កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Kane និង Son ក្លាយជា​ដៃគូ​សម្រេច​ទី​ច្រើនជាងគេ ដោយ​បំបែក​កំណត់ត្រា​Shearer និង​Sutton
08, Mar 2021 , 11:22 am        
រូបភាព
​ភ្នំពេញ​៖ Harry Kane និង Heung-Min Son ក្លាយជា​ដៃគូ​សម្រេច​ទី​ច្រើនជាងគេ នៅ​ក្របខណ្ឌ Premier League របស់​អង់គ្លេស ដោយ​បំបែក​កំណត់ត្រា របស់​អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Alan Shearer និង​Chris Sutton​។​


​កំណត់ត្រា​ថ្មី របស់​Kane និង Son បានកើត​ឡើង ក្រោយពី​កីឡាករ​ទាំងពីរ បាន​សហការគ្នា​យ៉ាង​ល្អ នៅក្នុង​ជ័យជម្នះ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottemham Hotspurs លើ Crystal Palace ដោយ​លទ្ធផល​៤​ទល់​១​។ គ្រាប់​បាល់​ទាំង​៤​គ្រាប់​របស់ Spurs រកបាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​វ៉េ​ល Gareth Bale នៅ​នាទី​២៥ និង​៤៩ ដោយ​ការបញ្ជូន​បាល់​ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane ខណៈ Christian Benteke ខ្សែប្រយុទ្ធ​របស់ Crystal Palace រកបាន​មួយ​គ្រាប់​នៅ​នាទី​៤៥ ។​
 
​ក្រោយពី​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​គូប្រកួត​ហើយ Kane ក៏​អា​ចរក​គ្រាប់​បាល់​បាន​២​គ្រាប់​ដែរ នៅ​នាទី​៥២ និង​៧៦ ដោយ​ការបញ្ជូន​បាល់​ពី​សំណាក់​កីឡាករ Doherty និង Son ។​
 
​គ្រាប់​បាល់​ទី​៤​របស់​Spurs ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Kane តាមរយៈ​ការបញ្ជូន​បាល់យ៉ាង​ល្អ​ពី Son នេះ បានធ្វើឱ្យ​ពួកគេ​ទាំងពីរ ក្លាយជា​ដៃគូ​សម្រេច​ទី​ច្រើនជាងគេ នៅ​ក្របខណ្ឌ Premier League របស់​អង់គ្លេស ដោយ​បំបែក​កំណត់ត្រា របស់​អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Alan Shearer និង​Chris Sutton ។​
 
​គិត​ត្រឹម​ការប្រកួត​នៅ​សប្ដាហ៍​ទី​២៨ នៃ​រដូវ​កាល​២០២០-២០២១ នេះ Harry Kane និង Heung-Min Son បាន​បញ្ជូន​បាល់​ឱ្យ​គ្នា​សម្រេច​ទី​គូប្រកួត បាន​ចំនួន​១៤​ដង លើស Alan Shearer និង​Chris Sutton ដែល​បាន​បញ្ជូន​បាល់​ឱ្យ​គ្នា​សម្រេច​ទី បានត្រឹមតែ​១៣​លើក ដែលជា​ចំណែក​មួយ ជួយ​ឱ្យ​ក្រុម Blackburn Rover(​បច្ចុប្បន្ន​ក្រុម Blackburn Rover ស្ថិតនៅ​ក្របខណ្ឌ Championship) ឈ្នះ​ពាន Premier League នៅ​ឆ្នាំ​១៩៩៤/៩៥ ។​
 
​ក្រៅពីនេះ ក៏មាន Ryan Fraser និង Callum Wilson អតីត​កីឡាករ​ក្រុម Bournemouth បាន​បញ្ជូន​បាល់​ឱ្យ​គ្នា​សម្រេច​ទី​ទៅវិញទៅមក​១២ លើក នៅ​ឆ្នាំ​២០១៨/១៩ និង​កីឡាករ Les Ferdinand និង Kevin Gallen បញ្ជូន​បាល់​ឱ្យ​គ្នា​សម្រេច​ទី ១១​លើក សម្រាប់​ក្រុម Queens Park Rangers នៅ​១៩៩៤/៩៥​។​
 
​បច្ចុប្បន្ន Spurs ឈរ​នៅ​លេខ​រៀង​ទី​៦ ដោយមាន​៤៥​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​ឈ្នះ​១៣​លើក ស្មើ​៦ និង​ចាញ់​៨​ដង ៕
 

Tag:
 Kane
  Son
  បាល់ទាត់​
  កីឡា​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com