ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់បាន​ស្បែ​កមុខ​ស​? មិន​ពិបាក​ឡើយ​! កុំ​រំលង​អត្ថបទ​នេះ​
06, Mar 2021 , 10:59 pm        
រូបភាព
​មាន​មូលហេតុ​ច្រើនណាស់​ដែល​បណ្ដាលឱ្យ​ស្បែក​ប្រែជា​ស្រអាប់​ខ្មៅ​មិន​ស្អាត ដូច​ជាការ​ត្រូវ​ពន្លឺព្រះអាទិត្យ​យូរៗ​ជាប្រចាំ​, ធូលី​ដី និង​ខ្យល់ពុល​។ ញើស​, ជាតិ​ប្រេង និង​ផលិតផល​តុបតែង​មុខ​មួយចំនួន​ដែល​ជ្រាបចូល​ក្នុង​រន្ធ​ញើស​នៃ​ស្បែក​ផ្ទៃមុខ​អាច​បង្ក​ការ​រលាក​, ភាព​ស្រអាប់ និង​ស្ងួត​គួរឱ្យ​ព្រួយបារម្ភ​។ នៅពេល​បច្ចុប្បន្ន ផលិតផល​ធ្វើឱ្យ​ស្បែក​ស​ឆាប់រហ័ស​មាន​ច្រើន​មិន​ខ្វះ​ឡើយ គ្រាន់តែ​មួយចំនួនធំ​មាន​ផ្ទុក​សារធាតុ​គីមី ហើយ​ខ្លះទៀត​មានតម្លៃ​ថ្លៃ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ប្រែ​ជាស​ស្អាត​គ្មាន​ផលប៉ះពាល់ ៖

 
១. ប៉េងប៉ោះ​និង​ស្ករស​
 
​ដំបូង​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​បកសំបក​ប៉េងប៉ោះ​ចេញ​សិន​។ បន្ទាប់មក​កិន​វា​ឱ្យ​ម៉ដ្ឋ​ខាប់ៗ រួច​លាយ​ជាមួយ​ស្ករស​ចំនួន​សមល្មម​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែ​កមុខ​ថ្នមៗ​ក្នុង​ចលនា​បែប​រង្វង់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
២. ផ្លែ​ល្ហុង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដំបូង​ត្រូវ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​ជាមុនសិន​។ បន្ទាប់មក​សឹម​យកសា​ច់នៃ​ផ្លែ​ល្ហុង​មក​កិន​ឱ្យ​ម៉ដ្ឋ​ខាប់ៗ រួម​លាប​វា​លើ​ស្បែក ហើយ​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​គួរ​អនុវត្តន៍​រូបមន្ត​នេះ​រៀងរាល់ថ្ងៃ រហូតដល់​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៣. ប្រេង​អាល់​ម៉ុ​ន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេង​គ្រាប់​អាល់​ម៉ុ​ន​បន្តិច​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​នាទី និង​រងចាំ​សម្រាប់​រយៈពេល ៥​នាទី​។ ប្រើប្រាស់​ក្រណាត់​សើម​ស្អាត​មួយ​ជូត​សម្អាត​ប្រេង​ចេញពី​ស្បែក​មុខជា​ការ​ស្រេច​។​
 
៤. ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ទឹក​ធម្មតា​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​មួយចំនួន​ជាមួយ​ទឹក​ធម្មតា​។ កូរ​ឱ្យ​សព្វ សឹម​យក​ដុំ​សំឡី​ជ្រលក់​ចូល​ទឹក​ល្បាយ​នេះ ហើយ​លាប​ថ្នមៗ​លើ​ផ្ទៃមុខ​របស់​អ្នក​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៥. ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកឃ្មុំ​ឆៅ​ជាមួយ​ម្សៅ​ឈើអែម​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ កម្ដៅ​ល្បាយ​បន្តិច សឹម​លាប​ល្បាយ​ត្រង់​ផ្នែក​ណាមួយ​នៃ​ស្បែ​កដៃ​សិន​ដើម្បី​អាច​ដឹងថា​តើ​អ្នក​ប្រតិកម្ម​ជាមួយ​គ្រឿងផ្សំ​ឬ​អត់​។ ក្នុងករណី​គ្មាន​បញ្ហា ចូរ​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែក​ដែល​ចង់ឱ្យ​ស​និង​រងចាំ​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៦. រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មារ ១ ស្លាបព្រា​កាហ្វេ ចូរ​គ្នា​ឱ្យ​សព្វ​។ បន្ទាប់មក​លាប​ល្បាយ​លើ​ផ្ទៃមុខ និង​ក​របស់​អ្នក រួច​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ រូបមន្ត​នេះ​អាច​ប្រើប្រាស់​សម្រាប់​គ្រប់​ប្រភេទ​នៃ​ស្បែ​កមុខ និង​សូម្បីតែ​ស្បែក​ខ្លាញ់​ក៏ដោយ​។​
 
៧. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​ផ្ទៃមុខ​ក៏បាន​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com