COVID-19
អន្តរជាតិ
ប្រមុខ​WHO​បង្ហាញ​បំណង​ព្យួរ​សិទ្ធិ​ប៉ាតង់​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​បង្កើន​ការផ្គត់ផ្គង់​
06, Mar 2021 , 7:59 pm        
រូបភាព
ដោយ:
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ នៅ​ថ្ងៃទី​៥ ខែមីនា​ឱ្យ​ព្យួរ​សិទ្ធិ​ប៉ាតង់​(​ប្រកាស​នី​យ​ប័ត្រ​តក្កកម្ម​) នៃ​វ៉ាក់សាំង​កូ​វីដ​-១៩ រហូតដល់​ផុតរលត់​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​។ ប្រមុខ​WHO អះអាងថា​ការព្យួរ​សិទ្ធ​ប៉ាតង់​នេះ​នឹង​ជួយ​បង្កើន​ចំនួន​វ៉ាក់សាំង​ដើម្បី​បំពេញ​សេចក្តីត្រូវការ​។ សិទ្ធិ​ប៉ាតង់ គឺជា​សិទ្ធិ​មួយ​នៃ​ក្នុង​ច្បាប់​កម្មសិទ្ធិបញ្ញា​ដែល​អនុញ្ញាត​ក្នុងការ​ត្រួតត្រា​ផ្តាច់មុខ​លើ​ការផលិត និង​ការលក់​របស់​អ្វីមួយ​ដែល​មនុស្ស ឬ​ក្រុមហ៊ុន​បាន​បង្កើតឡើង​។​


​នៅក្នុង​សន្និសីទ សារព័ត៌មាន​ថ្ងៃទី​៥ ខែមីនា លោក​Tedros Adhanom Ghebreyesus និយាយថា​ប្រទេស​ដែលមាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​គួរ​ចាប់ផ្តើម​ព្យួរ​សិទ្ធិ​ប៉ាតង់ ដោយ​អនុលោម​តាម​វិធាន​អាសន្ន​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​
 
«​វិធាន​ខាងលើ​ត្រូវ​បានចែង​ឡើង​សម្រាប់​ប្រើ​ក្នុង​ស្ថានការណ៍​អាសន្ន​»​។ នេះ​ជាការ​លើកឡើង​របស់លោក​Tedros ដោយ​អះអាង​ថាបើ​ពេលនេះ​គេ​មិន​ប្រើ​វិធាន​ខាងលើ​ទេ នោះ​គ្មាន​ពេលវេលា​ណា​ផ្សេង​ទៀតឡើយ​។ លោក​ថា​WHO នឹង​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​ឧស្សាហកម្ម​ឱសថ និង​វ៉ាក់សាំង​ដើម្បី​ស្វែងរក​ឧបសគ្គ​ក្នុង និង​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​
 
​យោងតាម​សារព័ត៌មាន​AP មាន​រោងចក្រ​ឧស្សាហកម្ម​នៅក្នុង​ទ្វីប​ចំនួន​៣​ដែលមាន​សមត្ថភាព​ក្នុង​ការផលិត​វ៉ាក់សាំង​រាប់រយ​លាន​ដូ​ស បើសិនជា​វិធីសាស្ត្រ ចំណេះដឹង និង​បច្ចេកទេស​ត្រូវបាន​ផ្ទេរ​ទៅ​ទៅ​ពួកគេ​។ ប៉ុន្តែ​វិធីសាស្ត្រ ចំណេះដឹង​ទាំងនោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វ៉ាក់សាំង​Pfizer និង​Moderna​របស់​អាម​រិ​ក និង​ក្រុមហ៊ុន​AstraZeneca​របស់​អង់គ្លេស​និង​ស៊ុយអែត​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន លោក​Tedros លើកឡើង​ពី​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​របស់​AstraZeneca ក្នុងការ​ចែកចាយ​របៀប​ធ្វើ​វ៉ាក់សាំង​ជាមួយ​វិទ្យាស្ថាន​Serum​របស់​ឥណ្ឌា​។ ប៉ុន្តែ​ក៏​កត់សម្គាល់​ផងដែរ​ថា តម្លាភាព​គឺជា​កត្តា​គន្លឹះ​ក្នុងការ​ចែកចាយ​ចំណេះដឹង​ស្តីពី​ការផលិត​វ៉ាក់សាំង និង​ការព្យួរ​សិទ្ធិ​ប៉ាតង់​។​
 
​ចំពោះ​បញ្ហា​នេះ ក្រុមហ៊ុន​ឱសថ​ដែល​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ អះអាងថា​កំពុង​ច​ចារកិច្ច​សន្យារ ដើម្បី​ផ្តល់​សិទ្ធិ​ក្នុង​ការផលិត​វ៉ាក់សាំង​ដល់​ក្រុមហ៊ុន​មួយចំនួន ដោយ​លើកឡើង​ពី​ការការពារ​កម្មសិទ្ធិបញ្ញា​របស់ខ្លួន​។ ក្រុមហ៊ុន​អាមេរិក និង​អឺរ៉ុប ដែល​អភិវឌ្ឍ​វ៉ាក់សាំង​ទាំងនោះ​ទទួល​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លួន​។​
 
​ចំពោះ​បញ្ហា​វ៉ាក់សាំង​វិញ លោក​Tedros​អះអាងថា​យន្តការ​COVAX​បាន​ជញ្ជូន​វ៉ាក់សាំង​ដល់​ប្រទេស​ចំនួន​២០ គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ដោយ​អះអាងថា​ចំនួន​វ៉ាក់សាំង​ដែល​បាន​ចែកចាយ​ត្រូវបាន​ផ្តល់​ដល់​ប្រជាជន​ចំនួន​២​ទៅ​៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​។​លោក​បាន​បញ្ជាក់ថា COVAX បានផ្តល់​វ៉ាក់សាំង​ចំនួន​១១​លាន​ដូ​ស​កាលពី​សប្តាហ៍​មុន ហើយនឹង​បន្ត​ចែកចាយ​វ៉ាក់សាំង​ចំនួន​២៣៧​លាន​ដូ​ស​បន្ថែមទៀត​ដល់​ប្រទេស​ចំនួន​១៤២ នៅត្រឹម​ចុងខែ​ឧសភា​៕
 

Tag:
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com