ជាក់ស្តែង​លោកស្រី​ចៅក្រម Van Den Wyngaert នៃ​តុលាការ​យុត្តិធម៌​អន្តជាតិ អះអាងថា យុត្តាធិការ​អន្តរជាតិ​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​
 
​ការប្រើប្រាស់​យុត្តាធិការ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ទំនួល​ខុសត្រូវ​ការពារ (Responsibility to Protect) ដែល​ជំរុញ​ឱ្យ​រដ្ឋ​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា ឬ​ការទូត​ក្នុងការ​បញ្ឈប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទាំងនោះ​។ ជាទូទៅ យុត្តាធិការ​នេះ​ត្រូវ​យកមកប្រើ បើទោះបីជា​ជនជាប់ចោទ​មិនមែនជា​ជនជាតិ​នៃ​រដ្ឋ​ដែល​កាត់ក្តី នោះ និង​បើទោះបីជា​ប្រយោជន៍​នៃ​រដ្ឋ​នោះ​មិន​ត្រូវបាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយ​ឧក្រិដ្ឋកម្ម​ក៏ដោយ​។ អង់គ្លេស អាមេរិក អេ​ស្ប៉ា​ញ​ធ្លាប់ប្រើ​យុត្តាធិការ​ទាំងនេះ​ដើម្បី​កាត់ទោស​បុគ្គល​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​
​ការប្រើប្រាស់​យុត្តាធិការ​អន្តរជាតិ មិនមែនជា​រឿង​ថ្មី​ឡើយ​សម្រាប់​អាល្លឺម៉ង់​។ កាលពី​សប្តាហ៍​កន្លងទៅ តុលាការ​អាល្លឺម៉ង់​បាន​កាត់ក្តី​ភ្នាក់ងារ​ចារកិច្ច​ស៊ី​រី​ឱ្យ​ជាប់​ព​ន្ធា​គារ​៤​ឆ្នាំកន្លះ ចំពោះ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដោយ​ធ្វើ​ទារុណកម្ម​លើ​អ្នកប្រឆាំង​រដ្ឋាភិបាល​។ ក្នុង​សំណុំរឿង​នោះ រដ្ឋអាជ្ញា​អាល្លឺម៉ង់​បាន​ប្រើ​យុត្តាធិការ​អន្តរជាតិ​។​
 
​ការប្រើប្រាស់​យុត្ត​ធិ​ការ​អន្តរជាតិ​ដែល​គួរឱ្យកត់សម្គាល់​គឺ​ការកាត់ទោស​អតីត​មេដឹកនាំ​ណា​ស៊ី​លោក​Adolf  Eichmann ដែល​រត់គេច​ទៅ​អា​ហ្ស​ង់​ទីន និង​ត្រូវបាន​ចារកិច្ច​អ៊ីស្រាអែល​តាម​ចាប់​ក្នុង​ឆ្នាំ​១៩៦១ បន្ទាប់មក​បញ្ជូនមក​អ៊ីស្រាអែល​វិញ​ដើម្បី​កាត់ក្តី​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ជ្វី​ហ្វ ក្នុង​សង្គ្រាមលោកលើកទីពីរ​។ ចាប់ពី​ឆ្នាំ​១៩៦១ ដល់​២០១៨ មានរឿង​ក្តី​ចំនួន​៥២​ដែល​ប្រើប្រាស់​យុត្តាធិការ​នេះ ក្នុងប្រទេស​ចំនួន​១៦​។ បន្ថែម​ពីនេះ ប្រទេស​ចំនួន​១៤៧ អនុញ្ញាតឱ្យ​ប្រព័ន្ធតុលាការ​ប្រើ​យុត្តាធិការ​អន្តរជាតិ​។​
 
​ជាទូទៅ គេ​ត្រូវ​ឆ្លង​ដំណាក់កាល​ចំនួន​៣​ដែល​ត្រូវមាន មុននឹង​អនុវត្ត​យុត្តាធិការ​អន្តរជាតិ​បាន​។ នោះ គឺ​ទី​១ គឺ​ការកំណត់​ឱ្យបាន​ជាក់លាក់​ពី​មូលដ្ឋាន​ក្នុង​ការប្រើ​យុត្តាធិការ​នេះ​, ទី​២​ការកំណត់​និយមន័យ​ឱ្យបាន​ជាក់លាក់​ពី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត ក៏ដូចជា​ធាតុ​ផ្សំ និង​ទី​៣​គឺ​មធ្យោបាយ​ដែល​អនុញ្ញាតឱ្យ​តុលាការ​អនុវត្ត​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​នោះ​៕
 
 
 

Tag:
 RSF
 ​អាល្លឺម៉ង់​
 ​អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com