COVID-19
ជាតិ
ពលរដ្ឋ​ជិត​១៧​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩
08, Mar 2021 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ មាន​ពលរដ្ឋ​ចំនួន ១៦៧ ៤៨៧​នាក់​ហើយ បាន​ចាក់​វាក់​សាំង​កូ​វីដ​-១៩ គិត​ត្រឹម​ថ្ងៃទី​៨​មីនា​នេះ ក្នុងនោះ​មាន​ស្ត្រី​ជាង​២,៦​ម៉ឺន​នាក់​។ ក្នុងចំណោម​អ្នក​ដែល​បានទទួល​វាក់​សាំង  មាន​ក្រុម​ពលរដ្ឋ​អាទិភាព ជាង​៧​ម៉ឺន​នាក់ និង​កងទ័ព​ជាង​ជាង​៩,៦​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​ដោយឡែក​ពីគ្នា របស់​ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​។

 
​កម្ពុជា ចាប់ផ្តើម​ចាក់​វ៉ាក់សាំង ប្រភេទ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន នៅ​ថ្ងៃទី​១០​ខែកុម្ភៈ ខណៈ​ការចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្ស៊ី​ណិ​កា (AstraZeneca) របស់​អង់គ្លេស ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ចាប់ពី​ថ្ងៃទី​៤​មីនា​មក​។ 
 
​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែល​បាន​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ អាច​ចាក់​លើ​មនុស្ស​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។ រីឯ​វ៉ាក់សាំង​អា​ស្ត្រា​ហ្ស៊ី​ណិ​កា (AstraZeneca) សម្រាប់​ចាក់​លើ​មន្ត្រី និង​ពលរដ្ឋ​អាទិភាព​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​។ បច្ចុប្បន្ន ទីតាំង​ចាក់​វាក់​សាំង បាន​ពង្រីក​ដល់​ទាំង​២៥​រាជធានី​ខេត្ត​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៨ មីនា​នេះដែរ កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ សរុប​១០១១​ករណី ដោយ​៥០១​ករណី​ពាក់ព័ន្ធ​សហគមន៍​២០​កុម្ភៈ​។ អ្នក​សះស្បើយ​មាន​៥១៧​ករណី ក្នុងនោះ​អ្នកជំងឺ​ព្រឹត្តិការណ៍​២០​កុម្ភៈ មាន​ចំនួន​៣១​នាក់​៕
 
 
 
 
 
 
 

Tag:
 វាក់​សាំង​
© រក្សាសិទ្ធិដោយ thmeythmey.com