ជាតិ
មេអណ្ដើក​ហ្លួង​ដែល​ចិញ្ចឹម​នៅ​កោះកុង​៥​ក្បាល ពង​បាន​ជាង​៧០​ពង​ជា​លើកដំបូង​
04, Mar 2021 , 7:59 am        
រូបភាព
អណ្ដើកហ្លួងដែលថតដោយកាមេរាស្វ័យប្រវិត្ត(រូបពីWCS)
អណ្ដើកហ្លួងដែលថតដោយកាមេរាស្វ័យប្រវិត្ត(រូបពីWCS)
ដោយ:
​មេអណ្ដើក​ហ្លួង​ចិញ្ចឹម​ចំនួន​៥​ក្បាល បាន​ពង ៧១​ពង​លើកដំបូង​លើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​។ មេអណ្ដើក​ហ្លួង​ទាំងនោះ ជា​អណ្ដើក​ដែល​ក្រុមការងារ​បាន​យកទៅ​ចិញ្ចឹម​ថែទាំ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​ប្រមាណ​១០​ឆ្នាំមុន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS)​។​

 
​លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​កោះកុង​និង​មេគង្គ​នៃ​អង្គការ WCS បាន​លើកឡើងថា​៖ «​នេះ​ជា​លើកទីមួយ ដែល​អណ្ដើក​ហ្លួង​ចិញ្ចឹម​នៅក្នុង​មជ្ឈមណ្ឌល​នេះ បាន​ពង ក្រោយពេល​មេអណ្ដើក​ហ្លួង​ទាំងនោះ ត្រូវបាន​យកមក​ចិញ្ចឹម​ថែទាំ​កាលពី​ឆ្នាំ​២០០៦​មក​។ ក្រុមការងារ​នឹង​ពិភាក្សាគ្នា​ថា​ត្រូវ​សាងសង់​សម្បុក​សប្ប​និម្មិត ដើម្បី​ភ្ញាស់​ពង​ទាំងនេះ ឬមួយ​ទុក​វា​ឲ្យ​ញាស់​ក្នុង​សភាព​ដើម​»​។​
 
​ជាមួយគ្នានេះ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​បាន​លើកឡើងថា​៖«​យើង​មាន​មោទកភាព​ណាស់​ដែល​ទទួលលទ្ធផល​ដ៏​អស្ចារ្យ​នេះ​។ រដ្ឋបាល​ជលផល លើកទឹកចិត្ត និង​គាំទ្រ​ពេញទំហឹង​ឲ្យ​បន្ត​កិច្ចការ​ស្រាវជ្រាវ​នេះ ដើម្បី​សម្រេច​គោលដៅ​ក្នុង​ពេលអនាគត​។ អណ្ដើក​ហ្លួង ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ នឹងមាន​វត្តមាន​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​»​។​


 
​ការបង្ក​កំណើត​របស់​សត្វ​អណ្ដើក​ហ្លួង​នាពេលនេះ ជា​គោលដៅ​អភិរក្ស​មួយ​សម្រាប់​ស្ដារ​ប្រភេទ​អណ្ដើក​ហ្លួង​ដែល​ជិត​ផុត​ពូជ​នេះ​ឡើងវិញ​ក្នុងប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា​គម្រោង​នេះ​នឹង​ជួយ​ឲ្យ​ចំនួន​អណ្ដើក​ហ្លួង​កាន់តែច្រើន​ក្នុង​មជ្ឈមណ្ឌល​នេះ និង​អាច​យកទៅ​លែង​ក្នុង​ជម្រក​ធម្មជាតិ​របស់​វា​វិញ​។ នេះ​បើតាម អង្គការ WCS​។​
 
​មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​ខេត្តកោះកុង មាន​អណ្ដើក​ហ្លួង​ចំនួន ១៩២​ក្បាល​។ បន្ទាប់ពី​បាន​រកឃើញ​វត្តមាន​សត្វ​ប្រភេទ​នេះ​ជាថ្មី​នៅ​ឆ្នាំ​២០០០ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល​បាន​បង្កើត​កម្មវិធី​ការពារ​សម្បុក​ដោយបាន​ជ្រើសរើស​អតីត​អ្នកដើរ​ប្រមូល​ពងអណ្ដើក​ឲ្យ​ធ្វើជា​អ្នកការពារ​សម្បុក​អណ្ដើក​៕



Tag:
 អណ្ដើក​ហ្លួង​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com