ជាតិ
ThmeyThmey រួមចំណែកលើកកម្ពស់ស្ត្រីក្នុងវិស័យសារព័ត៌មាន
08, Mar 2021 , 5:20 pm        
រូបភាព
ស្ត្រីជាដៃគូ ដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ! សម្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) អ្នកសារព័ត៌មានស្ត្រី និងបុគ្គលិកស្ត្រីផ្សេងទៀត គឺជាកម្លាំងស្នូលដ៏សំខាន់ដែលជំរុញការរីកចម្រើនជាបន្តបន្ទាប់របស់ស្ថាប័ននារយៈពេល៩ឆ្នាំកន្លងមកនេះ។ យើងមានបុត្រសម្ព័ន្ធពីរទៀត គឺ ថ្មី២៥រាជធានី-ខេត្ត (ThmeyThmey25) ដែលផ្តោតលើវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, មុខរបរប្រពៃណី, ជំនួញខ្នាតតូច-មធ្យម, បរិស្ថាន និងទេសចរណ៍តាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា និង Cambodianess សម្រាប់អ្នកអានជាភាសាអង់គ្លេស ។



ដើម្បីចូលរួមអបអរទិវានារីអន្តរជាតិ ៨មីនា ខ្ញុំសូមណែនាំមិត្តអ្នកអានឲ្យបានស្គាល់សហការីស្ត្រី ដែលកំពុងបម្រើការនៅស្ថាប័នសារព័ត៌មានថ្មីៗ ជាពិសេសនៅការិយាល័យព័ត៌មាន ដោយស្ត្រីមានចំនួនជាងពាក់កណ្តាលនៃចំនួនអ្នកសារព័ត៌មានសរុប។



នៅក្នុងជួរថ្នាក់ដឹកនាំ កញ្ញា ខន ចំប៉ា មានតួនាទីជានិពន្ធនាយករងដែលទទួលបន្ទុកគម្រោងបណ្តុះបណ្តាល សម្របសម្រួលផ្នែកពាណិជ្ជកម្ម និងរួមចំណែកពង្រឹងសមត្ថភាពសហការីក្មេងៗលើចំណេះដឹងផ្នែកសារព័ត៌មាន។ មានបទពិសោធន៍ការងារជាង៨ឆ្នាំ ចំប៉ា ក៏ធ្លាប់ទទួលបានជ័យលាភីផ្នែកសារព័ត៌មាន៤លើកផងដែរ ជាពិសេសការប្រកួតប្រជែងសរសេរអត្ថបទក្រោមការរៀបចំរបស់ក្លិបអ្នកកាសែតកម្ពុជា។



អ្នកស្រី ញឹក ស្រីល័ក្ខ ចាប់ផ្តើមពីបុគ្គលិកហាត់ការម្នាក់រហូតបានក្លាយជានិពន្ធនាយក ThmeyThmey25។ ក្រោយបានសួរដំបូងទៅកាន់នាយករដ្ឋមន្ត្រី នាសន្និសីទសារព័ត៌មានមួយស្តីពីកូវីដ-១៩ ស្រីល័ក្ខ បានជាប់រហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខមានជំនាញផ្នែកបទសម្ភាស ការរាយការណ៍ផ្ទាល់ (Facebook Live) បន្ថែមពីលើការងារដ៏មមាញឹកលើការគ្រប់គ្រងដំណើរការ ThmeyThmey25។



អ្នកស្រី អ៊ីសា រ៉ហានី ជាសហការីដែលបំពេញការងារយូរជាងគេក្នុងចំណោមអ្នកសារព័ត៌មាននៅ ThmeyThmey ដោយមានរយៈពេលប្រមាណ៨ឆ្នាំមកហើយ។ ក្នុងតួនាទីជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាប រ៉ហានី មានស្នាដៃដ៏សម្បូរបែបស្តីពីវប្បធម៌ ប្រវត្តិសាស្ត្រ កសិកម្ម និងជីវភាពពលរដ្ឋមូលដ្ឋាន។



កញ្ញា ប៉ូ សាគុន ជាអ្នកសារព័ត៌មានទទួលបន្ទុកផ្នែកវប្បធម៌ សិល្បៈ និងបទយកការណ៍សង្គម។ ក្រៅពីជំនាញផ្នែកសំណេរ សាគុន ក៏មានសមត្ថភាពដឹកនាំផលិតរឿងអប់រំខ្លីៗ ជាពិសេសទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណី ដែលបន្ថែមមាតិកាដ៏សម្បូរបែបមួយកម្រិតទៀតនៅលើសារព័ត៌មានថ្មីៗ ផងដែរ។



កញ្ញា អ៊ូ សុខមាន ជាអ្នកយកព័ត៌មានជំនាញផ្នែកសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម ដែលមានស្នាដៃជាច្រើនទាំងបទសម្ភាស និងបទយកការណ៍ពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ សុខមាន  ជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតសរសេរអត្ថបទស្ដីពីមូលបត្រឆ្នាំ២០២០ និងលេខ១លើការប្រកួតប្រជែងវីដេអូខ្លីក្រោមប្រធានបរិស្ថាន ដែលរៀបចំដោយគម្រោង USAID ព្រៃឡង់បៃតងជាមួយសហការី២នាក់ទៀត។



កញ្ញា សៅ សុខអេង ជាអ្នកសារព័ត៌មានដែលទទួលបន្ទុកផ្នែកអប់រំ អក្សរសាស្ត្រ និងសង្គម ដោយរាល់ព្រឹកតែងតែមានអត្ថបទទាក់ទងនឹងពន្យល់ពាក្យ ក៏ដូចជាទ្រឹស្ត្រីផ្សេងៗ។ សុខអេង ជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មានរបស់ប្រធានបទកូវីដ-១៩ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។



កញ្ញា ឡាយ សុភាវតី ជាអ្នកចូលចិត្តធ្វើការងារសង្គម ហើយបានចូលរួមជាមួយ ThmeyThmey ក្នុងតួនាទីជាអ្នកយកព័ត៌មានសង្គម និងសន្តិសុខសង្គម។ កាលពីអំឡុងគ្រោះទឹកជំនន់នៅជាយរាជធានីភ្នំពេញនាចុងឆ្នាំ២០២០ សុភាវតី បានប្រចាំការស្ទើរតែ២៤ម៉ោងលើ២៤ម៉ោង ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ហេតុការណ៍ពីស្ថានភាពនានា។



កញ្ញា អ៊ុត រស្មី ជាអ្នកយកព័ត៌មានទទួលបន្ទុកផ្នែកសុខភាព ដែលតែងតែរិះរកប្រធានបទសំខាន់ៗ រួមទាំងបទសម្ភាសជាមួយវេជ្ជបណ្ឌិតជំនាញ ជាពិសេសទាក់ទងនឹងសុខភាពស្ត្រី។ ក្រៅពីជំនាញផ្នែកសរសេរ និងសម្ភាស រស្មីក៏មានសមត្ថភាពសំដែងសម្រាប់ឃ្លីបអប់រំខ្លីៗផងដែរ ហើយជាម្ចាស់ជ័យលាភីលេខ១លើការប្រកួតប្រជែងវីដេអូខ្លីក្រោមប្រធានបរិស្ថាន ជាមួយសុខមាន និងដាណេ ផងដែរ។



កញ្ញា ផាត ដាណេ បានចូលរួមជាមួយ ThmeyThmey25 ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រោយការប្រឹងប្រែងរៀនសូត្រ និងអនុវត្តផ្ទាល់ ដាណេមានជំនាញខ្ពស់លើការផលិតព័ត៌មានតាមស្មាតហ្វូន (Mojo) និងជាអ្នកសំដែងក្នុងរឿងខ្លី «បុប្ផាលាក់ខ្លួននៅខេត្តពោធិ៍សាត់» ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ កសិកម្ម និងសក្តានុពលផ្សេងទៀត។



នារយៈពេលជាង១ឆ្នាំចុងក្រោយនេះ យើងមានសហការីស្ត្រីផ្នែកព័ត៌មានដល់ទៅ៥រូបបន្ថែមទៀត។ នៅ ThmeyThmey25 កញ្ញា ខន ណារី ទទួលបន្ទុកផ្នែកសិកម្ម ដែលតែងតែមានអត្ថបទជុំវិញលើកកម្ពស់ផលិតផលកសិកម្មនៅលើទីផ្សារ និងកសិករគំរូ ជាដើម។



កញ្ញា ជឿន ស្រីណយ កំពុងធ្វើការតាមចំណង់ចំណូលចិត្តរបស់ខ្លួនទាក់ទងនឹងផ្នែកទេសចរណ៍។ ស្រីណយ បានណែនាំមិត្តអានឲ្យស្គាល់តំបន់ទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើន ទាំងរមរណីយដ្ឋានប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។



រីឯកញ្ញា ហុង ស្រីណា វិញ កំពុងហាត់ពត់ជំនាញផ្នែកបទយកការណ៍ខ្លីៗជាវីដេអូ ដោយកញ្ញាចេះថតរូប និងវីដេអូ ហើយកាត់តដោយខ្លួនឯង។ បន្ថែមពីលើនេះ ស្រីណា ក៏តួអង្គដ៏សំខាន់មួយក្នុងកម្មវិធី «ខ្ញុំចង់ដឹង» ដែលថ្មីៗ សហការជាមួយអង្គការស៊ីប៉ាដើម្បីលើកកម្ពស់ការអាននៅកម្ពុជា។

កញ្ញា ប៉ូ សុភា ដែលជាសហការីថ្មីម្នាក់ទៀត ទទួលបន្ទុកព័ត៌មានផ្នែកសង្គម។ បច្ចុប្បន្ន ក្រៅព័ត៌មានប្រចាំថ្ងៃ សុភាកំពុងព្យាយាមអនុវត្តការផលិតព័ត៌មានតាមទូរសព្ទដៃ (Mojo) ទាំងបទយកការណ៍ និងបទសម្ភាសផ្សេងៗ ដោយមានការណែនាំបន្ថែមពីការីនិពន្ធ។

ជាមួយគ្នានេះ យើងខ្ញុំមានសហការីម្នាក់ទៀតនៅផ្នែកព័ត៌មានអន្តរជាតិ។ ក្នុងបរិបទកូវីដ-១៩ កញ្ញា ឈួរ ឈីវអ៊ីង បង្ហាញឲ្យឃើញថា ផលិតកម្មការងារមិនមានការរាំងស្ទះនៅឡើយ បើទោះបីជាធ្វើការពីចម្ងាយក៏ដោយ។ ក្រោមការណែនាំបន្ថែមពីការីនិពន្ធ ឈីវអ៊ីង ផលិតបានព័ត៌មានអន្តរជាតិដ៏សម្បូរបែប។



យើងក៏មានកញ្ញា សុង សុធាវី ម្នាក់ទៀតផងដែរ។ ថ្វីត្បិតតែមិនស្ថិតនៅបន្ទប់រួមជាមួយសហការីផ្សេងទៀត តែសុធាវី ជាចំណែកមួយរបស់ថ្មីៗ ដោយទទួលបន្ទុកកម្មវិធីផ្សាយផ្ទាល់ «អាជីវកម្មជំនាន់ថ្មី» (New Generation Business) ក្រោមកិច្ចសហការជាមួយវិទ្យុអេហ្វអឹម១០២។ ជាងមួយឆ្នាំកន្លងមកនេះ សុធាវី បានសម្ភាសបុគ្គល និងម្ចាស់អាជីវកម្មលេចធ្លោជាច្រើនរូប។

ក្រៅពីបុគ្គលិកជាស្ត្រីដែលទទួលបន្ទុកផ្នែកព័ត៌មាន សារព័ត៌មានថ្មីៗ ក៏មាន កញ្ញា ឪ សុភ័ក្ររ៉ាត់ និងកញ្ញា ហ៊ន ម៉ាលីស ដែលបម្រើការនៅផ្នែករដ្ឋបាល និងគណនេយ្យផងដែរ។ នារយៈពេលប្រមាណ៥ឆ្នាំកន្លងមកនេះ កញ្ញាទាំងពីរ បំពេញការងារ និងមានកិច្ចសហការយ៉ាងល្អជាអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំ។



យើងក៏មិនអាចបំភ្លេចសហការីជាស្ត្រីផ្សេងទៀត ដែលធ្លាប់រួមដំណើរជាមួយយើងនារយៈពេលកន្លងមកនោះដែរ បើទោះបីជាពួកគាត់បានចាកចេញទៅចូលរួមជាមួយស្ថាប័នដទៃ ឬប្រកបរបរផ្សេងក៏ដោយ។



«បងធ្វើការជាមួយ ចំប៉ា? ស្រីល័ក្ខ?សុខមាន? មែនទេ?»។ ពិតណាស់ ពេលខ្លះមិត្តអ្នកអាន និងប្រភព ស្គាល់សហការីស្ត្រីរបស់ខ្ញុំ ច្បាស់ជាងខ្ញុំ នេះជារឿងដ៏សែនសប្បាយចិត្ត មិនមែនជាការអាក់អន់ចិត្តនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សហការីជាស្ត្រីនៅថ្មីៗ ជាច្រើន បានបញ្ជាក់ថា ពួកគាត់ចង់ឲ្យគេស្គាល់តាមរយៈចំណេះដឹងវិជ្ជាជីវៈសារព័ត៌មាន ដោយមិនចង់បានអាទិភាពព្រោះតែរូបសម្ផស្ស និងដោយសារពួកគាត់ជានារីនោះឡើយ៕



អ៊ឹង ចំរើន
និពន្ធនាយកសារព័ត៌មានថ្មីៗ



















Tag:
 ៨មីនា
© រក្សាសិទ្ធិដោយ thmeythmey.com