អន្តរជាតិ
លោក វ៉ាង យី ប្រាប់​អាមេរិក​ត្រង់ៗ​ឱ្យ​ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង និង​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​
08, Mar 2021 , 4:23 pm        
រូបភាព
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមីនា ។ រូបថត Xinhua
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមីនា ។ រូបថត Xinhua
ដោយ:
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​៧ ខែមីនា ព្រមាន​អាមេរិក​ឱ្យ​ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ នេះ​ជា​ព្រមាន​ដោយ​ត្រង់ៗ​ទៅ​អាមេរិក​ជា​លើកទីមួយ​បន្ទាប់ពី​លោក​ចូ បៃ​ឌិន​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​។ បន្ថែម​ពីនេះ លោក​ថា អាមេរិក មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ស្រោចស្រង់​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដែល​ខូចខាត​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​។​



​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំឡុង​កិច្ចប្រជុំ​នៃ​សភា​ប្រជាជន​ចិន នា​ថ្ងៃទី​៧ ខែមីនា លោក វ៉ាង យី បាន​រិះគន់​អាមេរិក​ដែល​នៅតែមាន​ចេតនា​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ដទៃ​ក្នុងនាម​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ លើកឡើងថា គោលនយោបាយ​បែបនេះ​របស់​អាមេរិក​ប​ង្ក​បញ្ហា​ជាច្រើន​ក្នុង​ពិភពលោក ហើយ​នៅពេល​ខ្លះទៀត​បង្ក​ជា​រឿង​រង្គោះរង្គើ និង​ជម្លោះ​ផងដែរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ជិត​២​ម៉ោង លោក វ៉ាង លើកឡើង​បញ្ហា​ជាច្រើន​ដូចជា​សកម្មភាព​នៃ​គោលនយោបាយ​ការបរទេស​ចិន និង​ច្រានចោល​ការរិះគន់​លើ​បញ្ហា​ហុងកុង តំបន់​ស៊ីន​ជាំ​ង តៃវ៉ាន់ និង​បញ្ហា​ចម្រូងចម្រាស់​ដទៃទៀត​។ លោក វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន ក៏​មិន​ភ្លេច​លើកឡើង​ឡើយ​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​អាមេរិក​។​
«​វា​ជា​សង្ឃឹម​មួយ​ដែល​អាមេរិក និង​ចិន​ជួបគ្នា​នៅ​ពាក់​កណ្តាលផ្លូវ និង​លុប​ចោលការ​រឹតត្បិត​ដែល​មិន​សក្តិសម ដែល​បានដាក់​ទៅលើ​ទំនាក់ទំនង​អាមេរិក​-​ចិន និង​ឈប់​បង្កើត​ឧបសគ្គ​សិប្បនិម្មិត​អ្វី​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ាង​។​
 
​ប្រមុខ​ការទូត​ចិន ទទូច​ឱ្យ​អាមេរិក លុបចោល​ឧបសគ្គ​ទាំងឡាយ​ដែល​រារាំង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ហើយ​ចិន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​អាមេរិក​លើ​បញ្ហា​អាកាសធាតុ ការ​ស្រោចស្រង់​សេដ្ឋកិច្ច និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​។ លោក​ក៏​ប្រាប់​ឱ្យ​អាមេរិក​ពិចារណា​ពី​រឿងនេះ បើ​ពុំ​ដូច្នេះ​ទេ​ពិភពលោក​នឹង​បន្ត​មាន​អស្ថិរភាព​។ 
 
​ទីប្រឹក្សា​រដ្ឋ​ចិន ក៏​សង្កត់ធ្ងន់​ផងដែរ​ថា ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន ជា​បន្ទុក​របស់​វ៉ាស៊ីនតោន ដ្បិតអី​ការខូចខាត​កើតឡើង​អំឡុងពេល​៤​ឆ្នាំ​មកនេះ បង្កដោយ​លោក​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​
 
​ចំពោះ​រឿង​ដែនដី​តៃវ៉ាន់ ដែល​សំណុំរឿង​ដ៏​ចម្រូងចម្រាស់​រវាង​ប៉េកាំង និង​វ៉ាស៊ីនតោន​វិញ លោក​វ៉ាង​ទាមទារ​ឱ្យ​ប្រធានាធិបតី​បៃ​ឌិន លុបចោល​សកម្មភាព​ទាំងឡាយ​ដែល​គាំទ្រ​កោះ​នេះ និង​ចាត់ទុកជា​គោលនយោបាយ​មួយ​ដ៏​គ្រោះថ្នាក់​។ សម្រាប់​ចិន លោក វ៉ាង សង្កត់ធ្ងន់ថា តៃវ៉ាន់​ជា​បន្ទាត់​ក្រហម​ដែល​អាមេរិក​មិនអាច​ដើរកាត់​ឡើយ​។​
 
​ថ្លែង​ទៅកាន់​អ្នកកាសែត​ទាក់ទង​ទំនាក់ទំនង​ជាមួយ​អាមេរិក លោក វ៉ាង ក៏​ទទួលស្គាល់​ពី​លក្ខណៈ​ប្រកួតប្រជែង​របស់​អាមេរិក និង​ចិន​ក្នុង​ប្រព័ន្ធ​អន្តរជាតិ​។ លោក​បន្ថែមថា ចិន និង​អាមេរិក​ចៀស​មិន​ផុតពី​ការប្រកួតប្រជែង​ឡើយ​ព្រោះ​វា​ជា​ធាតុ​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​លោក​រំឭកថា ការប្រកួតប្រជែង​ត្រូវតែ​ធ្វើឡើង​ដោយ​ស្មើភាព និង​យុត្តិធម៌​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​សម្រាប់​ប្រទេស​ទាំងពីរ​។​
 
​ថ្លែង​ក្នុងឱកាស​ដាក់ចេញ​នូវ​គោលនយោបាយ​សន្តិសុខ​ជាតិ​នា​ថ្ងៃទី​៣ មីនា លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក​ហៅ​ទំនាក់ទំនង​ជាមួយ​ចិន ថា មាន​លក្ខណៈ​ប្រកួតប្រជែង​ផង មាន​កិច្ចសហប្រតិបត្តិការ​ផង ហើយ​ពេលខ្លះ​អាច​ឈានដល់​ចំណុច​ជាស​ត្រូវ​នឹង​គ្នា​ផង និង​អះអាងថា ចិន​ជា​វិញ្ញាសា​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត​សម្រាប់​អាមេរិក​៕
 
 
 

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com