COVID-19
ជាតិ
មុនរកឃើញថាផ្ទុកកូវីដ បុរសម្នាក់ ជិះឡានឈ្នួល ពីព្រះសីហនុ ចូលភ្នំពេញ ហើយទៅកំពង់ចាម
08, Mar 2021 , 5:59 pm        
រូបភាព
មន្រ្តីជំនាញនៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ចុះយកសំណាកពលរដ្ឋ ដែលពាក់ព័ន្ធនឹងបុរសម្នាក់ ក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយទទួលដំណឹងពីក្រសួងសុខាភិបាល នៅថ្ងទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា បុរសម្នាក់នោះ មានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម។
មន្រ្តីជំនាញនៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ចុះយកសំណាកពលរដ្ឋ ដែលពាក់ព័ន្ធនឹងបុរសម្នាក់ ក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយទទួលដំណឹងពីក្រសួងសុខាភិបាល នៅថ្ងទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា បុរសម្នាក់នោះ មានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ លើបុរសវ័យ២៧ឆ្នាំម្នាក់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។ មុនថ្ងៃទី៧ គឺមុនការធ្វើតេស្ត បុរសនោះ បានធ្វើដំណើរទៅកាន់កន្លែងមួយចំនួន។


រដ្ឋបាលខេត្តកំពង់ចាម អះអាងថា បុរសនោះ ជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាម បានរៀបរាប់ប្រវត្តិធ្វើដំណើររបស់បុរសនោះថា នៅថ្ងៃទី៣ ខែមីនា គាត់ បានធ្វើដំណើរតាមរថយន្តឈ្នួល ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ និងបានចូលសួរសុខទុក្ខក្មួយប្រុស ដែលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ ពេលទៅមន្ទីរពេទ្យកាល់ម៉ែត គាត់ បានជួបស្រ្តី២ទៀត ដែលនៅកំដរក្មួយប្រុសជាអ្នកជំងឺនោះ។ 
 
បន្ទាប់ពីចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ បុរសនោះ បាទៅស្នាក់នៅជាមួយបងស្រី នៅបន្ទន់ជួល នៅខណ្ឌស្ទឹងមានជ័យ។ គាត់ ក៏បានជួបអ្នក ដែលជួលបន្ទប់នៅជិតបន្ទប់បងស្រីរបស់គាត់ដែរ តែរដ្ឋបាលខេត្តកំពង់ចាម មិនបានបញ្ជាក់ថា ជួបប៉ុន្មាននាក់នោះទេ។ 
 
លុះព្រឹកឡើង នៅថ្ងៃទី៤ ខែមីនា បុរសនោះ បានធ្វើដំណើរតាមរថយន្តឈ្នួល ចេញពីភ្នំពេញ ទៅកំពង់ចាម។ ចុះពីរថយន្តឈ្នួល គាត់ បានជិះម៉ូតូឌុប ទៅផ្ទះរបស់គាត់ នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស (ស្រុកកំណើត)។   
 
នៅថ្ងៃទី៥ ខែមីនា គាត់និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារព្រៃទទឹង ហើយបានដើរទិញត្រី និង គ្រឿងធ្វើម្ហូប អស់រយៈពេលប្រមាណកន្លះម៉ោង។ មន្រ្តីមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកសំណាកគាត់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ នៅថ្ងៃទី៦ ខែមីនា។ 
 
រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវឲ្យអ្នក ដែលជួបនិងពាក់ព័ន្ធនឹងបុរសខាងលើ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។ អ្នក ដែលរដ្ឋបាលខេត្តកំពង់ចាម ចាត់ទុកថាជាប់ពាក់ព័ន្ធនឹងបុរសនោះ មានដូចជា អ្នកជិះរថយន្តឈ្នួលជាមួយគាត់ សមាជិកគ្រួសាររបស់គាត់នៅភូមិអូរកណ្តោ អ្នករត់ម៉ូតូឌុប ដែលបានឌុបគាត់ អ្នករត់ Pass App ដែលបានឌុបគាត់ អ្នកជួលបន្ទប់ នៅជិតបន្ទប់បងស្រីរបស់គាត់ និង អ្នកទទួលការផ្ញើម៉ូតូនៅផ្សារព្រៃទទឹង ជាដើម។
 
រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា អាជ្ញាធរ កំពុងបន្តស្រាវជ្រាវអ្នកពាក់ព័ន្ធផ្សេងទៀត។ 
 
នៅថ្ងៃទី៣ ខែមីនា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំរដ្ឋបាលខេត្តព្រះសីហនុ រកវិធីទប់ស្កាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញ-ចូលខេត្តព្រះសីហនុមួយរយៈសិន ខណៈខេត្តមួយនេះ កំពុងជួបការរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែ នាយករដ្ឋមន្រ្តី នៅអនុញ្ញាតឲ្យមានការដឹកនាំទំនិញចេញ-ចូលដដែល។ នៅថ្ងៃទី៤ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល៕ 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com