អន្តរជាតិ
លោក វី​ដូ​ដូ ជំ​រុញឱ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​ស្រឡាញ់​ផលិត​ក្នុងស្រុក​ជាង​ទំនិញ​នាំចូល​
05, Mar 2021 , 10:29 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ចុះត្រួតពិនិត្យហាងលក់ទំនិញមួយ។ រូបថត AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ចុះត្រួតពិនិត្យហាងលក់ទំនិញមួយ។ រូបថត AFP
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​៤ ខែមីនា បាន​ជំរុញ​ឱ្យ​ប្រជាជន​ឥណ្ឌូណេស៊ី ស្រលាញ់​ផលិតផល​ក្នុងស្រុក​ជាជាង​ផលិតផល​នាំចូល​ពី​បរទេស​។ បើតាម​លោក វី​ដូ​ដូ ការជំរុញ​ផលិតផល​ក្នុងស្រុក នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ស្រប​ពេលដែល​រដ្ឋាភិបាល​របស់លោក​ដាក់​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​៥​ភាគរយ​ក្នុង​ឆ្នាំ​២០២១ នេះ​។ 


​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​៤ ខែមីនា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ជំរុញ​ឱ្យ​រោងចក្រ​ឧស្សាហកម្ម​នានា​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ជាជាង​ប្រើប្រាស់​សម្ភារ​ដែល​នាំចូល​ពី​បរទេស​។ ជាមួយនឹង​វត្តមាន​ផ​លិ​ផល​ក្នុងស្រុក​បែបនេះ លោក វី​ដូ​ដូ ក៏​ប្រាប់​ឱ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​ទាំងអស់ មាន​មោទកភាព​ចំពោះ​ផលិតផល​ក្នុងស្រុក ស្រឡាញ់​ផលិតផល​ក្នុងស្រុក​ឱ្យលើស​ផលិតផល​បរទេស​។ 
 
«​សូម​នាំគ្នា​ស្រលាញ់​ផលិតផល​ក្នុងស្រុក និង​ស្អប់​ផលិតផល​នាំចូល​ពី​បរទេស​។ ដូច្នេះ​ប្រជាជន​របស់​យើង​នឹង​ក្លាយជា​អ្នកគាំទ្រ​ទំនិញ​ឥណ្ឌូណេស៊ី​ដ៏​ស្មោះត្រង់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ចូ​កូ​វី ដែលជា​ឈ្មោះ​ហៅ​ក្រៅ​របស់លោក វី​ដូ​ដូ ។ សម្រាប់​លោក ចូ​កូ​វី ប្រជាជន​ឥណ្ឌូណេស៊ី​ទាំង​ជាង​២៧០​លាន​នាក់ ជា​អតិ​ថ​ជន​ដ៏​ធំ​មួយ ហើយ​ដែល​គួរតែ​ទិញ​ផលិតផល​ក្នុងស្រុក​ឱ្យ​ច្រើន​ដែរ​។​
 
​បើតាម​ទូរទស្សន៍ CNA ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូបនេះ ចាត់ទុក​ម៉ាក​ទំនិញ​ជា​រឿង​សំខាន់ ពិសេស​ទំនិញ​ផលិត​ដោយ​ឥណ្ឌូណេស៊ី​ផ្ទាល់​។ លោក​ថែមទាំង​លើក​យោបល់​ថា ម៉ាក​ទំនិញ​ផលិត​ក្នុងស្រុក ឬ​ផលិតផល​របស់​សហគ្រាស​តូច និង​មធ្យម​នៅ​ឥណ្ឌូណេស៊ី គួរតែ​ត្រូវបាន​ដាក់តាំង​នៅតាម​ផ្សារ​ទំនើប​នៅត្រង់​ប្លង់​ល្អ ឯ​ម៉ាក​ផលិតផល​នាំចូល​ពី​បរទេស​អាចដាក់​នៅ​ខាង​កៀន​ក៏បាន​។ 
 
​ជាមួយគ្នានេះ លោក ចូ​កូ​វី ក៏បាន​បញ្ជាក់ថា គោលដៅ​កំណើនសេដ្ឋកិច្ច​៥​ភាគរយ ដូចដែល​បានចែង ក្នុង​គម្រោង​ថវិកាជាតិ ត្រូវតែ​សម្រេច​ឱ្យបាន​។ លោក​បន្តថា ឆ្នាំ​២០២១ នេះ ជា​ឆ្នាំ​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​ឥណ្ឌូណេស៊ី ដែល​ត្រូវតែ​ផ្អែកលើ​ស្មារតី​សុទិដ្ឋិនិយម​។ 
 
«​សម្រាប់​បញ្ហា​នេះ ខ្ញុំ​សូម​ស្នើ​ជាពិសេស​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងពាណិជ្ជកម្ម សូមកុំ​ធ្វើការ​តាមតែ​បទដ្ឋាន​ធម្មតា ត្រូវតែ​មានគំនិត​បង្កើត​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​។ នេះ​ជាការ​ស្នើឡើង​របស់លោក​ប្រធានាធិបតី​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​៤ ខែមីនា​។ 
 
​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០២០ អាត្រា​នាំចូល​ទំនិញ​ពី​បរទេស​ធ្លាក់ចុះ​សរុប​០,៥​ភាគរយ ឯ​សេដ្ឋកិច្ច​របស់​ប្រទេស​ធ្លាក់ចុះ​២,០៧​ភាគរយ ដែលជា​ការធ្លាក់ចុះ​ប្រចាំឆ្នាំ​លើកដំបូង ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​ក្នុង​ឆ្នាំ ១៩៩៨ ។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោកស្រី Sri Mulyani បាន​កត់សម្គាល់ថា ការធ្លាក់ចុះ​នេះ​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​៕
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com