ជាតិ
សង្គមជាតិ
ក្លិបហាត់ប្រាណនៅភ្នំពេញ និងខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ត្រូវផ្អាកបណ្តោះអាសន្ន
08, Mar 2021 , 11:29 pm        
រូបភាព
សកម្មភាពអ្នករត់ហាត់ប្រាណនៅពហុកីឡដ្ឋានជាតិអូឡាំពិក
សកម្មភាពអ្នករត់ហាត់ប្រាណនៅពហុកីឡដ្ឋានជាតិអូឡាំពិក
ដោយ:
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និង កីឡា ប្រាប់ឲ្យម្ចាស់អាជីវកម្មក្លិបហាត់ប្រាណ ផ្អាកអាជីវកម្ម ព្រមទាំងស្នើឲ្យពលរដ្ឋផ្អាកការលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំច្រើន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីអប់រំ ការផ្អាកនេះ គឺសម្រាប់តែនៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ និង ខេត្តផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

 
តាមរយៈសេចក្តីជូនដំណឹង ចេញនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ការស្នើឲ្យផ្អាកអាជីវកម្មក្លិបហាត់ប្រាណ និងផ្អាកសកម្មភាពហាត់ប្រាណបែបនេះ ដោយក្រសួងសង្កេតឃើញស្ថានភាពនៃការឆ្លងជំងឹកូវីដ-១៩នៅតែបន្តរាតត្បាត។ ចំពោះ ការប្រកួតកីឡាដែលមានការចាក់ផ្សាយតាមទូរទស្សន៍ លោករដ្ឋមន្រ្តី នៅអនុញ្ញាតឲ្យបន្តដំណើរការដដែល។ 
 
ជាមួយគ្នានេះ លោក អំពាវនាវដល់ម្ចាស់អាជីវកម្មក្លិបហាត់ប្រាណ កីឡាករ កីឡាការិនី អ្នកលេងកីឡា អ្នកហាត់ប្រាណនានាចូលរួមអនុវត្ត និងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
រហូតមកដល់ពេលនេះ ក្រសួងអប់រំ បានបិទសាលារៀន ដែលស្ថិតនៅរាជធានីភ្នំពេញ កណ្តាល និងព្រះសីហនុ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលចូលសហគមន៍កាន់តែមានទ្រង់ទ្រាយធំ។ 
 
ក្រៅពីភ្នំពេញ ខេត្តកណ្តាល និង ព្រះសីហនុ នៅមានខេត្តមួយចំនួនទៀត ដែលមានករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដូចជា ស្វាយរៀង ព្រៃវែង និង កំពង់ចាម ជាដើម។ 
 

Tag:
 កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com