កីឡាជាតិ
ជាតិ
ខេមបូឌានលីគ៖ ជ័យជម្នះបើកឆាកសម្រាប់ភ្នំពេញក្រោន គិរីវង់ ណាហ្គា និងអគ្គិសនីកម្ពុជា ប្រភពរូបថត៖ ហ្វេសប៊ុកក្លិបភ្នំពេញក្រោន, ណាហ្គាវើលដ៍, អគ្គិសនីកម្ពុជា និង CNCC
× ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ បានដំណើរការសប្តាហ៍ដំបូងរបស់ខ្លួន កាលពីចុងសប្តាហ៍កន្លងមក ដោយភ្នំពេញក្រោន គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍ និងអគ្គិសនីកម្ពុជា សុទ្ធតែទទួលបាន៣ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង ត្រូវរង់ចាំនៅសប្តាហ៍បន្ទាប់។
នៅកីឡដ្ឋានអេស ស យូ ក្រុមភ្ញៀវ ភ្នំពេញក្រោន បានយកឈ្នះសូលទីឡូអង្គរ ៧-១។ សម្រាប់ភ្នំពេញក្រោន ប្រធានក្រុម អ៊ន ចាន់ប៉ូលីន, ខ្សែបម្រើកូឡុំប៊ី Rafael Andres Nieto Rondon និងខ្សែប្រយុទ្ធប្រេស៊ីល Matheus Souza Silva រកបានម្នាក់២គ្រាប់ និងប្រាក់ ធីវ៉ា រកបាន១គ្រាប់ ខណៈ រ័ត្ន សំណាង សម្រេចបានតែ១គ្រាប់សម្រាប់ម្ចាស់ផ្ទះ។
នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា បានយកឈ្នះនគរបាលជាតិ ៣-២។ គ្រាប់បាល់របស់អគ្គិសនីសម្រេចបានដោយ ផាច សុជាវីឡា, ឃុន សេងថៃ និងយ៉ាន់ សុខា ខណៈ ខ្សែប្រយុទ្ធកាមេរូន Ngwa Daldwin Afanwi និងខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Booysem Shane រកបានម្នាក់១គ្រាប់ឲ្យនគរបាលជាតិ។
ការប្រកួត១ទៀតនៅថ្ងៃសៅរ៍ដូចគ្នា ខេត្តព្រៃវែង ចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួននៅក្របខណ្ឌកំពូលនាកីឡដ្ឋានខេត្តព្រៃវែង។ ខ្សែប្រយុទ្ធប្រេស៊ីល Eliel Da Cruz Guadiano បានស៊ុតបាល់បញ្ចូលទីនៅតង់ទី១នាំមុខសម្រាប់ក្រុមភ្ញៀវ អង្គរថាយហ្គឺរ ប៉ុន្តែ វុធ តុលា វាយបកតាមស្មើវិញសម្រាប់ម្ចាស់ផ្ទះនៅតង់ទីពីរ។
ឈានដល់ថ្ងៃអាទិត្យ ក្រុមម្ចាស់ការពារតំណែងជើងឯក បឹងកេង អេហ្វស៊ី បានរងការខកចិត្តនាជំនួបបើកឆាកនៅកីឡដ្ឋានខេមបូឌាអ៊ែវេរបស់ខ្លួន ដោយចាញ់ណាហ្គាវើលដ៍ ១-០។ គ្រាប់បាល់បញ្ចូលទីរបស់ខ្សែបម្រើ សុះ ស៊ូហាណា នារយៈពេល៨នាទីដំបូងសម្រាប់ណាហ្គា ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។
នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវឯណោះវិញ ក្រុមម្ចាស់ផ្ទះ បានយកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ៤-២។ ខ្សែប្រយុទ្ធប្រេស៊ីល Douglas Rosa Tardin រកបាន២គ្រាប់ ដាវ នីម និងខ្សែប្រយុទ្ធប្រេស៊ីល Osmar Francisco Jesuino បន្ថែមបានម្នាក់១គ្រាប់សម្រាប់គិរីវង់ រីឯព្រីង ចិត្រា រកបានទាំង២គ្រាប់សម្រាប់អាស៊ីអឺរ៉ុប។
សម្រាប់ជំនួបនៅកីឡដ្ឋានព្រីនស៍ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលដែលគ្មានការស៊ុតបាល់បញ្ចូលទីរវាងម្ចាស់ផ្ទះវិសាខា និងកងយោធពលខេមរភូមិន្ទ ដែលនាំឲ្យក្រុមទាំងពីរចែករំលែកគ្នាម្នាក់១ពិន្ទុ៕
ប្រភពរូបថតទាំងអស់៖ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិ (CNCC)
© រក្សាសិទ្ធិដោយ thmeythmey.com