ជាតិ
សេដ្ឋកិច្ច
ក្រៅពី​ជួយ​វិស័យ​កសិកម្ម អ្នកស្រី​សុ​ម៉ាលី បង្កើត​«​ផ្សារ​សហគមន៍​ខ្មែរ​»​ឡើង ដើម្បី​ទ្រទ្រង់​និស្សិត​ក្រីក្រ​
08, Mar 2021 , 9:59 am        
រូបភាព
អ្នកស្រី សយ សុម៉ាលី ម្ចាស់ផ្សារសហគមន៍ខ្មែរ
អ្នកស្រី សយ សុម៉ាលី ម្ចាស់ផ្សារសហគមន៍ខ្មែរ
​អ្នកស្រី សយ សុ​ម៉ាលី ជា​អាជីវករ​ប្រមូល​ទិញ​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព និង​សរីរាង្គ​គ្រប់​ប្រភេទ​ពី​ប្រជាកសិករ​ឬ​ប្រជា​សហគមន៍​នៅតាម​តំបន់​ដាច់ស្រយាល ដើម្បី​យកមក​លក់​នៅក្នុង​ផ្សារ​សហគមន៍​ខ្មែរ ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។ វត្ត​មាននៃ​ផ្សារ​សហគមន៍​ខ្មែរ​នេះ បង្កើតឡើង​ក្នុង​ឆន្ទៈ​លើក​ជួយ​ស្ទួយ​វិស័យ​កសិកម្ម​ខ្មែរ និង​ជួយ​អភិវឌ្ឍ​សហគមន៍​ឱ្យមាន​និរន្ត​ភាព ដើម្បី​កាត់បន្ថយ​ការ​ចំណាកស្រុក​និង​ភាពក្រីក្រ​របស់​ពលរដ្ឋ តាមរយៈ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ជាពិសេស​ដល់​យុវជន​ដែលជា​ស្ត្រី​។​

 
​អ្នកស្រី សុ​ម៉ាលី ជា​ស្ត្រី​មួយរូប​ដែលមាន​បទពិសោធន៍​ជាច្រើន​ក្នុង​កិច្ចការ​សង្គម តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ជាមួយ​អង្គការ​ស​ង្គ​ម​ស៊ីវិល​នានា​។ ក្នុង​រយៈពេល​ប្រឡូក​កិច្ចការ​សង្គម​ជាមួយ​អង្គការ​នានា អ្នកស្រី មើលឃើញ​បញ្ហា​ជាច្រើន​នៅក្នុង​វិស័យ​កសិកម្ម ជាពិសេស​គឺ​បញ្ហា​លើ​ផលដំណាំ​របស់​កសិករ​គ្មាន​ទីផ្សារ ដែលនាំឱ្យ​កសិករ​សម្រេចចិត្ត​លក់​ដីស្រែ​-​ចម្ការ​ចោល ទៅ​ចំណាកស្រុក​ធ្វើជា​កម្មករ​គេ​នៅ​ភ្នំពេញ ឬ​ជា​ពលករ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ​ជាដើម​។  
 
«​ការ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ក្រីក្រ មាន​ចរន្ត​កើន​ខ្លាំង​! ពលរដ្ឋ​គ្រប់​ភូមិ គ្រប់​ស្រុក ភាគច្រើន​លក់​ដីស្រែ ដីចម្ការ អស់ ហើយ​នាំគ្នា​រត់​មក​ទីក្រុង​វិញ​។ នេះ​គឺជា​ហានិភ័យ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​។ យើង​គិតថា ប្រទេស​យើង​វិស័យ​កសិកម្ម​គួរ​នាំមុខគេ តែ​បែរជា​ដើរ​ថយក្រោយ​ទៅវិញ​! រាល់ថ្ងៃនេះ ការប្រើប្រាស់​ផលិតផល​កសិផល​នៅក្នុង​ប្រទេស​យើង គឺ​នាំចូល​ពី​បរទេស​វិញ ដែលជា​ចំនួន​ច្រើន​មែនទែន​»​។ នេះ​ជាការ​យល់ឃើញ​របស់​អ្នកស្រី សុ​ម៉ាលី បន្ត​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey ដោយ​សង្កត់ធ្ងន់ថា កម្ពុជា នាំចូល​កសិផល​ពី​បរទេស ពិសេស​ពី​វៀតណាម រាប់​ចាប់តាំងពី​ការនាំ​ចូល​គល់​ស្លឹកគ្រៃ ក្រូចឆ្មា ជាដើម​។​
 
​បញ្ហា​ខាងលើនេះ ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ចិត្តគំនិត​របស់​អ្នកស្រី សុ​ម៉ាលី ក្នុងការ​បង្កើត និង​ដំណើរ​ផ្សារ​សហគមន៍​ខ្មែរ​ឡើង ដើម្បី​ចងក្រង​ជា​សហគមន៍​ដាំ​បន្លែ​-​ផ្លែឈើ ដែល​ផ្តល់​ភាពជា​គំរូ​ដល់​កសិករ​ដទៃ​ឱ្យ​ងាក​ពី​ការ​ចំណាកស្រុក មក​ក្នុង​ការដាំដុះ​វិញ​។  មកដល់​ពេលបច្ចុប្បន្ន​នេះ ផ្សារ​សហគមន៍​ខ្មែរ​ដែលមាន​ទីតាំង​តែមួយ​គត់​នៅ​ភ្នំពេញ បាន​ដំណើរការ​អស់​រយៈពេល​ជិត​៧​ឆ្នាំ​ហើយ​។​


 
​ស្ថិតនៅក្នុង​សម្លៀកបំពាក់​ជា​រ៉ូ​ប​ពណ៌​ក្រហម​លាយ​ពណ៌​ខ្មៅ​ប្រវែង​ត្រឹម​ជង្គង់​នោះ  អ្នកស្រី សុ​ម៉ាលី បន្ត​រៀបរាប់​ដោយ​ស្នាមញញឹម​អមដោយ​សំដី​ទន់ភ្លន់ យ៉ាង​ដូច្នេះ «​អ្វីដែល​ខ្ញុំ​ដាក់ចិត្ត​ធ្វើ​រាល់ថ្ងៃនេះ មិនមែនជា​អាជីវកម្ម​សុទ្ធ​នោះទេ​។ យើង​ធ្វើ​នេះ អាច​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជា​សហគមន៍​រស់នៅ​តំបន់​ផ្សេងៗ​គ្នា​។  លើសពីនេះ យើង​ក៏បាន​ជួយ​ទ្រទ្រង់​ដល់​យុវជន​ក្រីក្រ ពិសេស​ស្ត្រី ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល និង​សហគមន៍ ឱ្យបាន​សិក្សា​រៀនសូត្រ​នៅក្នុង​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ទៅតាម​មុខជំនាញ ក្នុង​វិស័យ​កសិកម្ម​និង​វិស័យ​ផ្សេងៗ​»​។​
 
​ក្រោយ​ផ្សារ​សហគមន៍​ខ្មែរ​ដំណើរការបាន​២​ឆ្នាំ អ្នកស្រី សយ សុ​ម៉ាលី បាន​បែងចែក​ប្រាក់ចំណេញ​មួយផ្នែក​ដែល​ទទួលបាន​ពី​អាជីវ​កម្មនេះ សម្រាប់​ទ្រទ្រង់​ដល់​ការសិក្សា ស្នាក់នៅ និង អាហារ របស់​និស្សិត​ក្រីក្រ​នៅ​ខេត្ត​នានា ដែល​មក​បន្ត​ចំណេះ​ជំនាញ នៅ​រាជធានី​ភ្នំពេញ​។ បើតាម​ស្ត្រី ដែលមាន​សម្បុរ​ស្រអែម រាងក្រអាញ សក់ក្រង​ពណ៌​ខ្មៅ​រលោង​ត្រឹម​ស្មា​រូបនេះ បច្ចុប្បន្ន​ផ្សារ​សហគមន៍​ខ្មែរ បាន​គាំទ្រ និង​ទ្រទ្រង់​ជីវភាព​ដល់​និស្សិត​ចំនួន​៥០​នាក់​ហើយ ឱ្យ​បញ្ចប់​ការសិក្សា​លើ​ជំនាញ​រៀងៗ​ខ្លួន​។ 
 


​និស្សិត​ក្រីក្រ​មកពី​តំបន់​ដាច់ស្រយាល ឬ​សហគមន៍​ដែល​បានបញ្ចប់​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដោយ​ទទួលបាន​ការគាំទ្រ​ពី​អ្នកស្រី សុ​ម៉ាលី គឺ​សុទ្ធសឹង​ជា​ស្ត្រី ដែលមាន​និស្សិត​ផ្នែក​កសិកម្ម ផ្នែក​កែច្នៃ ផ្នែក​គីមី​ចំណីអាហារ ផ្នែក​គ្រូបង្រៀន ផ្នែក​គណនេយ្យ​ជាដើម​...​។ «​យើង​ទទួលយក​និស្សិត​ក្រីក្រ​គ្រប់​ជំនាញ​ទាំងអស់ ពីព្រោះ​យើង​គិតថា ពេលដែល​និស្សិត​ទាំងនោះ រៀន​ចេះ​ឬ​រៀន​ចប់​ទៅ នឹង​អាច​យក​ជំនាញ​នានា ដែល បាន​ពី​សិក្សា​ពីសា​សា​រៀន ទៅ​អភិវឌ្ឍ​នៅក្នុង​សហគមន៍​របស់​ពួកគាត់​រៀងៗ​ខ្លួន​វិញ​»​។ អ្នកស្រី សុ​ម៉ាលី បាន​រៀបរាប់​យ៉ាង​ដូច្នេះ ដោយ​អះអាងថា សកម្មភាព​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​ចំពោះ​ស្ត្រី​ជា​និស្សិត​ក្រីក្រ នៅតែមាន​ជា​និរន្ត​ន៍ ក្នុងការ​គាំទ្រ​ដល់​ការ​អ​ភ​វ​ឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។​
 
​ប្រាក់ចំណេញ​សរុប​ប្រមាណ​៥០​ភាគរយ ដែល​អ្នកស្រី សុ​ម៉ាលី ទទួលបាន​ពីមុខ​ជំនួញ​កសិកម្ម  បាន​យកទៅ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធាន និង​សហគមន៍​ក្នុង​វិស័យ​កសិកម្ម​វិញ​។ ស្ត្រី​វ័យ​៣៩​ឆ្នាំ​រូបនេះ និយាយ​ដូច្នេះ​៖« វិស័យ​កសិកម្ម​យើង នូវមាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ ពីព្រោះ​យើង​មើលឃើញថា ការដាំដុះ​ដំណាំ​នានា​របស់​កសិក​រនាប​ច្ចុ​ប្បន្ន គឺ​នៅតែ​ធ្វើតាម​គ្នា  ដោយ​ឃើញ​កសិករ​ម្នាក់​ដាំ​អ្វី​បានល្អ គឺ​គ្នា​ដាំ​តាម​ដែរ​ហើយ ដោយ​មិន​គិត​អ្វី​ជា​តម្រូវការ​ជាក់ស្តែង​នៅលើ​ទីផ្សារ ដោយសារតែ​ខ្វះ​នូវ​ចំណេះដឹង​»​។  
 
​ដើម្បី​កែប្រែ​នូវ​ទម្លាប់​បែបនេះ នៅក្នុង​វិស័យ​កសិកម្ម កម្ពុជា បាន​ខ្លះ គឺ​ទាមទារ​ចាំបាច់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ដោយ​សង្ឃឹមថា សិស្ស​-​និស្សិត ដែល​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ផ្សេងៗ អាច​យក​ជំនាញ​ទាំង​នោះមក​ក្នុងស្រុក​កំណើត​រៀងៗ​ខ្លួន​ឱ្យបាន​ល្អប្រសើរ​៕ 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com