ភ្នំពេញ៖ អ្នកស្រី សុខ ចន្ធូ ជាម្ចាស់សិប្បកម្មបាយដំណើបបំពងគ្រឿងម៉ាក់អូនឌី ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម្ចាស់សិប្បកម្មវ័យ ២៧ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ការចាប់ផ្ដើមសិប្បកម្មដំបូងមានដើមទុនត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ។បច្ចុប្បន្នមានការគាំទ្រច្រើនអាចរកចំណូលពី ៤ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារ ក្នុងមួយខែ។
ការបង្កើតមុខរបរ ដើម្បីរកចំណូលតាមប្រព័ន្ធអនឡាញ ជាគំនិតឆ្លាតវៃ របស់សហគ្រិន នាពេលបច្ចុប្បន្ន។ ហើយនេះ ក៏ស្ថិតក្នុងគំនិតរបស់អ្នកស្រី សុខ ចន្ធូ ដែរ ដែលបង្កើតសិប្បកម្មបាយដំណើបបំពងគ្រឿងម៉ាក់អូនឌី។ «ដំបូងសាកធ្វើលក់អនឡាញលេងៗ ត្រឹមដើមទុន១០ម៉ឺនរៀល ព្រោះមិនចង់នៅតែធ្វើការឲ្យគេ មិនស្មានថា ឥលូវមានការគាំទ្រច្រើន»។ នេះជាការលើកឡើងរបស់អ្នកនាង សុខ ចន្ធូ។
បាយក្ដាំងដែលអ្នកស្រី ចន្ធូ រៀបផ្ញើឲ្យអតិថិជន
ស្ត្រីវ័យក្មេងរូបនេះ បាននិយាយទៀតថា អ្វីដែលធ្វើឲ្យសិប្បកម្មបាយក្ដាំងរបស់អ្នកស្រី ទទួលការគាំទ្រច្រើនគឺផ្ដោតសំខាន់លើ រសជាតិ និងអនាម័យ។ សម្រាប់បាយក្ដាំងម៉ាក់អូនឌី មានរសជាតិប្លែកពីបាយក្ដាំងដទៃ ព្រោះផ្សំពីអង្ករដំណើប ៧០ភាគរយ អង្ករខ្សាយ ៣០ភាគរយ សាច់មាន់សម្ងួត ការផ្សំរសជាតិទឹកត្រី រួមនឹងការវេចខ្ចប់។ លក្ខណៈពិសេសនេះហើយ ធ្វើឲ្យបាយក្ដាំងអ្នកស្រី ចន្ធូ មិនត្រឹមមានការគាំទ្រច្រើនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានតំណាងចែកចាយបន្តទៅប្រទេសកូរ៉េខាងត្បូងផងដែរ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 តាមទូរសព្ទអ្នកស្រី សុខ ចន្ធូ បានលើកឡើងថា ការចាប់ផ្ដើមអាជីវកម្មមួយ មិនចាំបាច់ទាល់តែមានដើមទុនច្រើននោះទេ ពិសេសបច្ចុប្បន្ន សម្រាប់មនុស្សស្រី មិនត្រូវពឹងផ្អែកតែលើមនុស្សប្រុសនោះទេ។ អ្នកស្រីបន្ថែមថា៖«សម័យហ្នឹងហើយ ជាមនុស្សស្រី កុំចាំតែចាយលុយមនុស្សប្រុស ទោះលក់អនឡាញដើមទុនតិចក៏ដោយ ឲ្យតែគាត់ចង់ធ្វើ ផ្ដោតចិត្តថាធ្វើឲ្យបាន និងកុំបោះបង់»។
រូបភាពផ្ដល់ឲ្យ
សម្រាប់ការងារគ្រប់គ្រងសិប្បកម្ម ទោះជាលក្ខណៈគ្រួសារពិតមែន សម្រាប់អ្នកស្រី សុខ ចន្ធូ ក៏មានគន្លឹះមួយចំនួន ដើម្បីឲ្យសិប្បកម្មដំណើរការបានល្អ គឺការរក្សាអត្តសញ្ញាណផលិតផលរបស់ខ្លួន។ ក្នុងន័យនេះ អ្នកស្រីពន្យល់យ៉ាងដូច្នេះ៖«គេស្គាល់បាយក្ដាំងយើង ដោយសាររសជាតិ អ៊ីចឹងយើងត្រូវរក្សាគុណភាព និងរសជាតិ របស់បាយក្ដាំងឲ្យដូចដើម។ ហើយត្រូវរកវិធីធ្វើយ៉ាងណា ឲ្យផលិតផលយើងកាន់តែល្អ»។
ការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ធ្វើឲ្យសិប្បកម្មបាយក្ដាំង របស់អ្នកស្រី សុខ ចន្ធូ មានការគាំទ្រខ្លាំង ដូច្នេះវាក៏ជាឱកាស សម្រាប់ស្ត្រីផ្សេងទៀត ដែលចង់រកចំណូលបន្ថែម ពីបណ្ដាញសង្គម។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ អ្នកស្រី ចន្ធូ គ្រោងពង្រីកទំហំសិប្បកម្ម និងមានគម្រោងលក់ហ្វ្រេនឆាយ បាយក្ដាំងម៉ាក់អូនឌី នៅថ្ងៃខាងមុខ។
សម្រាប់បាយដំណើបបំពងគ្រឿងម៉ាក់អូនឌី មានពីរទំហំ សម្រាប់កញ្ចប់តូចតម្លៃ ៧ ០០០រៀល និងកញ្ចប់ធំតម្លៃ ១៥ ០០០រៀល ដែលអាចរក្សាទុករយៈពេល ៣ខែ ទៅ ៤ខែ។ បច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រី សុខ ចន្ធូ មានផលិតផលដូចជា បាយក្ដាំង នំនុយបំពង បាញ់ត្រាង និងបន្លែបំពង ដែលមានតំណាងចែកចាយទូទាំងប្រទេស រួមទាំងប្រទេសកូរ៉េផងដែរ៕
អ្នកស្រី សុខ ចន្ធូ ម្ចាស់សិប្បកម្មបាយដំណើបបំពងម៉ាក់អូនឌី(រូបផ្ដល់ឲ្យ)
អ្នកស្រី សុខ ចន្ធូ ម្ចាស់សិប្បកម្មបាយដំណើបបំពងម៉ាក់អូនឌី(រូបផ្ដល់ឲ្យ)