COVID-19
ជាតិ
វិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ទៀត ដែលនាំកម្ពុជាឡើងដល់ជាង១០០០ករណី
08, Mar 2021 , 7:06 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្ហាញទិដ្ឋភាពស្ងប់ស្ងាត់តាមផ្លូវនៅក្នុងខេត្ត ដោយពលរដ្ឋជាច្រើន​ត្រូវអនុវត្តវិធានចត្តាឡីស័ក។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្ហាញទិដ្ឋភាពស្ងប់ស្ងាត់តាមផ្លូវនៅក្នុងខេត្ត ដោយពលរដ្ឋជាច្រើន​ត្រូវអនុវត្តវិធានចត្តាឡីស័ក។
ដោយ: ថ្មីៗ
មនុស្សចំនួន​២៤នាក់ទៀត មានលទ្ធផល​តេស្តវិជ្ជមានកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍​២០កុម្ភៈ។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នក​កើតកូវីដ-១៩​សរុប១០១១ករណី ដោយករណីសហគមន៍២០កុម្ភៈ មាន៥០១នាក់ ភាគច្រើនជាជនជាតិចិន ខ្មែរ និង​វៀតណាម នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ហើយបន្តរាលដាលដល់ស្វាយរៀង កោះកុង កំពង់ធំ ព្រៃវែង និងកំពង់ចាម។



ក្នុងចំណោម​ករណីថ្មីទាំង​២៤ មាន​១២នាក់នៅរាជធានីភ្នំពេញ (វៀតណាម៥, ចិន៣, ខ្មែរ៤) ចិន​៧នាក់នៅខេត្តព្រះសីហនុ  ៣នាក់នៅខេត្តកណ្តាល (ចិន២, ខ្មែរ១) ស្ត្រីខ្មែរ១នាក់នៅកំពង់ធំ និងបុរសខ្មែរ១នាក់ជាករណីដំបូងនៅកំពង់ចាម។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺ១នាក់នៅព្រៃវែង និង១នាក់នៅកណ្តាល ដែលត្រូវបានប្រកាស​កាលពីម្សិលមិញ បាន​ប្តូរទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតវិញ។ ជាមួយគ្នា ករណីសះស្បើយមាន​៧នាក់បន្ថែមទៀតដែលជាករណីសហគមន៍២០កុម្ភៈទាំងអស់ ក្នុងនោះមាន​ខ្មែរ៤នាក់ និងចិន​៣នាក់។

មកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩សរុប១០១១ករណី ដោយ​៥០១ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន​៥១៧ករណី ក្នុងនោះអ្នកជំងឺព្រឹត្តិការណ៍២០កុម្ភៈ មានចំនួន​៣១នាក់ដែលត្រូវបានអនុញាតឲ្យចេញពីមន្ទីរពេទ្យ៕



© រក្សាសិទ្ធិដោយ thmeythmey.com