ពីនេះ ពីនោះ
«ទល់ និងទុល» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា
× «ទល់» និង«ទុល»ជាពាក្យដែលបញ្ចេញសូរសៀងដូចគ្នា។ ប៉ុន្តែពាក្យទាំងពីរនេះមានន័យខុសគ្នាស្រឡះ។
«ទល់»មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថាឃាំងឧច្ចារៈ, បស្សាវៈ គឺឃាំងអាចម៍, នោមឬមិនដើរខ្យល់។ ឧទាហរណ៍៖ ទល់មូត្រ, ទល់លាមក, ទល់ពោះ, ទល់ខ្យល់។ «ទល់» មានន័យជាកិរិយាសព្ទមួយទៀតមានន័យថា មាំ ឬធ្វើឲ្យមាំ។ ទ្រពីក្រោមឲ្យមាំឲ្យរឹងប៉ឹងដោយចន្ទល់។ ឧទាហរណ៍៖ ទល់ផ្ទះ។
ចំណែកពាក្យ«ទុល» វិញ មានថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថា លើក,លើកបោះទៅ; កល់; ដាស់, តឿន។ ប៉ោងឡើង, ដោរកំពុងឡើង, ទូញហើបឡើង។ ទំពាំងទុលដី, បាយទុលគ្របឆ្នាំង។ «ទុល»មានថ្នាក់នាមជានាមសព្ទមានន័យថា ពោះត្រីប្រា ឬត្រីទីពោ។ ទុលត្រីប្រា៕
© រក្សាសិទ្ធិដោយ thmeythmey.com