ជាតិ
ពីនេះ ពីនោះ
ធ្វើមន្ត្រីត្រូវចេះក្បាច់គុន, កុំឱ្យគេប៉ែង
05, Mar 2021 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃនេះ អាសំណាងអផ្សុកពេក ក៏ទូរសព្ទទៅនិយាយលេងជាមួយក្លើសុធីរ។ និយាយសួរសុខទុក្ខដល់រឿងការងារ អាសំណាងដែលជាមន្ត្រីរាជការមួយរូប ក៏ធ្លោយសម្ដីរអ៊ូរឿងមន្ត្រីប៉ែងជើងគ្នា។

 
សុធីរ៖ ស្អីគេអ្ហា? ស៊ីប្រាក់ខែរាស្ត្រហើយ មិនខំធ្វើការសាងកិត្តិយសទេ នៅចាំតែធាក់គ្នាហ្នឹងហើយ។
 
សំណាង៖ អ្ហែងនៅខាងក្រៅអ្ហែងមិនយល់ទេ។ អញសុំតែសុខទេ តែគេមិនឱ្យអញសុខទៀត។ អញមានលុយចាយសមល្មមហើយ អញចង់ធ្វើការបម្រើជាតិ ដូចឯងចង់បានអ៊ីចឹង។ តែនៅក្នុងនេះ គេមិនឱ្យឯងធ្វើអ្វីតាមចិត្តទេ។ ឯងមិនអាចសាងគុណសម្បត្តិ មិនអាចលេចធ្លោជាងគេទេ។ ការងារមួយចំនួនផ្តល់ប្រយោជន៍ដល់ប្រជាជនមែន តែបើវាផ្តល់មុខមាត់ដល់អ្ហែងដែរ គេមិនឱ្យអ្ហែងធ្វើឡើយ។
 
សុធីរ៖ ហើយចុះ អ្នកណា ជាអ្នករារាំងហ្នុង? អ្ហែងចេះតែនិយាយបង្ខូចគេទេអី?
 
សំណាង៖ អាឆ្កួត! និយាយបង្ខូចឈ្មោះគេ នាំតែគេស្អប់ហ្នឹង។ ពួកប៉ែងជើងហ្នឹង គ្មានអ្នកក្រៅពីក្រុមអែបអប ឡែបឡប ឡេមឡឺម អត់អីធ្វើ ចាំតែចារុកនាំរឿងហ្នឹងទេ។ ពួកនេះ បើវាមិនមានអីធ្វើ វាក៏មិនឱ្យអ្នកផ្សងធើអី គ្រាន់បើជាងវាដែរ។ ប៉ុន្តែពួកនេះ ពូកែដំឡើងវិកយបត្របេសកកម្មណាស់។

សុធីរ៖ អញឭយូរហើយអារឿងប៉ែងជើងគ្នានេះ។ អញស្មានតែគេកែទម្រង់ ហើយវាអស់អារឿងរំខានអស់ហ្នឹងហើយ។ ហើយគេប៉ែងជើងអ្ហែងប៉ុន្មានដងហើយ។ 
 
សំណាង៖ កំណែទម្រង់ គឺជារឿងគោលនយោបាយ លើប្រព័ន្ធការងារ។ តែរឿងអាប៉ែងជើង អារឿងច្រណែន ឈ្នានីសនេះ វានៅក្នុងខ្លួនមនុស្ស វាជាចរិតមនុស្សទេ។
 
សុធីរ៖ កុំសួរអញថា ធ្វើម៉េចបានអស់មនុស្សធុនហ្នឹង? អញមិនដឹងទេ។ តែពេលនេះ អ្ហែងរៀនក្បាច់គុនសិនទៅ គ្រាន់ទប់ទល់បានខ្លះ។ កុំឱ្យដួល។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com