អន្តរជាតិ
ចិន នឹង​កែទម្រង់​ការបោះឆ្នោត​នៅ​ហុងកុង​ឱ្យ​ស្របតាម​ស្ថានការណ៍​ជាក់ស្ដែង​
05, Mar 2021 , 8:29 pm        
រូបភាព
កិច្ចប្រជុំសភាប្រជាជនចិននៅថ្ងៃទី៥ ខែមីនា។ រូបថត Xinhua
កិច្ចប្រជុំសភាប្រជាជនចិននៅថ្ងៃទី៥ ខែមីនា។ រូបថត Xinhua
ដោយ:
​សម័យប្រជុំ​លើក​ទី​៤ នៃ​សភា​ប្រជាជន​ចិន​នីតិកាល​ទី​១៣ ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែមីនា​។ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ ជា​ឱកាស​នៃ​ការបង្ហាញ​ពី​គោលនយោបាយ​ចម្បងៗ​សម្រាប់​ឆ្នាំ​២០២១ និង​សមិទ្ធផល​របស់​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំ​២០២០​។ មិន​ខុស​អ្វី​ពី​ឆ្នាំមុន បញ្ហា​ហុងកុង​ក៏​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះដែរ ដោយ​ទីក្រុង​ប៉េកាំង នឹង​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​ហុងកុង ដែល​គេ​ជឿថា នឹង​បំបាត់​សំឡេង​ប្រឆាំង​នៅ​ទីក្រុង​នេះ​។​


​សំឡេង​អ្នកនយោបាយ​មាន​និន្នាការ​រក​ប្រជាធិបតេយ្យ​នៅ​ហុងកុង ទំនងជា​បាត់បង់​បន្តិច​ម្ដងៗ ខណៈដែល​ចិន​ប្រកាស​ផែនការ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ​។ តាម​ការគ្រោងទុក សភា​ប្រជាជន​ចិន​ដែល​បើក​សម័យប្រជុំ​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​៥ ខែមីនា នឹង​ជជែក​ពី​ការផ្លាស់ប្ដូរ​របៀប​បោះឆ្នោត​នៅ​ហុងកុង ដែល​សំដៅ​ផាត់​ចេញ​សំឡេង​ប្រឆាំង​ទីក្រុង​ប៉េកាំង​តែម្ដង​។ សេចក្ដីស្នើ​មួយ​លើ​ការកែទម្រង់ ត្រូវបាន​ដាក់ឱ្យ​សភា​ចិន​ជជែក មុន​អនុម័ត​។ 
 
​នៅមុន​កិច្ចប្រជុំសភា​ប្រជាជន​ចិន​មួយ​សប្តាហ៍ លោក Xia Baolong ប្រធានការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ និយាយថា មានតែ​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ អាច​បម្រើ​ការងារ​នៅ​ហុងកុង​បាន​។ ចំណែក​លោកស្រី Carrie Lam ប្រមុខ​តំបន់​ហុងកុង និយាយថា អស្ថិរភាព​នយោបាយ និង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០១៩ ជា​កត្តា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន​ប្រកាន់​ជំហរ​ហុងកុង​ត្រូវ​ដឹកនាំ​ដោយ​អ្នកស្នេហាជាតិ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ដំបូង លោក វ៉ាង ឈិន អនុ​ប្រធានសភា​ប្រជាជន​ចិន​ពន្យល់​ពី​សំណើ​ខាងលើ ថា រដ្ឋាភិបាល​ចិន​នឹង​កែប្រែ​សមាសភាព​នៃ​គណៈកម្មការ​បោះឆ្នោត​ហុងកុង​ដែលជា​ស្ថាប័ន​ជ្រើសរើស​មេដឹកនាំ​ហុងកុង​។ លោក វ៉ាង បន្តថា ការកែទម្រង់​ថ្មី នឹង​ផ្ដល់​អំណាច​បន្ថែម​ឱ្យ​គណៈកម្មការ​នេះ​ក្នុងការ​តែងតាំង និង​ជ្រើសរើស​បេក្ខភាព​សមាជិកសភា​ហុងកុង​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​មួយ​ថ្ងៃមុន​កិច្ចប្រជុំសភា ទូរទស្សន៍​ហុងកុង​ផ្សាយ​ថា អង្គ​បោះឆ្នោត​នៃ​គណៈកម្មការ​ខាងលើ​ដែល​បច្ចុប្បន្ន​មាន​១,២០០​នាក់ នឹងត្រូវ​បង្កើន​ដល់​១,៥០០​នាក់​។ ចំណែក​សភា​ហុងកុង​នឹងត្រូវ​បង្កើន​អាសនៈ​ពី​៧០ ដល់​៩០​។ 
 
​អ្នកសង្កេតការណ៍​មួយចំនួន អះអាងថា កំណែទម្រង់​នេះ​នឹង​កាត់បន្ថយ​សំឡេង​អ្នកប្រជាធិបតេយ្យ​ក្នុង​គណៈកម្មការ​បោះឆ្នោត ក៏ដូចជា​លទ្ធភាព​រប​ស់​អ្នកប្រជាធិបតេយ្យ​ក្នុងការ​ស្នើ​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ និង​នាយក​ប្រតិបត្តិ​ផងដែរ​។​ ​ចំណែក​ការពង្រីក​អាសនៈ​សភា​ហុងកុង នឹងធ្វើ​ឱ្យចំ​នួន​តំណាងរាស្ត្រ​ដែល​ចេញពី​ការបោះឆ្នោត​ដោយផ្ទាល់​មាន​ចំនួន​កាន់តែ​តិច​ទៅ​។ 
 
​កំណែទម្រង់​បែបណា​មួយ​នៃ​ប្រពន្ធ​បោះឆ្នោត​ហុងកុង ត្រូវបាន​រំពឹងថា នឹង​ប៉ះពាល់​ដល់​ក្រុម​ប្រជាធិបតេយ្យ​ដែល​ប៉ុនប៉ង​កាន់កាប់​សភា​ហុងកុង​។ ជា​ទម្លាប់ អ្នកប្រជាធិបតេយ្យ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​អ្នកគាំទ្រ​រដ្ឋាភិបាល​ចិន​ក្នុងការ​បោះឆ្នោត​សភា​។ បច្ចុប្បន្ន សភា​ហុងកុង​មាន​តំណាងរាស្ត្រ​ចំនួន​៧០​រូប ដែល​៣៥​រូប​ជ្រើសរើស​តាម​ការបោះឆ្នោត​ជា​សាកល ៣០​តំណាងឱ្យ​វិស័យ​ផ្សេងៗ​ក្នុង​ទីក្រុង និង​៥​រូប​ចុងក្រោយ​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សា​សង្កាត់​។ ការបោះឆ្នោត​សភា​ហុងកុង ត្រូវបាន​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ខែកញ្ញា ឆ្នាំ​២០២២ ឯណោះ បន្ទាប់ពី​ត្រូវ​ពន្យារ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​
 
​តប​ទៅនឹង​ផែនការ​កំណែទម្រង់​នេះ ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋា​ភិ​បា​លហុ​ង​កុង​បង្ហាញ​ពី​ជំហរ​គាំទ្រ ដែរ ដោយ​លើកឡើងថា ការដឹកនាំ​ហុងកុង​ដោយ​អ្នកស្នេហាជាតិ អាចជា​ចំណុច​ដែល​រដ្ឋាភិបាលកណ្តាល​ចិន​មានអំណាច​ក្នុងការ​អនុវត្ត​ដើម្បី​ធានា​ស្ថិរភាព​នៃ​ទីក្រុង​៕
 
 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com