អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតសម្រាប់អាមេរិក
04, Mar 2021 , 10:32 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
ដោយ:
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន លើកឡើងនៅថ្ងៃទី៣ ខែមីនា ថា ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិកក្នុងសតវត្សរ៍ទី២១ ។ លោក ប្ល៊ីងខិន ក៏អះអាងថា ចិនជាប្រជាជាតិអាស៊ីតែមួយគត់ដែលមានអំណាចគ្រប់គ្រាន់ក្នុងការបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។


ថ្លែងក្នុងឱកាសដាក់ចេញនូវគោលនយោបាយសន្តិសុខជាតិនាថ្ងៃទី៣ មីនា លោក អាន់តូនី ប្ល៊ីងខិនលើកឡើងពីចំណុចអាទិភាពចំនួន៨នៃគោលនយោបាយការបរទេសអាមេរិក។ ចិន នៅតែរបៀបវារៈសំខាន់ក្នុងគោលនយោបាយការបរទេសអាមេរិកដដែល ដោយលោក ប្ល៊ីងខិន ហៅទំនាក់ទំនងជាមួយចិន ថា មានលក្ខណៈប្រកួតប្រជែងផង មានកិច្ចសហប្រតិបត្តិការផង ហើយពេលខ្លះអាចឈានដល់ចំណុចជាសត្រូវនឹងគ្នាផង។ 
 
 
«ចិនជាប្រទេសតែមួយគត់ដែលមានអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាដែលអាចប្រជែងនឹងប្រព័ន្ធអន្តជាតិដែលមានស្ថិរភាព និងសេរី»។ នេះជាការលើកឡើងរបស់លោក ប្ល៊ីងខិន នៅក្រសួងការបរទេស ដោយសង្កត់ធ្ងន់ទៀតថា ច្បាប់ គុណតម្លៃ និងទំនាក់ទំនងដែលកើតចេញពីប្រព័ន្ធអន្តរជាតិនោះ គឺជាអ្វីដែលអាមេរិកចង់បាន។
 
ដើម្បីទប់ស្កាត់ទៅនឹងការប្រកួតប្រជែងពីចិន ប្រមុខការទូតអាមេរិក និយាយថា អាមេរិកត្រូវស្វែងរកកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ និងសម្ពន្ធមិត្ត ដោយមិនមែនដើរចេញ ឬធ្វើឱ្យស្ថាប័នអន្តរជាតិណាដួលរលំឡើយ។ លោកបន្តថា ការប្រជែងពីចិនក្ដី ពីរុស្ស៊ីក្ដី តម្រូវឱ្យយោធាអាមេរិកបង្វែការប្រើប្រាស់អាវុធ និងប្រព័ន្ធអាវុធ ក៏ដូចជាចាប់ផ្តើមវិនិយោគលើបច្ចេកវិទ្យាថ្មីៗថែមទៀត។
 
ចំពោះរឿងជំនួញវិញលោកនិយាយថា រដ្ឋបាលបៃឌិន និងវិនិយោគបន្ថែមលើក្រុមហ៊ុន និងកម្មករអាមេរិក ក៏ដូចជាទាមទារយ៉ាងណាឱ្យមានការប្រកួតប្រជែងក្នុងកម្រិតស្មើភាពគ្នា។ លោកថា រដ្ឋបាលអាមេរិក និងប្រឹងប្រែងដើម្បីការងារពលរដ្ឋអាមេរិក ក៏ដូចជាសិទ្ធិ ការការពារ និងផលប្រយោជន៍ផងដែរ។
 
ក្នុងសុន្ទរកថាលើកដំបូងក្រោយកាន់តំណែង លោក ប្ល៊ីងខិន និយាយថា អាមេរិកសន្យាក្នុងការស្តាទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តដូចជាសហភាពអឺរ៉ុបជាដើម។ លោកក៏បង្ហាញពីបំណងយ៉ាងមុតមាំផងដែរពីការត្រឡប់មកវិញរបស់អាមេរិកក្នុងឆាកអន្តរជាតិ ក្រោយរយៈពេល៤ឆ្នាំនៃការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើសកម្មភាពឯកតោភាគី និងមិនបានគិតគូរពិភាក្សាជាមួយសម្ព័ន្ធមិត្តជាមុន។ 
 
លោកក៏ចាត់ទុកទំនាក់ទំនងជាមួយចិន ជាទំនាក់ទំនងសំខាន់បំផុតក្នុងពិភពលោក ដោយត្រៀមខ្លួនជាស្រេចក្នុងការសហការណ៍លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ៕
 
 

Tag:
 អាមេរិក
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com