ជាតិ
យុវជនសកម្ម សេវាល្អ
លោក ជួន ថុល មេឃុំកំពង់ស្វាយ ពន្យល់ពីសារសំខាន់នៃការចុះសំបុត្រអាពាហ៍ពិពាហ៍
09, Mar 2021 , 10:39 am        
រូបភាព
 ដោយ៖ ខា បូរ៉ា (យុវជនឃុំកំពង់ស្វាយ )
 
កំពង់ធំ៖ លោក ជួន ថុល គឺជាមេឃុំ នៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ជួន ថុល បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយក្រុមយុវជនឃុំកំពង់ស្វាយថា ការចុះសំបុត្រអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយា គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពលរដ្ឋ។ 

 
បើតាមលោកមេឃុំ សំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល មិនត្រឹមតែបញ្ជាក់ពីភាពស្របច្បាប់របស់គូស្វាមីភរិយានោះទេ ប៉ុន្តែក៏ជាឯកសារផ្លូវច្បាប់ ដែលផ្តល់ភាពងាយស្រួលឲ្យក្រុមគ្រួសារនោះ ក្នុងការងារកាត់ប្លង់ដី ចុះសំបុត្រកំណើតឲ្យកូន និងការបញ្ជាក់ឯកសារផ្សេងៗជាដើម។ ផ្ទុយទៅវិញ បើគូស្វាមីភរិយាមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ បញ្ហាប្រឈមជាច្រើននឹងកើតឡើង នៅក្នុងការរស់នៅរបស់ពួកគាត់។ លោក ជួន ថុល ពន្យល់បន្ថែម៖ «បើអត់បានចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល បានន័យថា(មានកូន) កូនឥតខាន់ស្លាអត់អី។ អីចឹងវាស្របតាមច្បាប់របស់រាជរដ្ឋាភិបាលផង វាស្របនឹងប្រពៃណីផង។ ហើយអត្ថន័យរបស់វា ដូចថាធ្វើប្លង់ដីអី បើអត់មានសំបុត្រអាពាហ៍ពិពាហ៍ពិបាកកាត់ប្លង់ដី។ ម្យ៉ាងទៀត ដូចចុះសំបុត្រកំណើត បើសិនអត់មានសំបុត្រអាពាហ៍ពិពាហ៍ ម៉ែឪចុះជំនួសអត់បានទេ។ បើមានសំបុត្រអាពាហ៍ពិពាហ៍ ម៉ែឪចុះសំបុត្រឲ្យចុះ ឲ្យអ្នកក៏បាន កាន់តែអេតាស៊ីវិលទៅចុះ។ មានសារសំខាន់»។  
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក អ្នកនាង ទស្សនាកិច្ចសម្ភាសរវាង យុវជនឃុំកំពង់ស្វាយ និងលោក  ជួន ថុល មេឃុំកំពង់ស្វាយ ជុំវិញសារសំខាន់នៃការសំបុត្រអាពាហ៍ពិពាហ៍ ដូចតទៅ៖
 
ក្រៅពីការចុះអត្រានុកូលដ្ឋាន ដែលរួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាពជូនពលរដ្ឋ លោក ជួន ថុល បានអះអាងថា អាជ្ញាធរឃុំ ក៏មានផ្តល់សេវាសាធារណៈជាច្រើនទៀតដល់ពលរដ្ឋផងដែរ មានដូចជាការបញ្ជាក់ប្លង់ដី បញ្ជាក់ទីលំនៅ និងបញ្ជាក់ឯកសារផ្សេងៗដែលជាតម្រូវការរបស់ពលរដ្ឋក្នុងឃុំ។ 
 
បើទោះលោក ជួន ថុល បញ្ជាក់នៅក្នុងបទសម្ភាសខាងលើនេះ ថា តួនាទីជាមេឃុំនេះ មានការលំបាកខ្លះសម្រាប់ខ្លួន ប៉ុន្តែមេឃុំរូបនេះ មិនដែលរួញរា ក្នុងការងារផ្តល់សេវាសាធារណៈនានាជូនពលរដ្ឋក្នុងឃុំខ្លួនឡើយ។ បំណងរបស់លោក ជួន ថុល គឺធ្វើយ៉ាងណា ឲ្យពលរដ្ឋក្នុងឃុំ កាន់តែមានការយល់ដឹង និងចង់ឲ្យស្រុកភូមិកាន់តែមានការអភិវឌ្ឍន៍៕
 
  
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
អត្ថបទ និងវីដេអូ នេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។

Tag:
 មេឃុំ
 សំបុត្រអាពាហ៍ពិពាហ៍
 ជួន ថុល
© រក្សាសិទ្ធិដោយ thmeythmey.com