ជាតិ
កញ្ញា រ័ត្ន រសលក្ខណ៍ លក់​នំ​សណ្ដែក​រូប​ផ្លែឈើ​ចម្រុះ​ពណ៌ បាន​៧០០​នំ​ក្នុង​មួយថ្ងៃ
06, Mar 2021 , 10:29 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី 

​ភ្នំពេញ​៖ កញ្ញា រ័ត្ន រសលក្ខណ៍ ជា​អ្នកលក់​នំ​សណ្ដែក​រូប​ផ្លែឈើ​ចម្រុះ​មួយរូប ជិត​ផ្សារ​អូរឫស្សី និង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ស្ត្រី​វ័យ​៣០​ឆ្នាំ រូបនេះ​ទើបនឹង​ចាប់ផ្ដើម​លក់​នំ​សណ្តែក ដែលមាន​វត្ថុធាតុដើម​សំខាន់ គឺ​សណ្ដែកបាយ និង​ខ្ទិះដូង​នេះ បាន​ប្រមាណ​ជា ៤​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម​។ ក្នុង​មួយថ្ងៃ កញ្ញា រ័ត្ន រសលក្ខណ៍ អាច​លក់​នំ​បាន​ពី ចន្លោះ ៧០០ ទៅ ១,០០០​នំ ហើយ​ចំណូល​វិញ​បាន​ពី​៣០​ម៉ឺន ទៅ​៤០​ម៉ឺន​រៀល​។

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​បទសម្ភាសន៍ រវាង​លោក ស៊ុ​ល រ៉​វី អ្នកសារព័ត៌មាន​ThmeyThmey25 និង​កញ្ញា រ័ត្ន រសលក្ខណ៍ អ្នកលក់​នំ​សណ្ដែក​រូប​ផ្លែឈើ​ចម្រុះ ដូចតទៅ​៖
​កញ្ញា រ័ត្ន រសលក្ខណ៍ ជា​ធ្វើ និង​អ្នកលក់​នំ​សណ្ដែក​រូប​ផ្លែឈើ​ចម្រុះ ដែលមាន​ទីតាំងនៅ ភូមិ​៦ សង្កាត់​អូរឫស្សី ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ កញ្ញា រសលក្ខណ៍ ទើប​ចាប់ផ្តើម​អាជីវកម្ម​ប្រមាណ​៤​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​នំ​សណ្តែក​រូប​ផ្លែឈើ​ចម្រុះ​ពណ៌​នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​រហ័ស​។ 
 
​បើតាម កញ្ញា រ័ត្ន រសលក្ខណ៍ នំ​សណ្តែក​រូប​ផ្លែឈើ​នេះ ជា​នំ​ដែល​ខ្លួន ក៏ដូចជា​មនុស្ស​ដែលមាន​វ័យ​ស្របាល​ខ្លួន ធ្លាប់​ទទួលទាន​ជា​ញឹកញាប់​កាលពី​កុមារ​។ តាមរយៈ​ការចងចាំ និង​អនុស្សាវរីយ​ទាំងអស់នោះ​ហើយ ដែលនាំឱ្យ កញ្ញា រសលក្ខណ៍ នឹកឃើញ​ដល់​អាជីវកម្ម​មួយ​នេះ​។ 


 
​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Thmeythmey25 កញ្ញា រសលក្ខណ៍ បាន​រៀបរាប់​ទៀតថា ការលក់ដូរ​របស់ខ្លួន​សព្វថ្ងៃ ទទួលបាន​ការ​កា​រក​ម្មង់​ឥត​ដាច់​ពី​អតិថិជន​ជាពិសេស​នៅលើ​បណ្ដាញ​សង្គម​ផ្ទាល់​។ ម្ចាស់​អាជីវកម្ម​វ័យ​៣០​ឆ្នាំ​រូបនេះ ឱ្យដឹងទៀតថា ខ្លួន​អាច​លក់បាន​ចន្លោះ​ពី​៧០០​នំ ទៅ​១០០០​នំ ក្នុង​មួយថ្ងៃ​។ រីឯ​ប្រាក់ចំណូល បាន​ចន្លោះ​៣០​ម៉ឺន ទៅ​៤០​ម៉ឺន​រៀល​។ 
 
​ទោះជា​បច្ចុប្បន្ន នំ​សណ្តែក​រូប​ផ្លែឈើ​របស់ខ្លួន ទទួលបាន​ការគាំទ្រ​ច្រើនក្តី ប៉ុន្តែ​យុវតី​រូបនេះ អះអាងថា អាជីវកម្ម​ផ្នែក​ម្ហូបអាហារ​នេះ មានការ​នឿយហត់​ខ្លាំង បើ​ធៀប​នឹង​ការលក់ដូរ​សម្លៀកបំពាក់​តាម​អន​ឡាញ​ដែល​ខ្លួន​ធ្លាប់ធ្វើ​។ មិនតែប៉ុណ្ណោះ ពីដំបូង​កញ្ញា ក៏​ខ្វល់ចិត្ត និង​ប្រឹងប្រែង​ខ្លាំង​ដែរ ក្នុងការ​ផ្សព្វផ្សាយ​ពី​ផលិត​នំ​របស់ខ្លួន​។ «​ការផលិត​នំ​នេះ​ចាយ​ពេលវេលា​។ ចំនួន​នំ ប្រមាណ​ជា ៧០០ ទៅ ១,០០០​នំ ត្រូវ​ចាយ​ពេល​ប្រមាណ​ពី ៣ ទៅ ៤​ម៉ោង ក្នុង​ការផលិត​។ ពីដំបូង​ទី លក់​តែ ១០០​នំ លក់​អត់​អស់​ទេ ដោយសារ​អត់​ទាន់​មាន​អ្នក​ស្គាល់​»​។​


 
​បើតាម កញ្ញា រសលក្ខណ៍ រសជាតិ និង​ការកសាង​ទំនុកចិត្ត​អតិថិជន គឺជា​កត្តា​សំខាន់ ដែល​ជំរុញ​ឲ្យ​អាជីវកម្ម​របស់ខ្លួន ដំណើរការបាន​ដូច​ពេល​សព្វថ្ងៃនេះ ហើយ​វា​បាន​ក្លាយជា​ប្រភព​ចំណូល​ចម្បង​សម្រាប់ កញ្ញា រសលក្ខណ៍ បន្ថែម​ពី​ការលក់​ភេសជ្ជៈ​។ ស្ត្រី​រូបនេះ ក៏មាន​បំណង​ពង្រីក​ការផលិត​បន្ថែមទៀត នៅពេល​ខាងមុខ​ដែរ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​។ នំ​សណ្តែក​មាន​វត្ថុធាតុដើម​សំខាន់ គឺ​សណ្ដែកបាយ និង​ខ្ទិះដូង ហើយ​រូប​ផ្លែឈើ ឬ​រូប​សត្វ​គឺមាន​ពុម្ព​សម្រាប់​ចាក់​ជាស្រេច​។ ប៉ុន្តែ​រូប​ខ្លះ ក៏​សូន​ដោយ​ដៃ​ភ្លាមៗ​ដែរ​។ បន្ទាប់ពី​ចាក់​នំ ចេញ​ជា​រូបរាង​សត្វ ឬ​ផ្លែឈើ​នីមួយៗ​តាម​តម្រូវការ​ហើយ ទើប​កញ្ញា រសលក្ខណ៍ ចាប់ផ្តើម​លាប​ពណ៌​នំ ដោយ​ប្រើ​ពណ៌​សម្រាប់​ដាក់​អាហារ ហើយ​ជ្រលក់​ចូលទៅក្នុង​ចាហួយ និង​ទុក​រហូត​ផ្នែក​ចាហួយ​នោះ​រឹង ទើប​អាចដាក់​លក់បាន​។ បើតាម កញ្ញា រសលក្ខណ៍៕






 

Tag:
 ThmeyThmey25
  នំ​សណ្ដែក​ផ្លែឈើ​គ្រប់មុខ​
  រ័ត្ន រស​វ​ឡ​ក្ខ​ណ័​
  Voleak Roth
© រក្សាសិទ្ធិដោយ thmeythmey.com