អន្តរជាតិ
សហជីពពាណិជ្ជកម្មដ៏ធំនៅមីយ៉ាន់ម៉ា អំពាវនាវឱ្យសមាជិកផ្អាករកស៊ី ដើម្បីចូលរួមបាតុកម្ម
× សហជីពពាណិជ្ជកម្មមីយ៉ាន់ម៉ា បានអំពាវនាវឱ្យសមាជិករបស់ខ្លួន បិទក្រុមហ៊ុន អាជីវកម្មចាប់ពីថ្ងៃទី៨ ខែមីនាតទៅ ដើម្បីចូលរួមបាតុកម្មតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យ និងបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ។ ការជំរុញរបស់សហជីពពាណិជ្ជកម្មមីយ៉ាន់ម៉ានេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលយោធា ចាត់វិធានការកាន់តែខ្លាំងក្នុងការបង្ក្រាបបាតុកម្ម និងចាប់ខ្លួនបាតុករ។
រយៈពេលជាង ១ខែហើយ ប្រជាជនមីយ៉ាន់ម៉ា នៅតែបន្តចេញមកបាតុកម្មប្រឆាំងនឹងរបបសឹក ទោះមានការបង្ក្រាបយ៉ាងឃោរឃៅលើពីសំណាក់ក្រុមប៉ូលិសជាច្រើនលើកដែលបង្កឱ្យមនុស្សស្លាប់ជាច្រើននាក់ក៏ដោយ។ ដើម្បីដាក់សម្ពាធលើក្រុមយោធាបន្ថែមទៀត សហជីពពាណិជ្ជកម្មមីយ៉ាន់ម៉ា បានអំពាវនាវសមាជិករបស់ខ្លួន ចូលរួមក្នុងបាតុកម្មប្រឆាំងយោធា។
«ការបន្តសកម្មភាពជំនួញ និងសេដ្ឋកិច្ចដូចធម្មតា...វានឹងផ្តល់ផលប្រយោជន៍ឱ្យតែក្រុមយោធាប៉ុណ្ណោះ»។ នេះជាការប្រកាសរបស់សម្ព័ន្ធសហជីពចំនួន៩ ក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅយប់ថ្ងៃទី៧ ខែមីនា ដោយអះអាងថា ផលប្រយោជន៍នៃអាជីវកម្មទាំងនោះ នឹងជួយក្រុមយោធា បង្ក្រាបលើប្រជាជនបន្ថែមទៀត។ បើតាមសហជីពពាណិជ្ជកម្ម វា គឺដល់ពេលហើយ ដែលត្រូវចាត់វិធានការការពារលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍រួមខាងលើ ក៏បានបញ្ជាក់ផងដែរថា កូដកម្មនេះ នឹងចូលរួមរហូតដល់ប្រជាជនមីយ៉ាន់ម៉ា អាចទាមទារលទ្ធិប្រជាធិបតេយ្យ បានត្រលប់មកវិញពីរបបសឹក។ កន្លងទៅគ្មានការអំពាវនាវក៏ដោយ ម្ចាស់ក្រុមហ៊ុន កន្លែងរកស៊ី និងអាជីវកម្មមួយចំនួន បានបិទកន្លែងរបស់ខ្លួនទៅចូលរួមបាតុកម្ម ដែលនៅស្ទើតែទូទាំងប្រទេស។ ក្រៅពីម្ចាស់អាជីវកម្ម កម្មករ បុគ្គលិករបស់ក្រុមហ៊ុន ធនាគារជាច្រើនរយនាក់ រួមទាំងក្រុមគ្រូពេទ្យ និងកម្មករជាដើមក៏បានចេញទៅតវ៉ាផងដែរ។
ការអំពាវនាវខាងលើ ធ្វើឡើងរដ្ឋាភិបាលយោធា បានបង្កើនចំណាត់ការរបស់ខ្លួនយ៉ាងខ្លាំងបង្ក្រាបលើបាតុកម្មស្ទើរតែទូទាំងប្រទេស។ ក្នុងថ្ងៃទី៧ ខែមីនា ប៉ូលិស នៅតែបន្តបង្ក្រាបលើបាតុករមីយ៉ាន់ម៉ា តាមរយៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកធ្វើឱ្យស្រងល់ និងគ្រាប់កាំភ្លើងជ័រជាដើម។ បាតុករយ៉ាងហោចណាស់ ១០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស។ បើគិតចាប់តាំងពីរដ្ឋប្រហារយោធាមក មនុស្សចំនួន ១៧០០នាក់ ត្រូវបានចាប់ខ្លួន។ របបយោធា អះអាងថា កម្លាំងប៉ូលិស បំបែកក្រុមបាតុករ ដោយផ្អែកទៅតាមច្បាប់ប៉ុណ្ណោះ ព្រោះអ្នកទាំងនោះ បានបាតុកម្មបិទផ្លូវ។
ទន្ទឹមនេះ សហគមន៍អន្តរជាតិ នៅតែបន្តដាក់សម្ពាធលើរបបសឹក។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានប្រកាសថា អូស្ត្រាលី នឹងបង្វែរ ជំនួយមនុស្សធម៌ និងជំនួយផ្សេងៗ ពីរដ្ឋាភិបាល ទៅអង្គការក្រៅរដ្ឋាភិបាលជំនួសវិញ។ លើសពីនេះ អូស្ត្រាលី នឹងកម្រិតកម្មវិធីសហប្រតិបត្តិការការពារជាតិទ្វេភាគី និងរឹតត្បិតលើវិស័យមិនប្រយុទ្ធមួយចំនួន ដូចជាការហ្វឹកហាត់ភាសាអង់គ្លេសជាដើម។
ដោយឡែកចិនវិញ នៅតែបន្តជំហររបស់ខ្លួនដដែលមកលើបញ្ហានៅមីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកតំណាងអចិន្ត្រៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោកZhang Jun បានលើកឡើងថា សហគមន៍អន្តរជាតិ គួរតែផ្តល់លក្ខណៈអំណោយផលដល់ភាគីទាំងអស់ ក្នុងការដោះស្រាយបញ្ហា និងបង្ការមិនឱ្យស្ថានភាពមីយ៉ាន់ម៉ាកាន់តែស្មុគស្មាញ។ បើតាមប្រេសិតចិនរូបនេះ ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាគួរតែប្រកាន់យកការទទួលខុសត្រូវ និងរក្សាស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស៕
Tag:
មីយ៉ាន់ម៉ា
អូស្ត្រាលី
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com