COVID-19
ជាតិ
អ្នកចាក់ Sinopharm ឡើងដល់ជាង១២ម៉ឺននាក់ហើយ ខណៈថ្នាក់ដឹកនាំអាយុចាប់ពី៦០ឆ្នាំ ផ្តើមចាក់ AstraZeneca
04, Mar 2021 , 1:51 pm        
រូបភាព
ភ្នំពេញ៖ ថ្លែងចេញពីមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី៤មីនានេះ សម្តេច ហ៊ុន សែន បានប្រកាសថាមានពលរដ្ឋ និងកងកម្លាំងទ័ពចំនួន១២៥, ៦៦៨នាក់ហើយ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូហ្វាម(Sinopharm)។ សម្តេច បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ខាងលើ មានជាង៨,៤ម៉ឺននាក់ ជាកងទ័ព និងជាង៤ម៉ឺននាក់ទៀត គឺជាក្រុមពលរដ្ឋអាទិភាព។



កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាមរបស់ចិន តាំងពីថ្ងៃទី១០ខែកុម្ភៈមក ក្រោយទទួលបានវ៉ាក់សាំងនេះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូហ្វាមនេះ អាចចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំប៉ុណ្ណោះ ខណៈទីតាំងចាក់បានពង្រីករហូតដល់ទាំង២៥រាជធានី-ខេត្តហើយ។  ចំពោះមនុស្សដែលស្ថិតនៅចន្លោះវ័យនេះ បើមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បានដែរ។

ក្រៅពី វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ កម្ពុជាក៏ចាប់ផ្តើមចាក់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca)របស់ឥណ្ឌា ពីថ្ងៃទី៤មីនា តទៅ ផងដែរ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ចំពោះវ៉ាក់សាំងAstraZeneca នេះ គឺសម្រាប់ចាក់ជូនមន្ត្រី និងពលរដ្ឋដែលមានអាយុលើស៦០ឆ្នាំ ជាពិសេសអ្នករស់នៅភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល ដែលកំពុងរងគ្រោះខ្លាំងជាងគេ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីកូវីដ-១៩សរុបទូទាំងប្រទេសឡើង ឡើងដល់៩០៩ករណី ដោយមានអ្នកជំងឺ៤០២នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

Tag:
 COVID-19
  Sinopharm
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com