កីឡាអន្តរជាតិ
អន្តរជាតិ
ផែនការបង្កើនក្រុមពី៣២ ទៅ៣៦ នៅ UCL នឹងត្រូវសម្រេចនៅចុងខែមីនា
09, Mar 2021 , 11:28 am        
រូបភាព
ផែនការបង្កើនក្រុមពីចំនួន៣២ ទៅ ៣៦ក្រុមក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ តទៅ មានភាគរយច្រើនក្នុងការសម្រេចយល់ព្រមនៅចុងខែមីនានេះ។


លោក Andrea Agnelli ប្រធានសមាគមក្លិបកីឡាបាល់ទាត់អឺរ៉ុប (ECA) រំពឹងថា ព័ត៌មានលម្អិតចុងក្រោយអំពីរបៀបដែលត្រូវបន្ថែមក្រុមចំនួន៤ទៀត ឬក៏អត់នោះនឹងត្រូវសម្រេចចុងក្រោយនៅរយៈពេលពីរសប្តាហ៍ទៀត។
 
បើតតាមការចុះផ្សាយរបស់កាសែត BBC ប្រសិនបើ ECA បានបំពេញតាមលក្ខខណ្ឌ និងពេលវេលាត្រឹមត្រូវជុំនោះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប (UEFA) ប្រាកដជាចង់ចុះហត្ថលេខាលើគម្រោងបន្ថែមក្រុមនេះមិនខាន។
 
ស្របពេលគ្នានេះដែរ ប្រសិនបើផែនការបន្ថែមក្រុមនេះទទួលបានជោគជ័យ នោះគម្រោងបង្កើតពានរង្វាន់ថ្មី European Super League (ESL) នឹងត្រូវបញ្ចប់វិញផងដែរ។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ព្រមទាំង UEFA ផង ធ្លាប់បានបញ្ជាក់រួចហើយថាការប្រកួតប្រជែងពានរង្វាន់ ESL នេះ «នឹងមិនត្រូវបានទទួលស្គាល់ឡើយ»។ FIFA ថែមទាំងព្រមានកីឡាកររូបណាចូលរួមការប្រកួតពានដែលគ្រោងបង្កើតថ្មីនេះ នឹងត្រូវរារាំងមិនឲ្យលេងក្នុងការប្រកួត World Cup ឬជំនួបអន្តរជាតិផ្សេងៗ។
 
លោក Agnelli ដែលជាប្រធានក្លិបយក្សអ៊ីតាលី Juventus ផងនោះ ក៏បង្ហាញការមិនពេញចិត្តក្នុងការពិភាក្សាបង្កើតពាន ESL ដែរ ប៉ុន្តែសម្រាប់ការបន្ថែមក្រុមដល់៣៦ក្នុងក្របខណ្ឌ Champions League គឺជាអ្វីដែលលោកចង់បាន៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com