នាថ្ងៃទិវាគោរពសិទ្ធិនារីអន្តរជាតិលើក១១០ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានផ្សព្វផ្សាយអត្ថបទខ្លីមួយលើគេហទំព័ររបស់ខ្លួន អំពីបញ្ហាប្រឈមរបស់ស្ត្រីនិងអនីតិជនជាស្ត្រី (ជនអាយុក្រោម១៨ឆ្នាំ) ក្នុងពន្ធនាគារ។ អង្គការធ្វើការផ្នែកសិទ្ធិមនុស្សដ៏ធំប្រចាំកម្ពុជាមួយនេះ បានស្នើរដ្ឋាភិបាល កែលម្អឲ្យឆាប់រហ័ស ចំពោះស្ថានភាពលំបាករបស់ស្ត្រីនិងអនីតិជនជាស្ត្រី ក្នុងពន្ធនាគារ ពិសេសភាពចង្អៀតណែនខ្លាំងក្នុងពន្ធនាគារ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា បញ្ហាប្រឈមខ្លាំងបំផុតរបស់ស្ត្រី ក្នុងពន្ធនាគារ គឺភាពចង្អៀតណែនក្នុងពន្ធនាគារ ហើយស្ត្រីមានផ្ទៃពោះ ក្មេងស្រីតូចៗ និង អនីតិជនជាស្ត្រី រងការលំបាកជាងគេ។ លោក បន្តថា បញ្ហាប្រឈមមួយទៀត សម្រាប់ពួកគេ គឺបញ្ហាទឹកនិងម្ហូបអាហារ។
ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជាពិសេសបញ្ហាចង្អៀតណែននៃអគារឃុំខ្លួនស្ត្រី មន្ត្រីអង្គការលីកាដូរូបនេះ ស្នើតុលាការ ពិចារណាពីការដោះលែងស្ត្រីមានផ្ទៃពោះ និង ស្ត្រីមានកូនតូចៗតាមខ្លួន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ជាមួយគ្នានេះ ស្ត្រីដែលប្រព្រឹត្តបទល្មើសមជ្ឈិម ក៏លោក ស្នើតុលាការ ពិចារណាដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក លើកជាយោបល់ថា៖«បទមជ្ឈិម គួរតែដោះលែងនៅក្រៅឃុំ ជាជាងឃុំខ្លួន។ ការឃុំខ្លួន គួរតែទុកជាជម្រើសចុងក្រោយ»។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា រដ្ឋាភិបាល ទទួលស្គាល់ពីភាពចង្អៀតណែន ក្នុងពន្ធនាគារ។ ប៉ុន្តែ លោក បញ្ជាក់ថា នៅកម្ពុជា អគារឬបន្ទប់ឃុំខ្លួនស្ត្រី មិនសូវមានភាពចង្អៀតណែន ដូចអគារឬបន្ទប់ឃុំខ្លួនបុរសឡើយ។ លោក និយាយជាមួយសារព័ត៌មានថ្មីៗថា៖«[កន្លែងឃុំស្ត្រី] ចង្អៀតដែរ តែតិចតួច»។
លោក បន្ថែមថា មានតែមណ្ឌលអប់រំកែប្រែ២ (ម២) ក្នុងរាជធានីភ្នំពេញ និងពន្ធនាគារក្នុងខេត្តសៀមរាបប៉ុណ្ណោះ ដែលមានភាពចង្អៀតណែន ដោយសារតែអត្រានៃអ្នកជាប់ឃុំជាស្ត្រីមានការកើនឡើង ប៉ុន្តែពន្ធនាគារតាមបណ្តាខេត្តផ្សេងទៀត មិនមានភាពចង្អៀតណែនក្នុងការឃុំខ្លួនស្ត្រីនោះទេ។ (ម២ សម្រាប់ឃុំខ្លួនតែស្ត្រីប៉ុណ្ណោះ)។
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ ផ្តល់របាយការណ៍ថា បច្ចុប្បន្ន អ្នកជាប់ឃុំសរុបនៅកម្ពុជា មានជាង៣ម៉ឺន៩ពាន់នាក់ ដោយក្នុងនោះ អ្នកជាប់ឃុំជាស្ត្រីមានតែជាង២ពាន់៥រយនាក់ប៉ុណ្ណោះ គឺស្មើនឹងប្រមាណ៧ភាគរយនៃអ្នកជាប់ឃុំសរុប។ បើតាមរបាយការណ៍ដដែល ក្នុងចំណោមស្ត្រីជាប់ឃុំជាង២ពាន់៥រយនាក់នោះ មានដល់ទៅ៧០ភាគរយ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោក បំភ្លឺថា ចំពោះម្ហូបអាហារ គឺរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំខាងពន្ធនាគារ គិតគូរដល់ស្ត្រីនិងក្មេងស្រីមុនគេ ហើយម្យ៉ាងទៀត ភាពចង្អៀតណែនក្នុងពន្ធនាគារ ក៏រដ្ឋាភិបាល ព្យាយាមដោះស្រាយដែរ។ លោក អធិប្បាយថា៖«យើង កំពុងធ្វើហើយ តែមិនមែនចង់បានភ្លាម បានហ្នឹងភ្លាមទេ»។
បើតាមលោក អំ សំអាត អង្គការលីកាដូ មានកម្មវិធីឧបត្ថម្ភអាហារ និងកម្មវិធីផ្តល់ជំនួយផ្នែកច្បាប់ ដល់ស្ត្រីជាប់ឃុំ។
ការកកស្ទះសំណុំរឿង ជាមួយហេតុធំមួយ ដែលបណ្តាលឲ្យមានភាពចង្អៀតណែន ក្នុងពន្ធនាគារ ដ្បិតថា ពេលសំណុំរឿង មិនទាន់ត្រូវបានកាត់ក្តី ជនល្មើស ក៏នៅតែបន្តជាប់ឃុំ។ ម្ល៉ោះហើយ ពេលឡើងធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏ដាក់ចេញយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ៕