COVID-19
ជាតិ
អ្នកឆ្លងកូវីដ-១៩ថ្មី មាន​៤៩នាក់ទៀតនៅ​ភ្នំពេញ ព្រះសីហនុ កណ្តាល និងព្រៃវែង
09, Mar 2021 , 1:40 pm        
រូបភាព
ទីតាំងចត្តាឡីស័កមួយនៅខេត្តព្រះសីហនុ។ រូបរដ្ឋបាលខេត្ត
ទីតាំងចត្តាឡីស័កមួយនៅខេត្តព្រះសីហនុ។ រូបរដ្ឋបាលខេត្ត
ដោយ: រួបរួម
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារ ទី៩ ខែមីនា នេះ បានប្រកាសពីការរកឃើញអ្នកកើតកូវីដ-១៩ ចំនួន៤៩នាក់បន្ថែមទៀត ដែលក្នុងនោះមាន៤៨ នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ សរុបមកដល់ពេលនេះ ករណីកូវីដ-១៩នៅកម្ពុជាឡើងដល់១០៦០នាក់ ដោយ៥៤៩នាក់ជាករណីសហគមន៍២០កុម្ភៈ ដែលបានរាលដាលចេញពីភ្នំពេញ ដល់ខេត្តកណ្តាល ព្រះសីហនុ បន្តដល់ស្វាយរៀង កោះកុង ព្រៃវែង កំពង់ធំ និងកំពង់ចាម។



ករណី១ដែលមិនពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ មានអ្នកជំងឺជាបុរសជនជាតិលីប៊ីអាយុ៥០​ឆ្នាំ ដែលមកពីប្រទេសខ្លួន បន្តហោះហើរតាមកូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងសទី៧ ខែមីនា។ អ្នកដំណើរ​៩៦នាក់ទៀតកំពុងធ្វើចត្តាឡីស័ក។

រីឯករណីសហគមន៍២០កុម្ភៈ ចំនួន​៤៨ករណី មាន​២៣នាក់នៅភ្នំពេញ (ចិន១៥នាក់ ខ្មែរ៨នាក់) ១២នាក់នៅ​ខេត្តព្រះសីហនុ (ចិនទាំងអស់) ១១នាក់នៅព្រៃវែង (ខ្មែរទាំងអស់) និង២នាក់នៅកណ្តាល (ចិន១នាក់ ឥណ្ឌូណេស៊ី១នាក់)។

ជាមួយគ្នានេះ ករណីសះស្បើយថ្មីមាន​២១នាក់បន្ថែមទៀត ដោយ២០នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ (១១នាក់ចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៦នាក់ចេញពីមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន ២នាក់ចេញពីពេទ្យជ័យជម្នះខេត្តកណ្តាល​ និង១នាក់ចេញពីពេទ្យមិត្តភាពខ្មែរសូវៀត។ រីឯ១នាក់ទៀតជាបុរសជនជាតិស្វីសអាយុ៦២ឆ្នាំ ជាករណីអ្នកដំណើរពីបរទេស ដោយគាត់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

កាលពីរាត្រីថ្ងៃទី៨ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារបន្ទាន់មួយដោយអំពាវនាវឲ្យស្ថាប័នរដ្ឋ និងឯកជន ផ្អាករាល់ការជួបជុំដែលមិនមានការចាំបាច់ ខណៈករណីកូវីដ-១៩ កាន់តែរាលដាលខ្លាំង។ សម្តេចបានអះអាងថា ករណីឆ្លងនេះ បានរាលដាលចូលដល់ជួរមន្ត្រីរាជការ ក្របខណ្ឌនគរបាលជាតិ និងសិល្បករ សិល្បការិនី។

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com