ជាតិ
សម្ដេច ហ៊ុន សែន ប្រកាស​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៧​ទៀត​
04, Mar 2021 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ ពី​សន្និសីទកាសែត​ក្រោយពី​ចាក់​វ៉ាក់សាំង​AstraZeneca នៅ​ព្រឹក​ថ្ងៃទី​៤ មីនា សម្ដេច ហ៊ុន សែន បានប្រកាស​ប្រាប់​មុន​ថា សម្ដេច នៅតែ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នា​ឆ្នាំ​២០២៣​ខាងមុខ​។​


២​ឆ្នាំ​ទៀត ទើប​ការបោះឆ្នោត​ឈាន​មកដល់ ប៉ុន្តែ​សម្ដេច ហ៊ុន សែន មិន​លាក់លៀម​ពី​បំណង​ធ្វើ​នាយករដ្ឋមន្ត្រី​ខ្លួន​ឡើយ​។ សម្ដេច ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​ច្បាស់​ថា សម្ដេច​នឹង​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៧​ទៀត ។ ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​នេះ គឺ​ដើម្បី​បញ្ចប់​ចម្ងល់​របស់​មហាជន ដែល​សង្ស័យថា សម្ដេច កំពុង​រៀបចំ​ការផ្ទេរ​អំណាច​ទៅឱ្យ​កូនប្រុស​ច្បង​ខ្លួន គឺ​លោក ហ៊ុន ម៉ា​ណែ​ត​។​
 
​ប្រមុខ​រដ្ឋាភិបាល ថ្លែង​ក្នុង​សន្និសីទកាសែត​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ​ឈប់​ប្រកាស​ពី​រឿង​(​ធ្វើ​នាយករដ្ឋមន្ត្រី​)១០​ឆ្នាំ ២០​ឆ្នាំ ធ្វើ​រហូត​ទាល់តែ​ឈប់​ចង់​ធ្វើ​។ កុំឱ្យ​វា​ពិបាក​ពេក​។ តិច​(​គេ​ថា​)​ផ្ទេរតំណែង​ឱ្យ ហ៊ុន ម៉ា​ណែ​ត តិច​ផ្ទេរអំណាច​ឱ្យទៅ​អ្នកនេះ ទៅ​អ្នកនោះ ។ អ៊ីចឹង​មិនបាច់​ផ្ទេរ​តែម្ដង នៅ​កាន់​(​តំណែង​នាយករដ្ឋមន្ត្រី​) តែ​ហ្មង​»​។​
 
​នាយករដ្ឋមន្ត្រី​រូបនេះ ក៏​ឆ្លៀត​ផ្លែផ្កា​ទៅកាន់​អ្នកនយោបាយ​ប្រឆាំង​ថា ពួកគេ​ទំនងជា​គ្មាន​ផ្លូវ​ធ្វើ​នយោបាយ​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​នោះទេ​។ ដោយ​មើលឃើញថា នយោបាយ​ខ្លួន​មាន​ភាពរឹងមាំ​នោះ សម្ដេច ហ៊ុន សែន បាន​និយាយ​បែប​ចំអក​ថា អ្នកនយោបាយ​បក្សប្រឆាំង អាច​យកឈ្នះ​សម្ដេច នៅ​ថ្ងៃទី​៣១ កុម្ភៈ (​ខែ​កម្ភៈ មានតែ​២៨ ឬ ២៩​ថ្ងៃ​ប៉ុណ្ណោះ​)​។​
 
​កន្លងមក សម្ដេច ហ៊ុន សែន ធ្លាប់​ប្រាប់ថា លោក អូន ព័ន្ធមុនីរ័ត្ន ក៏​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយរូប​ដែរ ក្នុងចំណោម​បេក្ខភាព​ជាច្រើនរូប​ផ្សេងទៀត​។ មូល​ហេតុដែល​សម្ដេច បង្ហើប​បែបនេះ គឺ​ដើម្បី​កុំឱ្យ​សាធារណជន​ដាក់​ការសង្ស័យ​លើ​តែ​កូនប្រុស​ច្បង​ខ្លួន លោក ហ៊ុន ម៉ា​ណែ​ត​។​
 
​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០២២ ។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​វិញ នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា ឆ្នាំ​២០២៣​។ នេះ​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕

© រក្សាសិទ្ធិដោយ thmeythmey.com