អន្តរជាតិ
លោក វ៉ាង យី​៖ ចិន​និង​ឥណ្ឌា ជា​មិត្ត​និង​ដៃគូ មិនមែន​គូប្រកួត​ប្រជែង​ឡើយ​
08, Mar 2021 , 8:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ។ រូបថត Xinhua
​ចិន និង​ឥណ្ឌា ត្រូវ​ការជួយ​គ្នា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ដើម្បី​សម្រេច​ភាពជោគជ័យ​រួមគ្នា ជាជាង​បំផ្លាញ និង​ដាក់​ការសង្ស័យ​ទៅវិញទៅមក​។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ថ្លែង​បែបនេះ​នៅ​ថ្ងៃទី​៧ ខែមីនា​។



 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្របគ្នា​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​៧ ខែមីនា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ចាត់ទុក​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា ជា​រឿង​សំខាន់​ណាស់​ក្នុងការ​ស្វែងរក​ការអភិវឌ្ឍ​ប្រទេស​ទាំងពីរ​។ សម្រាប់​លោក វ៉ាង ប្រទេស​ទាំង​ត្រូវធ្វើ​កំណែទម្រង់​រួមគ្នា ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក ព្រោះ​ប្រទេស​ទាំងពីរ​មិនជា​សត្រូវ​នឹង​គ្នា​ឡើយ​។ 
 
«​ចិន និង​ឥណ្ឌា ជា​មិត្ត និង​ដៃគូ​ទៅវិញទៅមក មិនមែន​គំរាមកំហែង ឬ​គូប្រជែង​ឡើយ​»​។ លោក វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ បាន​អះអាង​បែបនេះ​ក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​វីដេអូ​។ 
 
​ក្រុង​ប៉េកាំង និង​ក្រុង​ញូវដែលី តែងតែ​ប្រឈម​មុន​ដាក់គ្នា​លើ​បញ្ហា​ព្រំដែន ដែលមាន​ប្រវែង​ជាង ៣​ពាន់​គីឡូម៉ែត្រ​។ នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០ កងទ័ព​ចិន និង​ឥណ្ឌា បាន​ប៉ះទង្គិច​គ្នា ដែល​បង្ក​ឱ្យ​ភាគី​ទាំងសងខាង​មាន​ភាគី​ស្លាប់​ជាច្រើន​នាក់​។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រមុខ​ការទូត​ចិន បានចង្អុលបង្ហាញ​ថា ការប៉ះទង្គិច​នៅ​តំបន់​ព្រំដែន បានបង្ហាញ​ពី​ជម្លោះ​ប្រដាប់អាវុធ​ដែល​មិនអាច​ដោះស្រាយ​ទំនាស់​បានទេ ហើយ​មានតែ​កិច្ចចរចា​ដោយ​សន្តិភាព​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​ជម្លោះព្រំដែន​ទាំង​នោះបាន​។ 
 
​លោក វ៉ាង ក៏​ឆ្លៀត​រំឭក​ទៅកាន់​ឥណ្ឌា​ដែរ​ថា ទំនាស់​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា មាន​តាំងពី​ប្រវត្តិសាស្ត្រ​មក​ម្លេះ ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ទាំងស្រុង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ទាំងពីរ​ឡើយ​។ ប្រមុខ​ការទូត​ចិន ស្នើឱ្យ​ប្រទេស​ទាំងពីរ ត្រូវ​គ្រប់គ្រង​ភាពខុសគ្នា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​អាចឈាន​ទៅដល់​ការដោះស្រាយ​បញ្ហា​ព្រំដែន​។ 
 
​ដោយ​ចិន​និង​ឥណ្ឌា​សុទ្ធសឹង​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាង​១​ពាន់​លាន​នាក់​ដូចគ្នា លោក វ៉ាង ក៏​លើកឡើង​ពី​កិច្ច​សហប្រតិបត្តិ​ទៅមក ដែល​ចែករំលែក​លើ​ផលប្រយោជន៍​រួមគ្នា​ជាច្រើន និង​មាន​សក្តានុពល​ដ៏​ខ្លាំង​ក្នុងការ​សហការ​។ ក្នុងន័យនេះ ប្រទេស​យក្ស​អាស៊ី​ទាំងពីរ មាន​បេសកកម្ម​រួមគ្នា ក្នុងការ​កែប្រែ​ជីវភាព​របស់​ប្រជាជន និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ប្រទេស​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ខែកុម្ភៈ​កន្លងទៅ កងទ័ព​ចិន និង​ឥណ្ឌា បាន​ដកចេញ​ចប់សព្វគ្រប់​ហើយ​នៅ​តំបន់​បឹង Pangong នៅលើ​ជួរ​ភ្នំ​ហិមាល័យ​។ បន្ទាប់ពី​ការដក​កងទ័ព​នេះ មេបញ្ជាការ​កងទ័ព​ប្រទេស​ទាំងពីរ បាន​ជួបគ្នា​បន្តទៀត ដើម្បី​ចរចា​ដក​កងទ័ព​នៅ​តំបន់​ជម្លោះ​ក្នុង​តំបន់​ផ្សេងទៀត​៕ 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com