ជាតិ
សង្គមជាតិ
គ្រូ​វ័យ​ជាង​៥០​ឆ្នាំ ប្រឹង​រត់តាម​បច្ចេកវិទ្យា ដើម្បី​បង្រៀន​សិស្ស​តាម​អន​ឡាញ ក្នុង​វិបត្តិ​កូ​វីដ​-១៩
08, Mar 2021 , 8:59 am        
រូបភាព
រូបពីឆ្វេងនៅខាងលើគឺ​អ្នកគ្រូ​ ម៉ា ផល្លា រូបពីឆ្វេងចុះក្រោមគឺ អ្នកគ្រូ​ ម៉ែន សូឡាណែត,អ្នកគ្រូ ជេត សម្ផស្ស និងអ្នកគ្រូ​ កែវ យុទ្ធារី
រូបពីឆ្វេងនៅខាងលើគឺ​អ្នកគ្រូ​ ម៉ា ផល្លា រូបពីឆ្វេងចុះក្រោមគឺ អ្នកគ្រូ​ ម៉ែន សូឡាណែត,អ្នកគ្រូ ជេត សម្ផស្ស និងអ្នកគ្រូ​ កែវ យុទ្ធារី
ដោយ:
​ភ្នំពេញ​៖ ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ជាង​១​ឆ្នាំនេះ បាន​ជំរុញ​វិស័យ​អប់រំ​ឲ្យ​ដើរ​ទាន់​បច្ចេកវិទ្យា​ទំនើប​។ ប៉ុន្តែ​គ្រូបង្រៀន​នៅតែ​ជួប​ផល​លំបាក​នៃ​ការបង្រៀន​តាម​អន​ឡាញ​នេះ ព្រោះ​វា​ជា​បច្ចេកវិទ្យា​ថ្មី​នៃ​ការអប់រំ​។ សម្រាប់​គ្រូ​វ័យ​ជាង​៥០​ឆ្នាំ បាន​ប្រឹង​រត់តាម​បច្ចេកវិទ្យា ដើម្បី​បង្រៀន​សិស្ស​តាម​អន​ឡាញ ក្នុង​វិបត្តិ​កូ​វីដ​-១៩​នេះ​។​

 
​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការបង្រៀន​តាម​អន​ឡាញ​ក្នុង​បរិបទ​កូ​វីដ​-១៩ គឺជា​រឿង​ដ៌​លំបាក​សម្រាប់​អ្នកគ្រូ កែវ យុ​ទ្ធា​រី ដែល​បង្រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​។ ដូច្នេះ​រាល់​ពេលដែល​អ្នកគ្រូ កែវ យុ​ទ្ធា​រី ត្រូវ​បង្រៀន​សិស្ស​តាម​អន​ឡាញ​ម្តងៗ គឺ​អ្នកគ្រូ​តែងតែ​ពឹងពាក់​ឲ្យ​សិស្ស​ជួយ​បើក​កម្មវិធី​Zoom និង​កម្មវិធី​ផ្សេងៗ​ទៀត​។ 


សកម្មភាពបង្រៀនតាមអនឡាញរបស់អ្នកគ្រូ ម៉ា ផល្លា គ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប 

​អ្នកគ្រូ​ដែលមាន​បទពិសោធ​បង្រៀន​ជិត​២០​ឆ្នាំនេះ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ខ្ញុំ​បង្រៀន​ដូចជា​ធម្មតា​ទេ ប៉ុន្តែ​ការប្រើប្រាស់​បច្ចេកវិទ្យា​គឺ​លំបាក​។ កូនសិស្ស​ជា​អ្នកបើក​កម្មវិធី​Zoom តែបើ​ឲ្យ​បើក​ខ្លួនឯង​គឺ​បើក​គ្មាន​កើត​ទេ​។ ឥឡូវ​ក៏​នៅតែ​រដិបរដុប​។ ជួនកាល​បើក​បាន ក៏​បង្រៀន​ទៅ ជួនកាល​បើក​មិន​ចេញ ខ​ល​ហៅ​កូនសិស្ស និង​មានកូន​សិស្ស​តាម​ជួយ​មើល​ឲ្យ​រហូត​ហ្នឹង​»​។​
 
​ការគ្រប់គ្រង​វត្តមាន​សិស្ស និង​ការតាមដាន​ការសិក្សា​របស់​សិស្ស​ក៏​ជា​រឿង​លំបាក​មួយទៀត​សម្រាប់ អ្នកគ្រូ យុ​ទ្ធា​រី ផងដែរ​។ ស្ថិតក្នុង​វ័យ​៥៨​ឆ្នាំ អ្នកគ្រូ យុ​ទ្ធា​រី បានលើកឡើង​ដូច្នេះ​ថា​៖«​ពេល​យើង​បង្រៀន​ទល់មុខ យើង​ដឹងថា​សិស្ស​ទទួលបាន​ចំណេះដឹង​ប៉ុណ្ណា​។ តែបើ​បង្រៀន​តាម​អន​ឡាញ ចំណេះដឹង​របស់​សិស្ស​រៀ​ង​ធ្លាក់ចុះ​។ យើង​គ្រប់គ្រង​គាត់​អត់​បាន បារម្ភ​ខ្លាច​គាត់​អត់​ចូលរៀន រៀន​មិនកើត សួរ​មិនកើត ពីព្រោះ​ពិបាក​ហៅ​គ្នា​ទៅវិញទៅមក​»​។​
 
​សម្រាប់​អ្នកគ្រូ ជេ​ត សម្ផស្ស បង្រៀន​មុខវិជ្ជា​រូបវិទ្យា និង​គីមីវិទ្យា​ថ្នាក់​ទី​៧ នៅ​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ ក៏​កំពុង​ជួបប្រទះ​នឹង​បញ្ហា​គ្រប់គ្រង​សិស្ស​ក្នុងអំឡុងពេល​បង្រៀន​តា​ម​អន​ឡាញ​ផងដែរ​។ «​ខ្ញុំ​បង្រៀន​ក្មេង​តូចៗ​។ កាលដែល​យើង​បង្រៀន​តាម​អន​ឡាញ​ទៅ ក្មេង​តូចៗ​គឺ​ទាល់​តែមាន​អាណាព្យាបាល​គាត់​ចូលរួម ហើយ​បើ​អាណាព្យាបាល​គាត់​អត់​ចូលរួម​ទេ យើង​ពិបាក​នឹង​ហៅ​គាត់​តាម​ណា បើ​យើង​អត់​ស្គាល់​ផ្ទះ​គាត់​»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកគ្រូ ជេ​ត សម្ផស្ស​ដែលមាន​វ័យ​៥៣​ឆ្នាំ​។ 


សកម្មភាពបង្រៀនផ្ទាល់របស់អ្នកគ្រូ កែវ យុទ្ធារី​ នៅវិទ្យាល័យបាក់ទូក 

​បច្ចុប្បន្ន​អ្នកគ្រូ សម្ផស្ស ហាក់​មិនមាន​បញ្ហា​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​បង្រៀន​តាម​អន​ឡាញ​ឡើយ ក្រោយពី​អ្នកគ្រូ​បាន​ឆ្លងកាត់​ការបង្រៀន​តាម​អន​ឡាញ​រយៈពេល​មួយឆ្នាំ​កន្លងមក​។ អ្នកគ្រូ សម្ផស្ស បាន​និយាយ​ដូច្នេះ​ថា​៖«​ការបង្រៀន​តាម​អន​ឡាញ ខ្ញុំ​ដឹងបាន​ច្រើនជាង​មុន ខ្ញុំ​ដឹងថា​ត្រូវ​ប្រើ​ម៉េច និង​ត្រូវ​ហៅ​សិស្ស​រៀន​ម៉េច​»​។ 
 
​ចំពោះ​អ្នកគ្រូ ម៉ា ផល្លា បង្រៀន​សិស្ស​ថ្នាក់​ទី​៥ នៅ​សាលាបឋមសិក្សា​វត្ត​បូព៌ ក៏​មិនមាន​បញ្ហា​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​បង្រៀន​តាម​អន​ឡាញ​ដូចនឹង​អ្នកគ្រូ ជេ​ត សម្ផស្ស ផងដែរ​។ «​សាលារៀន​របស់ខ្ញុំ​គឺ​បាន​បណ្តុះ​គ្រូ​ទាំងអស់​ឲ្យ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ ហើយ​គ្រូ​ម្នាក់​ត្រូវមាន​កុំព្យូទ័រ​មួយ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកគ្រូ ម៉ា ផល្លា​។ 
 
​ចំណែក​អ្នកគ្រូ ម៉ែន សូ​ឡា​ណែ​ត ដែល​បង្រៀន​ភាសា​ខ្មែរ​ថ្នាក់​ទី​៧​និង​ទី​៩​នៅ​សាលារៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក៏​រឹតតែ​មិន​ស្មុគស្មាញ​នឹង​ការបង្រៀន​តាម​អន​ឡាញ និង​ការតាមដាន​សិស្ស​ឲ្យ​ចូលរៀន​តាម​អន​ឡាញ​ឡើយ ពីព្រោះ​អ្នកគ្រូ​មាន​បទពិសោធ​បង្រៀន​តាម​អន​ឡាញ ការប្រើប្រាស់​បច្ចេកវិទ្យា​បាន​យ៉ាង​ស្ទាត់ជំនាញ និង​មាន​បច្ចេកទេស​បង្រៀន​ដល់​សិស្ស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ 


អ្នកគ្រូ ជេត សម្ផស្ស បង្រៀនមុខវិជ្ជា រូបនិងគីមីវិទ្យាថ្នាក់ទី៧ នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី 

​អ្នកគ្រូ​វ័យ​៥៧​ឆ្នាំ​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រសិន​យើង​ជា​គ្រូ អត់​មានការ​គ្រប់គ្រង​ពួកគាត់ ការបង្រៀន​តាម​អន​ឡាញ​យើង​អត់​មាន​ប្រសិទ្ធភាព​ទេ​។ ប្រសិន​យើង​មាន​វិធីសាស្ត្រ​គ្រប់គ្រង​ពួកគាត់ ទោះបី​ពួកគាត់​រៀន​តាម​អន​ឡាញ លទ្ធភាព​មេរៀន​ដែល​គាត់​ផ្ញើ​ឲ្យ​យើង យើង​ក៏​ដឹងថា​គាត់​ចេះ​ក្នុង​កម្រិតណា​ដែរ​»​។​
 
​ថ្វី​ត្បិត​ការបង្រៀន​តាម​អន​ឡាញ​មិន​ងាយស្រួល​សម្រាប់​គ្រូ​នីមួយៗ​ក្នុង​បរិបទ​កូ​វីដ​-១៩​ក៏ដោយ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​បង្រៀន​របស់​គ្រូ​គឺ​នៅតែមាន​សម្រាប់​សិស្ស ដើម្បី​ឲ្យ​សិស្ស​ទទួលបាន​ចំណេះដឹង​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​។ 
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា ក្រសួង​អប់រំ សង្កេតឃើញ​គ្រូបង្រៀន​ភាគច្រើន​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​បង្រៀន​តាម​អន​ឡាញ​។ ជាមួយគ្នានេះ​ក្រសួង​អប់រំ​លើកទឹកចិត្ត​ឲ្យ​គ្រូបង្រៀន​ទាំងអស់​ពង្រឹង​ផ្នែក​បច្ចេកវិទ្យា​បន្ថែមទៀត​។ 
 
«​គ្រូបង្រៀន​ដែល​ត្រូវការ​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​ដើម្បី​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​បង្រៀន​តាម​អន​ឡាញ ក្រសួង​បាន​បន្ត​ផ្តល់ឱកាស​ពង្រឹង​សម្ថ​ត​ភាព​តាម​គ្រប់​រូបភាព​។​
​គ្រូបង្រៀន​ក៏​ទទួលបាន​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ រួមមាន​ការរៀនសូត្រ​សកម្ម ការរៀន​បែប​ស្ថាបនា ការរៀន​តាមបែប​ដោះស្រាយ​បញ្ហា ការរៀន​តាមបែប​ស្រាវជ្រាវ និង​ការរៀន​តាមបែប​រិះរក រួមទាំង​បច្ចេកទេស​គ្រប់គ្រង​ថ្នាក់រៀន​ផ្ទាល់ និង​តាម​អន​ឡាញ​»​។ នេះ​ជាការ​លើក​ឡើ​របស់លោក រស់ សុ​វាចា​៕
 
 


 អ្នកគ្រូ​ ម៉ែន សូឡាណែតដែលកំពុងថតវីដេអូបង្រៀនភាសាខ្មែរសម្រាប់ក្រសួងអប់រំ​ យុវជន និងកីឡា 
 

Tag:
 អន​ឡាញ​
 ​បង្រៀន​
 ​អ្នកគ្រូ​
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com