កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេស គាំទ្រអង់គ្លេស និងអៀរឡង់ដេញថ្លៃរៀប World Cup ឆ្នាំ២០៣០
03, Mar 2021 , 6:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson គាំទ្រឱ្យចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ដេញថ្លៃរួមគ្នាដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣០។



បើតាមការចុះផ្សាយរបស់កាសែត BBC លោក Johnson និយាយថា នេះជាពេលវេលាដ៏សក្តិសមបំផុត សម្រាប់អង់គ្លេស និងសាធារណរដ្ឋអៀរឡង់ក្នុងការចាប់ដៃគ្នារៀបចំកីឡាដ៏មានប្រជាប្រិយមួយនេះ។ អ្វីដែលពិសេសនោះ រដ្ឋាភិបាលចក្រភពអង់គ្លេសថែមទាំងសន្យាផ្តល់ប្រាក់ ២,៨ លានផោន (ជិត៤លានដុល្លារអាមេរិក) សម្រាប់ចាប់ផ្តើមដំណើរការរៀបកញ្ចប់ថវិការដេញថ្លៃនៅថ្ងៃទី៣ ខែមីនានេះផង។
 
«យើងពិតជាចង់នាំយកព្រឹត្តិការណ៍បាល់ទាត់នេះទៅផ្ទះរបស់យើងនៅឆ្នាំ ២០៣០»។ នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងដូច្នេះក្នុងបទសម្ភាសជាមួយ The Sun មុនបន្ថែមថា៖ «ខ្ញុំគិតថានេះជាកន្លែងដែលត្រឹមត្រូវ។ អង់គ្លេសជាផ្ទះបាល់ទាត់ វាជាពេលវេលាដ៏ល្អបំផុត ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាប្រវត្តិសាស្ត្រអស្ចារ្យបំផុតសម្រាប់ប្រទេសនេះ»។ 
 
ក្រោយទទួលដំណឹងនេះ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស, វែលស៍, ស្កុតឡែន, អៀរឡង់ខាងជើង និងអៀរឡង់បង្ហាញក្តីរីករាយយ៉ាងខ្លាំងជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអង់គ្លេស។
ការសិក្សាលទ្ធភាពដេញថ្លៃនឹងបន្តដំណើរការដល់មុនពេលការប្រកួត World Cup ឆ្នាំ ២០២២ នៅកាតា ចាប់ផ្តើម។ អង់គ្លេសដែលមានលីគកីឡាបាល់ទាត់មានឈ្មោះល្បីពេញពិភពលោក និងមានកីឡដ្ឋានកម្រិតស្តងដាជាច្រើន ធ្លាប់ដឹកនាំធ្វើម្ចាស់ផ្ទះ World Cup ម្តងនៅឆ្នាំ ១៩៦៦ និងជាម្ចាស់ជើងឯកផងដែរ៕
 

Tag:
 Boris Johnson
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com