កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​មេដាយ​អូឡាំពិក​អ៊ីរ៉ង់​ដែល​ភៀសខ្លួន​ទៅ​អាល្លឺម៉ង់ ចង់​លេង​អូឡាំពិក​នៅ​តូ​ក្យូ​
04, Mar 2021 , 8:29 am        
រូបភាព
​ម្ចាស់​មេដាយ​តេ​ក្វាន់​ដូ​អូឡាំពិក​ស្ត្រី​អ៊ីរ៉ង់ Kimia Alizadeh ដែល​ត្រូវ​បានផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​អាល្លឺម៉ង់ មានបំណង​ចូលរួម​ក្នុង​ក្រុម​ជនភៀសខ្លួន​អូឡាំពិក​ក្រោម​ទង់​ពណ៌​ស ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ រដូវក្តៅ​នេះ​។​


អត្ថបទទាក់ទង

 Alizadeh កីឡាការិនី​អ៊ីរ៉ង់​តែមួយគត់​ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​តេ​ក្វាន់​ដូ​នៅ​អូឡាំពិក​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ ២០១៦ បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ​២០២០ ដោយសារ​នាង​មិនអាច​ទ្រាំ​រស់នៅ​ក្រោម​ការជិះជាន់ និង​ភាពអយុត្តិធម៌​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​
 
​មុនពេល​សម្រេច​ជ្រើស​យក​អាល្លឺម៉ង់ កីឡាការិនី​វ័យ​២២​ឆ្នាំ​រូបនេះ មានការ​ផ្តល់ជូន​ពី​ប្រទេស​ឋានៈ​ជា​ជនភៀសខ្លួន​ពី​ប្រទេស​ជាច្រើន​ដូចជា​ហូ​ឡង់ កាណាដា ប៊ែ​ល​ហ្សិ​ក និង​ប៊ុលហ្គារី​។ Alizadeh តែងតែ​រៀបរាប់​ពី​ទុក្ខលំបាក និង​ធុញទ្រាន់​នឹង​ឧបករណ៍​ឃោសនា ទើប​បង្ខំ​នាង​ឱ្យ​ចាក​ចេញពី​ស្រុកកំណើត​។ 
 
 
​បើ​ទោះ​ចេញពី​ប្រទេស​កំណើត ប៉ុន្តែ​ម្ចាស់​មេដាយ​សំរឹទ្ធ​តេ​ក្វាន់​ដូ​ប្រភេទ​ទ​ម្ង​ង់​៥៧​គីឡូក្រាម​នៅតែ​ចង់បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំៗ ជាពិសេស​នៅ​អូឡាំពិក​តែម្តង​។​
Alizadeh បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​តេ​ក្វាន់​ដូ​បាន​ផ្លាស់​ប្តូរជីវិត​របស់​នា​ង​មកដល់​សព្វថ្ងៃ​។ យ៉ាងណាក៏ដោយ នាង​អះអាង​បន្ថែមថា​៖ «​នៅពេល​ខ្ញុំ​ទទួលបាន​មេដាយ​ខ្ញុំ​គឺជា​អត្ត​ព​លិ​ក​ដំបូង​គេ​នៅ​អ៊ីរ៉ង់​ហើយ​បន្ទាប់ពីនោះ​ប្រជាជន​ទាំងអស់​បាន​ស្គាល់​ខ្ញុំ ... នោះ​ពិតជា​ពិបាក​ណាស់​»​។​
 
Alizadeh ដែល​សព្វថ្ងៃ​រស់នៅក្នុង​ទីក្រុង Aschaffenburg និង​កំពុង​ហ្វឹកហាត់​ជាមួយ​ប្តី​របស់ខ្លួន អាច​ប្រជែង​យក​កៅអី​ទៅ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​បាន ប្រសិនបើ​នាង​ឈ្នះ​ការប្រកួត​ជម្រុះ​តំបន់​អឺរ៉ុប​នៅ​ក្រុង Sofia ប្រទេស​ប៊ុលហ្គារី ក្នុង​ខែឧសភា​ខាងមុខ​។​
 
​អត្ត​ព​លិ​ក​វ័យក្មេង​ដ៏​ស្រស់ស្អាត​ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​តេ​ក្វាន់​ដូ ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អូឡាំពិក​នៅ​ក្រុង​ណាន​ជី​ង ឆ្នាំ​២០១៤ គ្រោង​នឹងចូលរួម​ក្រុម​ជនភៀសខ្លួន​អូឡាំពិក​ដែល​នឹងត្រូវ​ជ្រើសរើស​នៅ​ខែមិថុនា ពី​ក្រុម​អត្ត​ព​លិ​ក​ចំនួន​៥៥​រូប ក្នុង​១២​ប្រទេស​កីឡា​៕
 

 

Tag:
 Kimia Alizadeh
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com