COVID-19
ជាតិ
ខេត្តព្រះសីហនុប្រកាសផ្អាកការដំណើរចេញចូលខេត្តបណ្តោះអាសន្ន លើកលែងរថយន្តដឹកទំនិញ និងសង្គ្រោះបន្ទាន់
04, Mar 2021 , 12:11 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែមីនា នេះ បានប្រកាសផ្អាកការធ្វើដំណើរចេញចូលខេត្តជាបណ្តោះអាសន្ន ខណៈករណីឆ្លងកូវីដ-១៩ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅខេត្តតំបន់សមុទ្រមួយនេះ កើនដល់៨០នាក់ហើយ។ សេចក្តីសម្រេចដែលធ្វើឡើង ក្រោយការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនប៉ះពាល់ដល់ចរាចរណ៍រថយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ឡើយ ប៉ុន្តែត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ។

 
 
 
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ការសម្រេចនេះ គឺដើម្បីទុកលទ្ធភាពឲ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឲ្យបានចប់សព្វគ្រប់ជាមុនសិន។
 
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈតាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី៣ ខែមីនា បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ចរន្តមនុស្សចេញពីខេត្តព្រះសីហនុទៅខេត្តនានានៅក្បែរខាងដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ លើកលែងតែការដឹកជញ្ជូនទំនិញចេញចូល។
 
«វិធានការទីមួយ បិទចរាចរណ៍មនុស្សទៅកាន់ខេត្តផ្សេងគឺ ធ្វើម៉េចកាត់បន្ថយចលនាមនុស្សកុំឲ្យចេញ។  តាមវិធីនៃការគ្រប់គ្រង ដែលយើងបានកំណត់នៅតាមទីតាំងនានា អាហ្នឹងគឺ យើងបានបិទហើយ។ ប៉ុន្តែអ្នកដទៃដែលយើងមិនទាន់បានពិនិត្យ គួរតែត្រូវបានរារាំងកុំឲ្យធ្វើដំណើរ»។ សម្តេច បានថ្លែងបែបនេះក្នុងសារសំឡេង ដែលមានរយៈពេលប្រហែល ៤នាទី។
 
បើតាមប្រសាសន៍សម្តេច ការបិទក្រុងទាំងមូល មិនអាចធ្វើទៅបានទេ ដោយវាធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ និងនាំចូលទំនិញ។ ដូច្នេះហើយ សម្តេចមានប្រសាសន៍ថា វាជារឿងចាំបាច់ដែលត្រូវទប់ស្កាត់រថយន្តនានា ក្រៅពីរថយន្តដឹកទំនិញដើម្បីជំរុញការទប់ស្កាត់ករណីបន្តឆ្លងមេរោគនេះ។
 
រហូតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុបដល់៩០៩ករណី ដោយអ្នកជំងឺ៤០២ នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកចំណោមនោះ ខេត្តព្រះសីហនុ មានអ្នកជំងឺ៨០នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដោយភាគច្រើនជាជនជាតិចិន បន្ទាប់មកមានខ្មែរ និងវៀតណាម៕
 

Tag:
 COVID-19 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com