ជាតិ
រៀន​វិស្វកម្ម​ឧស្សាហកម្ម ដែល​ត្រូវ​ប្រើ​កម្លាំង​ច្រើន តែ​យុវតី ឡុង សុខ​ហេង តាំងចិត្ត​ធ្វើឱ្យបាន​ដូច​បុរស​
06, Mar 2021 , 9:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ញា ឡុង សុខ​ហេង ជា​និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅ​ទេស​ថៃ ក្រោយ​ការប្រលងប្រជែង​យ៉ាង​ស្វិតស្វាញ​។ ដ្បិត​ជំនាញ​នេះ​ត្រូវ​ការប្រើ​កម្លាំង​ច្រើន ក្នុងការ​អនុវត្ត​លើ​ច្រ​វ៉ា​ក់​ផលិតកម្ម និង​គ្រឿងចក្រ ប៉ុន្តែ​យុវ​និស្សិត សុខ​ហេង ដែលមាន​វ័យ​២២​ឆ្នាំ  មិន​រួញរា​នោះឡើយ ដោយ​កញ្ញា ជឿថា អ្វីដែល​បុរស​ធ្វើបាន ស្ត្រី​ក៏​អាច​ធ្វើបាន​ដូចគ្នា​។



​ទទួលបាន​និទ្ទេស B នៅក្នុង​ការប្រលង​បាក់​ឌុប នា​ឆ្នាំ​២០១៧ បានអនុញ្ញាត​ឱ្យ​កញ្ញា ឡុង សុខ​ហេង ទទួល​អាហារូបករណ៍​សិក្សា​ជំនាញ​វិស្វកម្ម​ជីវសាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ សិក្សា មិនទាន់បាន​មួយ​ឆមាស​ផង សុខ​ហេង ក៏បាន​ប្រលង​ជាប់​អាហារូបករណ៍​នៅ សាកលវិទ្យាល័យ Silpakorn ប្រទេស​ថៃ លើ​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម​។ ដ្បិត សុខ​ហេង មិនសូវ​ស្រឡាញ់​ជំនាញ​នេះ ប៉ុន្តែ​យុវតី​រូបនេះ សុខចិត្ត​អាហារូបករណ៍​បោះបង់​អាហារូបករណ៍​នៅក្នុង​ប្រទេស ចាក​ចេញទៅ​សិក្សា​ប្រទេស​ថៃ​វិញ ដោយ​យល់ថា​ជំនាញ​ទាំង​២​នេះ ក៏មាន​ពាក់ព័ន្ធ​គ្នា​ដែរ​។ 


 
​យុវតី ពន្យល់​មូលហេតុ​របស់ខ្លួន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ដំបូង​ឡើយ ខ្ញុំ​ចង់​បន្ត​ជំនាញ​វិស្វកម្ម​ជីវសាស្ត្រ​ដែរ តែ​ពុំមាន​សាលា​ណា​ផ្ដល់​អាហារូបករណ៍​លើ​ជំនាញ​នេះ​។ ពេលនោះ​ដែរ នាង​ខ្ញុំ​ចាប់អារម្មណ៍​លើ​ច្រ​វ៉ា​ក់​ផលិតកម្ម​ផ្សេងៗ ក្នុង​រោងចក្រ​ឧស្សាហកម្ម និង​ផលិតកម្ម​កសិកម្ម ក៏​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​បច្ចេកវិទ្យា​កសិកម្ម ជា​ជំនាញ​ជម្រើស​ទី​១​តែ​មិន​ជាប់​។ ដោយ​ជាប់​លើ​ជំនាញ​ជម្រើស ទី​២ ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម នៅ​សាកលវិទ្យាល័យ Silpakorn»​។​
 
​កញ្ញា ឡុង សុខ​ហេង បញ្ជាក់ថា ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម គឺ​សិក្សា​លើ​ការគ្រប់គ្រង​ច្រ​វ៉ា​ក់  ផលិតកម្ម ការសិក្សា​ពី​ប្រព័ន្ធ​ស្វ័យប្រវត្តិ ការ​ព្យាករ​ការផលិត ការសាកល្បង​វត្ថុ ការ​រចនា​ការផលិត ការថែរក្សា​គ្រឿងចក្រ ការគ្រប់គ្រង​គុណភាព និង​កាត់បន្ថយ​ទុន ការគ្រប់គ្រង​ថាមពល​និង​អភិរក្ស​បរិស្ថាន​ក្នុង​រោងចក្រ​ឧស្សាហកម្ម​។​


 
 
​ការសិក្សា​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម ដែល​ផ្ដោតទៅលើ ច្រ​វ៉ា​ក់​ផលិតកម្ម និង​គ្រឿងចក្រ​ជា​ចម្បង មិនមែនជា​ភាពងាយស្រួល​ប៉ុន្មាន​ទេ សម្រាប់​យុវតី​វ័យក្មេង​រូបនេះ​។ កញ្ញា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការសិក្សា ទាមទារ​ឱ្យមាន​ការអនុវត្ត​ច្រើន ដំបូង​ជួប​បញ្ហា​ច្រើន ក្នុងការ​សម្រប​ខ្លួន​ជាមួយ​គ្រឿងចក្រ ពិសេស​ខ្លួន​ជា​ស្រី​មិនសូវ​ដែល ទៅ​ខ្វល់​នឹង​រឿង​ពួក​ម៉ាស៊ីន​ទេ​ពីមុនមក​។ ឥឡូវ ត្រូវ​ប្ដូរ​ពី​មនុស្ស មិនដែល​សូម្បីតែ​ចាប់​ដែកគោល​ដំ ជា​អ្នក​មិន​ហ៊ាន​ចាប់​គ្រឿង​ស្វាន គ្រឿង​កាត់ គ្រឿង​ក្លឹង ការ​ផ្សារ រួមទាំង​ការចាក់​ពុម្ព​ក្នុង​រោង​ឡ​ជាដើម​។ ចំពោះ​ករណី​ចាំបាច់​ត្រូវ​ប្រើ​កម្លាំង​ច្រើន នឹងមាន​ការសម្រួល​ពី​ខាង​បុរសៗ​»​។ 
 
​ទោះយ៉ាងណា ក៏​ជ្រើសរើស​របស់ខ្លួន បានទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គ្រួសារ​របស់​នាង ដែលជា​កត្តា​ជំរុញ​យ៉ាងសំខាន់ និង​ការលំបាក​នានា ក្នុងការ​សិក្សា​របស់​នា​ង​នៅក្រៅ​ប្រទេស​ផងដែរ​។ និស្សិត ឡុង សុខ​ហេង រៀបរាប់​ពី​ថា​៖«​រាល់ពេល​នឿយ​ខ្លាំង ធុញ​នឹង​ជីវិត​សិក្សា ខ្ញុំ​តែងតែ​មើល​រូបថត​អ្នកផ្ទះ ព្រោះ​គ្រប់ពេល​បានឃើញ​ពួកគាត់ វា​រម្លឹក​ខ្ញុំ​រហូត​ថា ត្រូវតែ​រៀន​ឱ្យ​ឆាប់​ចប់​ព្រោះ​មាន​អ្នក​ចាំ​នៅឯ​ផ្ទះ​។ នេះហើយ​ជា​កម្លាំងចិត្ត​ចម្បង​របស់ខ្ញុំ​»​។ 


 
 
​ដោយមាន​ការគាំទ្រ លើកទឹកចិត្ត ចំពោះ​ក្ដី​ស្រមៃ ចង់​ក្លាយជា​អ្នក​រួមចំណែក ក្នុងការ​អភិវឌ្ឍ​វិស័យ ក​សិ​-​ឧស្សាហកម្ម ក្នុងប្រទេស​កម្ពុជា និស្សិត​ឆ្នាំ​ទី​៣ រូបនេះ​តាំងចិត្ត​ថា​នឹង​រឹតតែ​ប្រឹងប្រែង​សិក្សា​ជំនាញ​ដែល​ត្រូវ​ប្រើ​កម្លាំង​ច្រើន​នេះ​បន្ថែមទៀត ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​មួយ សម្រាប់​ប្រទេសជាតិ​។ និស្សិត​រូបនេះ​ជឿថា នាពេល​អនាគត ជំនាញ​របស់ខ្លួន នឹង​កាន់តែ​សំខាន់ និង​មាន​ទីផ្សារ​ច្រើន ព្រោះ​ឧស្សាហកម្ម​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ស្រប​ពេលដែល​កម្ពុជា កំពុង​ដើរ​ឆ្ពោះទៅ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​នោះ​។​
​ក្រៅពី​តាំងចិត្ត​យ៉ាង​មុតមាំ ក្នុងការ​សិក្សា កញ្ញា ឡុង សុខ​ហេង ក៏​លើកទឹកចិត្ត​ដល់​នារី​ដទៃទៀត កុំ​ឲ្យ​រារែក​ក្នុងការ​ជ្រើសរើស​ជំនាញ​សិក្សា ឬ​ធ្វើ​អ្វីដែល​ពួកគេ​ស្រឡាញ់ បើទោះជា​ជំនាញ មិនសូវមាន​នារី​សិក្សា​ច្រើន​ក៏ដោយ​។ «​ក្នុងនាម​ខ្ញុំ​ជា​នារី​ម្នាក់ ខ្ញុំ​គិតថា​អ្វីដែល​បុរស​ធ្វើបាន​នារី ក៏​អាចធ្វើ​បានដែរ គ្រាន់តែ​រឿង​ខ្លះ ត្រូវ​ប្រើ​វិធីសាស្ត្រ​ផ្សេងគ្នា​ប៉ុណ្ណោះ​។ យើង​ត្រូវ​ចេះ​ផ្តល់​តម្លៃ និង មាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង ហើយ​នាំ​ខ្លួនឯង​ទៅរក​ទី​ខ្ពស់ ដោយ​បន្ត​ការសិក្សា​ឱ្យបាន​ជ្រៅជ្រះ ដើម្បី​មើល​ពិភពលោក​ឱ្យបាន​ទូលំទូលាយ​ជាង​មុន​»៕ 
 
 

Tag:
 ឡុង សុខ​ហេង​
  វិស្វកម្ម​
 ​ឧស្សាហកម្ម​
  និស្សិត​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com