ជាតិ
សង្គមជាតិ
ទោះបី​ជំងឺ​កូ​វីដ​-១៩​គំរាមកំហែង តែ​កញ្ញា អ៊ឹង មរកត នៅតែ​បន្ត​មហិច្ឆតា​រៀន​នៅ​បរទេស​
08, Mar 2021 , 7:59 am        
រូបភាព
រូបកញ្ញា អ៊ឹង មរកត អតីតនិស្សិតផ្នែកបុរាណវិទ្យា នៅមហាវិទ្យាល័យបុរាណវិទ្យា បានជាប់អាហារូបករណ៍ផ្នែកប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍នៅប្រទេសអង់គ្លេស
រូបកញ្ញា អ៊ឹង មរកត អតីតនិស្សិតផ្នែកបុរាណវិទ្យា នៅមហាវិទ្យាល័យបុរាណវិទ្យា បានជាប់អាហារូបករណ៍ផ្នែកប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍នៅប្រទេសអង់គ្លេស
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន​ទំហំ​នៃ​ការ​រាតត្បាត​កូ​វីដ​-១៩​ជុំវិញ​ពិភពលោក​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​ទេ​។ ទោះបី​ពិភពលោក​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នេះ​ក្តី ក៏​និស្សិត អ៊ឹង មរកត អតីត​និស្សិត​ផ្នែក​បុរាណវិទ្យា​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា នៅតែ​មិន​បោះបង់​ក្តី​ស្រមៃ ដែល​ចង់ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ឡើយ​។

 
​កញ្ញា អ៊ឹង មរកត អតីត​និស្សិត​ផ្នែក​បុរាណវិទ្យា​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា ទើបតែ​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​ប្រវត្តិ​សិល្បៈ​អាស៊ីអាគ្នេយ៍​នៅ​ចក្រភព​អង់គ្លេស​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​។ អាហារូបករណ៍​នេះ​ជា​បំណងប្រាថ្នា​របស់​និស្សិត​ដែលមាន​វ័យ​២៥​ឆ្នាំ​រូបនេះ​។ 
 


​និស្សិត​ដែលមាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​រូបនេះ​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​ពីព្រោះ​មិនដឹងថា​ពេលណា​ទើប​វិបត្តិ​កូ​វីដ​-១៩​នេះ​សាបរលាប​ទៅវិញ​នោះទេ​។ បរិបទ​កូ​វីដ​-១៩​មិនមែនជា​ឧបសគ្គ​រាំងស្ទះ​ក្នុងការ​សិក្សា និង​សម្រេច​គោលបំណង​របស់ខ្ញុំ​នោះទេ​។ យើង​នៅតែ​បន្ត​ការសិក្សា​បាន​តាមរយៈ​ការសិក្សា​ពី​ចម្ងាយ និង​ការ​សម្រប​ខ្លួន​រៀន​រស់នៅ​តាមបែប​គន្លង​ថ្មី​»​។​
​ការចាកចេញ​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​របស់​កញ្ញា អ៊ឹង មរកត មិនទាន់អាចកំណត់​​ថា​កញ្ញា​នឹង​ទៅ​សិក្សា​នៅ​ទីនោះ​នៅ​ពេលណានៅឡើយទេ។ 
 
​ថ្វី​ដ្បិត​កញ្ញា​មរកត នៅមាន​ពេល​ដ៏​យូរ​ទៀត​ទើប​ដល់​ទាន់​ពេលដែល​ត្រូវ​ចាកចេញ​មាតុភូមិ​ខ្លួន​ទៅ​សិក្សា​នៅ​អង់គ្លេស ប៉ុន្តែ​កញ្ញា​ត្រូវ​រៀន​បំប៉ន​ភាសា​អង់គ្លេស​រយៈពេល​បន្ថែម​រយៈពេល​៤​ខែ​សិន​។ 
 
​ទោះបី​ខ្លួន​មិនទាន់បាន​សិក្សា​នៅ​ទីនោះ​ក្តី ប៉ុន្តែ​មរកត​អះអាងថា​ខ្លួន​នឹង​យកចំណេះ​ជំនាញ​ពី​បរទេស​ត្រឡប់មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​វិញ​។ កញ្ញា មរកត បាន​ថ្លែងប្រាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​យកចំណេះ​ដឹង​ដែល​រៀនសូត្រ​បាន រួមទាំង​បទពិសោធន៍​ដែល​ទទួលបាន​មកប្រើប្រាស់​ក្នុង​វិស័យ​ខ្លួន​វិញ តាមរយៈ​ការចូលរួម​ជា​កិច្ចការងារ​ផ្សេងៗ ដូចជា​ការស្រាវជ្រាវ បោះពុម្ពផ្សាយ និង​ចែករំលែក​អំពី​អ្វីដែល​ខ្ញុំ​នឹង​ទទួលបាន​ពី​ទីនោះ មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​»​។​


 
​បច្ចុប្បន្ននេះ និស្សិត​ដែល​ត្រូវ​សិក្សា​បន្ត​នៅ​បរទេស​នោះ ត្រូវ​ពន្យារពេល​សិក្សា ពី​សំណាក់​ប្រទេស​សាមី​នីមួយៗ​។ កាលពី​ឆ្នាំ​២០២០ មាន​និស្សិត​ជាង​៤០០​នាក់ ដែល​ត្រូវ​សិក្សា​នៅ​បរទេស តាមរយៈ​កម្មវិធី​ក្រសួង​អប់រំ យុវជន និង​កីឡា មិនទាន់បាន​ចេញទៅ​សិក្សា​តាម​គម្រោង​ឡើយ​។​
 
​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ក្នុង​សន្និសីទកាសែត ក្រោយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៤ មីនា ដោយ​ផ្ដល់​អាទិភាព​ដល់​និស្សិត​រៀន​បន្ត​នៅក្រៅ​ប្រទេស អាច​ចាក់​វ៉ាក់សាំង​ផងដែរ ដើម្បី​អាចឱ្យ​ពួកគេ​មានឱកាស​ចេញទៅ​សិក្សា​នៅ​ប្រទេសក្រៅ​៕
 
 
 

Tag:
 អាហារូបករណ៍​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com