ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! “​ក្រលៀន ឬ​តម្រងនោម​” មាន​បញ្ហា​មិន​ខាន បើ​នៅតែ​ធ្វើបែបនេះ​
09, Mar 2021 , 6:59 pm        
រូបភាព
​តម្រងនោម គឺជា​សរីរាង្គ​ចាំបាច់​បំផុត​មួយ​ក្នុង​រាងកាយ​ដែល​ដើរតួនាទី​សំខាន់ៗ​ជាច្រើន​។ តម្រងនោម​ជួយ​កម្ចាត់​ជាតិពុល​កាកសំណល់​តាមរយៈ​ទឹកនោម​, ច្រោះ​ឈាម រក្សា​តុល្យភាព​នៃ​ជាតិ​រ៉ែ ការផលិត​អ័រម៉ូន និង​ការរក្សា​តុល្យភាព​នៃ​សារធាតុ​រាវ​។ កត្តា​ច្រើនណាស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​ដែល​មិនអាច​គ្រប់គ្រង​បាន​ក៏​ជា​មូលហេតុ​ទូទៅ​បំផុត​ដែរ​។ ទោះជា​យ៉ាងណា​តាមរយៈ​ការចៀសវាង​ទម្លាប់​និង​កម្រិត​ការទទួល​ទាន​អាហារ​មួយចំនួន​អាចជួយ​កាត់បន្ថយ​ការប្រមូលផ្ដុំ​នូវ​កាកសំណល់​ក្នុង​ឈាម ជួយ​បង្កើន​ភាពប្រសើរឡើង​នៃ​សុខភាព​តម្រងនោម និង​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗ​។  ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​មួយចំនួន ព្រមទាំង​ប្រភេទ​នៃ​អាហារ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម ៖

 
​ទម្លាប់​ដែល​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​តម្រងនោម​
១. ជក់បារី​
 
​ទម្លាប់​នេះ​មិន​ត្រឹមតែ​បង្កបញ្ហា​ដល់​តម្រងនោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាងកាយ​ទាំងមូល​តែម្ដង​! នេះ​ក៏​ព្រោះតែ​ការជក់បារី​អាច​បង្ក​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​បណ្ដាលអោយ​មានការ​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​តម្រងនោម​។​
 
២. អង្គុយ​យូរៗ​ជាប្រចាំ​
 
​ការធ្វើសកម្មភាព​រាង​កាយ​ជាប្រចាំ​អាចជួយ​ធ្វើឱ្យ​សម្ពាធ​ឈាមមាន​លក្ខណៈ​ប្រសើរឡើង​និង​សម្រួល​ការដុត​រំលាយ​គ្លុយ​កូ​ស​ដែលជា​កត្តា​សំខាន់​ក្នុងការ​រក្សាសុខ​ភាព​ត​ម្រ​ង​នោម​។ ការ​អង្គុយ​យូរៗ​ពេក​ច្រើនជាង ៨​ម៉ោង​ក្នុង​មួយថ្ងៃ​ដោយ​មិន​ក្រោម​ធ្វើ​ចលនា​សោះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​ដល់​ទៅ ៣០​ភាគរយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​យ៉ាងហោចណាស់​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ពី ២ ទៅ ៣​ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. គេង​មិនបាន​គ្រប់គ្រាន់​
 
​ការ​គេង​ឱ្យបាន​ច្រើន​គ្រប់គ្រាន់ គឺ​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ក្រលៀន ឬ​តម្រងនោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ នៅពេល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​នោះ​វា​នឹង​ជះឥទ្ធិពល​លើ​មុខងារ​នៃ​តម្រងនោម​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​តម្រងនោម​គួរឱ្យ​បារម្ភ​។ ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​បណ្ដាលឱ្យ​ស​សៃ​ឈាម​ស្ទះ ឬ​ឡើង​រឹង​ផងដែរ​។ ស្ថានភាព​នេះ​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្កើន​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​។​
 
៤. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​នោះ អ្នក​ប្រាកដជា​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​មិនខានឡើយ​។​
 
៥. ទទួលទាន​របប​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​
 
​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ហើយ​ការ​ទទួលទាន​ជាតិ​ប្រ​តេ​អ៊ី​ន​ចេញពី​សាច់សត្វ​ច្រើនពេក​បង្កើត​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ acidosis ស្ថានភាព​មួយ​ដែល​តម្រងនោម​របស់​អ្នក​មិនអាច​រក្សា​កម្រិត pH ក្នុង​រាងកាយ​ឱ្យមាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដូចជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​។​
 
៦. ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​រយៈពេល​យូរ​
 
​ទម្លាប់​នៃ​ការទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់​សឹងតែ​ជាប្រចាំ គឺ​មិនល្អ​សោះឡើយ​ចំពោះ​តម្រងនោម​។ ហើយ​អ្នក​ក៏​មិនគួរ​ទទួលទាន​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​បំបាត់​ការឈឺចាប់​តិចតួច​ឡើយ​។ ការទទួល​ទាន​ថ្នាំ​នេះ​ជាប្រចាំ​អាច​បណ្ដាលឱ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ហើយ​វា​ក៏បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​លើ​មុខងារ​នៃ​តម្រងនោម​ផងដែរ​។​
 
៧. ទទួលទាន​កាហ្វេ​ច្រើនពេក​
 
​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ផ្សារភ្ជាប់​នឹង​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​។​
 
៨. ទទួលទាន​អាហារ​ប្រៃ​ច្រើនពេក​
 
​ការទទួល​ទាន​អាហារ​ប្រៃ​ច្រើនពេក​ជាប្រចាំ គឺ​មិនល្អ​សោះឡើយ​ចំពោះ​តម្រងនោម ក៏ដូចជា​សុខភាព​រាងកាយ​ទាំងមូល​។ ការទទួល​ទាន​អាហារ​ជាតិ​អំបិល​ច្រើន​នឹងធ្វើ​ឱ្យ​តម្រងនោម​ទទួលបន្ទុក​លើស​កម្រិត​។ មិនយូរប៉ុន្មាន​តម្រងនោម​ចាប់ផ្ដើម​ចុះខ្សោយ​ប៉ះពាល់​សមត្ថភាព​មុខងារ ហើយ​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​រាវ​។​
 
៩. ទប់​នោម​យូរ​
 
​ការ​ទប់​នោម​យូរ គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​តម្រងនោម​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទប់​នោម នោះ​ទឹកនោម​នឹងត្រូវ​ស្ថិតនៅក្នុង​ផ្លោក​នោម​យូរ ហើយ​បាក់តេរី​ចាប់ផ្ដើម​លូតលាស់​កាន់តែ​លឿន​។ នៅ​ទីបំផុត​វា​អាច​បណ្ដាលឱ្យ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា ការឆ្លង​មេរោគ​ក្នុង​តំរងនោម និង​អាកា​រៈ​នោម​ទាស់​។​
 
១០. ទទួលទាន​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់​
 
​តម្រងនោម ក៏​ដូច​ទៅនឹង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ គឺ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ កង្វះ​ជាតិ​ទឹក​អាច​នាំអោយមាន​លំហូរ​ឈាម​តិច​ទៅ​តម្រងនោម​។ ជា​លទ្ធផល​ឈាម​នឹង​ប្រែជា​ខាប់​បង្ក​ផលប៉ះពាល់​ដល់​សមត្ថភាព​នៃ​តម្រងនោម​ក្នុងការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ ថា​តើ​អ្នក​អាច​ដឹងបាន​ថា​ខ្លួនឯង​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​ឬ​នៅ​បែបណា​ទៅ​? ងាយ​ណាស់ ប្រសិនបើ​អ្នកទទួល​ទាន​ទឹកបាន​គ្រប់គ្រាន់​នោះ​ទឹកនោម​របស់​អ្នកនឹង​មាន​ពណ៌​លឿង​ស្រាល ហើយ​ទឹកនោម​ដែលមាន​ពណ៌​ដិត​ណាមួយ​នោះ​អាចជា​រោគសញ្ញា​នៃ​បញ្ហា​ខូច​តម្រងនោម​។​
 
​អាហារ​គួរ​ចៀសវាង ឬ​កម្រិត​ការទទួល​ទាន​
១. សាច់​
 
​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ហើយ​ការ​ទទួលទាន​ជាតិ​ប្រ​តេ​អ៊ី​ន​ចេញពី​សាច់សត្វ​ច្រើនពេក​បង្កើត​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ acidosis ស្ថានភាព​មួយ​ដែល​តម្រងនោម​របស់​អ្នក​មិនអាច​រក្សា​កម្រិត pH ក្នុង​រាងកាយ​ឱ្យមាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដូចជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​។ របប​អាហារ​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ចេញពី​សាច់សត្វ​ខ្ពស់​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​ដោយ​សាច់​ជម្រុញ​ការផលិត​អាស៊ីត​អ៊ុយ​រិ​ក​។ អ្នក​គួរ​ព្យាយាម​ទទួលទាន​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​។​
 
២. អំបិល ឬ​អាហារ​ប្រៃ​
 
​របប​អាហារ​មាន​សុខ​ភាពល្អ​មួយ គឺមាន​ផ្ទុក​សូ​ដ្យូ​ម ឬ​អំបិល​មិន​លើសពី ២៣០០ មី​លី​ក្រាម ឬ​ប្រហែល ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ប្រៃ ឬ​អំបិល​ច្រើនពេក តម្រងនោម​ត្រូវ​ទទួលបន្ទុក​ខ្លាំង​ជាង​ធម្មតា​ដើម្បី​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​។ ជា​លទ្ធផល​យូរ​ទៅ​តម្រងនោម​នឹង​ចាប់ផ្ដើម​ចុះខ្សោយ​ប៉ះពាល់​សមត្ថភាព​មុខងារ ហើយ​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​រាវ​បង្ក​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Oxalate
 
​ក្រួស​ក្នុង​តម្រងនោម​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​កាល់ស្យូម Oxalate​។ ការកាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate រួមមាន​សូកូឡា គ្រាប់​ធញ្ញជាតិ មើម​ឆៃថាវ មើមត្រាវ និង​ផលិតផល​សណ្តែក​ជាដើម គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ជៀសផុត​ពី​បញ្ហា​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។ អ្នក​មិនចាំបាច់​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate ទាំងស្រុង​តែម្ដង​ឡើយ គ្រាន់តែ​ទទួលទាន​វា​ក្នុង​កម្រិត​មធ្យម​។​
 
៤. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​រួមមាន​បឺ​រ ឈី​ស ទឹកដោះគោ និង​យ៉ា​អួរ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ដែល​បង្កើន​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ទឹកនោម​។ ជា​លទ្ធផល​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។ សម្រាប់​អ្នក​ដែល​កំពុងមាន​ជំងឺ​តម្រងនោម​ស្រាប់ ចូរ​កាត់បន្ថយ​ការ​ទទួលទាន​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ បឺ​រ គឺជា​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់ saturated ខ្ពស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ អ្វីដែល​គួរឱ្យ​បារម្ភ​ថែមទៀត​នោះ គឺ​ជំងឺ​បេះដូង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​តម្រងនោម​។​
 
៥. អាហារ​កំប៉ុង​
 
​អាហារ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ព្រោះ​អំបិល​ត្រូវបាន​បន្ថែម​ជា​សារធាតុ​ការពារ​ដើម្បី​បង្កើន​អាយុកាល​នៃ​អាហារ​ប្រភេទ​នេះ ឬ​រក្សាទុក​បានយូរ​។ ហើយក៏​ព្រោះតែ​បរិមាណ​ខ្ពស់​នៃ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ក្នុង​ទំនិញ​កំប៉ុង វា​ត្រូវបាន​គេ​ណែ​នាំឱ្យ​អ្នក​ដែលមាន​ជំងឺ​តម្រងនោម​កម្រិត ឬ​ជៀសវាង​ការទទួល​ទាន​។ ការ​ជ្រើស​យក​ប្រភេទ​នៃ​អាហារ​កំប៉ុង​ដែលមាន​ស្លាក​បញ្ចាក់​ប្រាប់ថា “​គ្មាន​អំបិល​បន្ថែម​” ឬ​សូ​ដ្យូ​ម​ទាប គឺ​ការប្រសើរ​បំផុត​។ ការលាង​សម្អាត​និង​បង្ហូរទឹក​នៃ​អាហារ​កំប៉ុង​ដូចជា​ស្ពៃ​កំប៉ុង ត្រី​ធូ​ណា​កំប៉ុង និង​សណ្ដែក​កំប៉ុង​អាច​កាត់បន្ថយ​ជាតិ​សូ​ដ្យូ​ម​បាន​ពី ៣៣ ដល់ ៨០ ភាគរយ​អាស្រ័យ​លើ​ផលិតផល​នោះ​។​
 
៦. ស្ករស​
 
​ការទទួល​ទាន​ស្ករស ឬ​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ខ្ពស់​ច្រើន​ពេល​រួមចំណែក​បង្ក​ភាពធាត់​ជ្រុល​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ជំងឺ​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ហើយ​ជំងឺ​ទាំងពីរ​នេះ​ជា​កត្តា​នាំឱ្យ​កើតមាន​ជំងឺ​តម្រងនោម​។ ដូច្នេះ​ដើម្បី​ជៀសវាង​ធ្វើឱ្យ​តម្រងនោម​ឆាប់​ខូច ចូរ​កម្រិត​ការទទួល​ទាន​ជាតិ​ស្ករ​របស់​អ្នក​។​
 
​អាកា​រៈទូ​ទៅ​បំផុត​មួយចំនួន​ដែល​កើតឡើង​ពេល​តម្រងនោម​មាន​បញ្ហា​
១. ស្បែក​ស្ងួត​និង​រមាស់​
 
​មួយ​ក្នុងចំណោម​តួនាទី​ជាច្រើន​របស់​តម្រងនោម គឺ​ការរក្សា​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​និង​ជាត​រ៉ែ​ក្នុង​ឈាម​។ ដូច្នេះ​នៅពេល​តម្រងនោម​មានប​ញ្ហា​ស្បែក​អាច​ជួបប្រទះ​អាកា​រៈ​អតុល្យភាព​នៃ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​។ ជា​លទ្ធផល​ស្បែក​ប្រែជា​ស្ងួត​និង​រមាស់​ខុសធម្មតា​! រោគសញ្ញា​ទាំងនេះ​អាច​នឹង​
​លេចឡើង​ដោយសារតែ​បរិមាណ​ការកើនឡើង​នូវ​ជាតិ​ផូស្វ័រ​ច្រើន​ហួស​ក្នុង​រាងកាយ ខណៈដែល​តម្រងនោម​មិនអាច​ដំណើរ​មុខងារ​ប្រក្រតី​។ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​អ្នក​សង្ស័យថា​ភាពប្រែប្រួល​នៃ​ស្បែក​មិនមែន​មកពី​បញ្ហា​ស្បែក​ណាមួយ​។​
 
២. អស់កម្លាំង​ល្ហិតល្ហៃ​
 
​ជាតិពុល​និង​កាកសំណល់​អាច​ប្រមូលផ្ដុំ​ក្នុង​ប្រព័ន្ធ​រាងកាយ​ប្រសិនបើ​តម្រងនោម​ដំណើរការ​មុខងារ​មិន​ប្រក្រតី​។ ជា​លទ្ធផល​អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​ខុសធម្មតា​សូម្បីតែ​មិន​ធ្វើ​សកម្មភាព​រាងកាយ​ណាមួយ​ខ្លាំងក្លា​សោះ​។​
 
៣. ខ្វះ​គ្រាប់​ឈាមក្រហម​
 
​នេះ​ក៏​ព្រោះតែ​តម្រងនោម​ក៏មាន​មុខងារ​ផលិត​អ័រម៉ូន​ដែល​ជម្រុញ​ខួរឆ្អឹង​ឱ្យ​ផលិត​គ្រាប់​ឈាមក្រហម​ផងដែរ​។ ដូច្នេះ​កង្វះ​គ្រាប់​ឈាមក្រហម​ក៏​អាច​ផ្សារភ្ជាប់​នឹង​បញ្ហា​តម្រងនោម​គួរឱ្យកត់សម្គាល់​។​
 
៤. បញ្ហា​ពាក់ព័ន្ធ​សាច់ដុំ​
 
​ការឈឺចាប់​រមួល​សាច់ដុំ​រ៉ាំរ៉ៃ​អាច​ចង្អុលបង្ហាញ​ពី​អតុល្យភាព​នៃ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​។ ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម សុទ្ធតែជា​អេ​ឡិច​ត្រូ​លីត្រ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​មុខងារ​នៃ​សាច់ដុំ រួមទាំង​ការប្រែប្រួល​ផ្សេងៗ​ដែល​អាច​បណ្ដាលអោយ​កើតមាន​បញ្ហា​រមួល​សាច់ដុំ​។ ទោះជា​យ៉ាងណាក៏ដោយ មិនមែន​តែ​បញ្ហា​នៃ​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ប៉ុណ្ណោះ​ទេ​ដែល​បង្កបញ្ហា​រមួល​សាច់ដុំ ប៉ុន្តែ​ក៏​បណ្ដាលមកពី​បញ្ហា​សារធាតុ​រាវ​ច្រើន​លើស​ផងដែរ​។ ហើយ​ការ​រលាក​នៃ​តម្រងនោម​ដែល​សង្កត់​លើ​ចុង​ស​សៃ​ប្រសាទ​នៃ​សាច់ដុំ​ជុំវិញ​នឹង​អាច​នាំអោយមាន​អារម្មណ៍​ឈឺចាប់​។​
 
៥. នោម​ញឹក​ពេលយប់​
 
​តម្រងនោម​មាន​បញ្ហា​មិនអាច​ដំណើរការ​មុខងារ​បាន​ប្រក្រតី​ឡើយ​។ នេះហើយ​ជា​មូល​ហេតុដែល​អ្នកមាន​ជំងឺ​តម្រងនោម​ច្រើនតែ​នោម​ញឹក​ជាង​ធម្មតា​ពិសេស​នៅពេល​យប់​។ អ្នក​អាច​សម្គាល់​ឃើញថា​ទឹកនោម​ឡើង​ពពុះ​ខ្លាំង​ផងដែរ​។​
 
៦. ហើម​ប្រអប់ជើង​និង​កជើង​
 
​ការ​ហើម គឺ​បណ្ដាលមកពី​បរិមាណ​ជាតិ​ទឹក​ច្រើន​ហួស​ក្នុង​ចន្លោះ​រវាង​កោសិកា​ពីមួយ​ទៅមួយ នៅពេល​តម្រងនោម​ដំណើរការ​មុខងារ​ខុសធម្មតា​មិនអាច​បញ្ចេញ​ជាតិ​ទឺ​ក ឬ​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាងកាយ​បាន​។ ដំបូង​រោគសញ្ញា​នេះ​លេចឡើង​ត្រង់​ប្រអប់ជើង មុខ និង​ត្របកភ្នែក ប៉ុន្តែ​ក្រោយមក​ក៏​រាលដាល​ពេញ​រាងកាយ​តែម្ដង​។ ការ​ហើម​អាច​វិវត្តន៍​លឿន​ណាស់ ហើយ​ជា​ញឹកញយ​អាច​អម​មកជា​មួយ​នូវ​អាកា​រៈ មុខ​ស្លេកស្លាំង និង​ស្បែក​ស្ងួត​ទោះបី​សីតុណ្ហភាព​ស្បែក​មិន​ប្រែប្រួល​ក៏ដោយ​។ ហើយ​ប្រសិនបើ​អ្នក​សង្កត់​ត្រង​កន្លែង​ហើម អ្នកនឹង​ឃើញ​ស្នាម​មួយ​ដែល​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ រោគសញ្ញា​ផ្សេងទៀត​អាចជា ការ​ងងុយគេង​មិន​ឈប់ ឈឺក្បាល​ប្រកាំង ការឈឺចាប់​ក្នុង​ឆ្អឹង និង​សាច់ដុំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com