COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ ពលករមានសុខភាពធម្មតា មិនបាច់ធ្វើចត្តាឡីស័កនៅតាមព្រំដែនឡើយ
08, Mar 2021 , 1:20 pm        
រូបភាព
ពលករខ្មែរជាង១០០នាក់ ធ្វើដំណើរពី ចូលមកកម្ពុជាវិញ តាមច្រកអូរស្មាច់ កាលពីអំឡុងខែមករា ឆ្នាំ២០២១ ហើយអាជ្ញាធរ រៀបចំដឹកពួកគេ ទៅធ្វើចត្តាឡីស័ក។
ពលករខ្មែរជាង១០០នាក់ ធ្វើដំណើរពី ចូលមកកម្ពុជាវិញ តាមច្រកអូរស្មាច់ កាលពីអំឡុងខែមករា ឆ្នាំ២០២១ ហើយអាជ្ញាធរ រៀបចំដឹកពួកគេ ទៅធ្វើចត្តាឡីស័ក។
សម្តេចនាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន សម្រេចឲ្យពលករខ្មែរ ដែលមានសុខភាពធម្មតា មិនបាច់ធ្វើចត្តាឡីស័កនៅតាមព្រំដែនដូចលើកមុនទៀតឡើយ ប៉ុន្តែពលករ ដែលមានករណីសង្ស័យ គឺតម្រូវឲ្យធ្វើចត្តាឡីស័កដដែល។ សម្ដេចអះអាងថា ការសម្រេចបែបនេះ ដោយសារចំនួនពលករត្រឡប់ចូលកម្ពុជាវិញ មានច្រើនជាងពលករចេញពីមណ្ឌលចត្តាឡីស័ក ដែលបណ្តាលឲ្យពិបាកថែទាំ ហើយសម្តេច ក៏សង្កេតឃើញថា រយៈពេលប្រមាណ១ខែមកនេះ ពុំមានករណីឆ្លងរាលដាលឆ្លងកូវីដ-១៩លើពលករនោះទេ។



តាមរយៈសារសំឡេង កាលពីថ្ងៃទី៧មីនា សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការធ្វើចត្តាឡីស័កពលករ ដែលត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងស្របពេលប្រទេសថៃ មានការឆ្លងរាលដាលកូវីដ-១៩ច្រើន ប៉ុន្តែពេលនេះ ស្ថានភាពនៅប្រទេសថៃថមថយ ហើយមណ្ឌលចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនក៏ពុំមានករណីឆ្លងកូវីដ-១៩ដែរ។

ដោយពិនិត្យឃើញស្ថានការណ៍បែបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដូច្នេះថា៖«ខ្ញុំ សម្រេចបិទការធ្វើចត្តាឡីស័កនៅព្រំដែនសម្រាប់អ្នកមានសុខភាពធម្មតា ប៉ុន្តែ នឹងត្រូវបន្តឲ្យមានការធ្វើចត្តាឡីស័កដដែល លើអ្នកដែលមានការសង្ស័យ...»។

អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អ្នកកាសែតតាមបណ្តាញតេឡេក្រាមថា ការធ្វើចត្តាឡីស័ក១៤ថ្ងៃចំពោះពលករខ្មែរមកពីប្រទេសជិតខាង គឺនៅតែបន្តធ្វើដដែល តែនឹងត្រូវដឹកពួកគេ ទៅធ្វើចត្តាឡីស័ក នៅតាមខេត្តរៀងៗខ្លួន មិនធ្វើនៅតាមព្រំដែនដូចមុននោះទេ។ 

ជាមួយគ្នាដែរ សម្តេចនាយករដ្ឋមន្រ្តី សង្កត់កត់សម្គាល់ថា ចំនួនពលករដែលចេញពីមណ្ឌលចត្តឡីស័ក គឺតិចជាងចំនួនអ្នកចូល ដែលពិបាកក្នុងការថែទាំ រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ ដូច្នេះ ទើបសម្ដេច លើកលែងការធ្វើចត្តាឡីស័កដល់ពលករដែលមានសុខភាពធម្មតា ហើយក៏បញ្ជាឲ្យអាជ្ញាធរដឹកជញ្ជូនពលករទាំងនោះទៅខេត្តគោលដៅរបស់ពួកគេ។ សម្ដេច បន្ថែមថា ការដឹកពលករទាំងអស់ ត្រូវតែរក្សារក្សាសណ្ដាប់ធ្នាប់ និងផ្គត់ផ្គង់អាហារឲ្យបានគ្រប់គ្រាន់។

គិតត្រឹមថ្ងៃទី៨ ខែមីនានេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១០១១នាក់ ដោយ៥០១នាក់ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ ក្នុងចំណោម១០១១នាក់ មានអ្នកសះស្បើយមាន៥១៧នាក់៕

Tag:
 ហ៊ុន សែន
  ចត្តាឡីស័ក
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com