COVID-19
ជាតិ
ព្រឹទ្ធសភា ប្រញាប់ប្រញាល់ពិភាក្សាគ្នា ដើម្បីអនុម័តច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានលឿន តាមសំណើនាយករដ្ឋមន្រ្តី
09, Mar 2021 , 12:59 pm        
រូបភាព
ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពេញអង្គជាបន្ទាន់ ដើម្បីពិនិត្យអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ការរៀបចំរបៀបវារៈនៃការបើកកិច្ចប្រជុំពេញអង្គជាបន្ទាន់ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ គឺធ្វើទៅតាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។


 
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំព្រឹទ្ធសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិភាក្សាពីសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ បានប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មការជំនាញ ដើម្បីពិនិត្យ។  
 
លោក បន្តថា បន្ទាប់មក គណៈកម្មការជំនាញ នឹងប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ហើយនៅរសៀលថ្ងៃទី១០ ខែមីនា គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងបើកចិ្ចប្រជុំម្តងទៀត ដើម្បីកំណត់របៀបវារៈនៃការបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមីនា។ លោក មានប្រសាសន៍ថា៖«យើង ត្រូវការច្បាប់នេះជាបន្ទាន់ ដើម្បីយកមកអនុវត្តឲ្យទាន់ពេលវេលា [ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩]»។
 
បើតាមការពន្យល់របស់លោក ម៉ម ប៊ុននាង បើព្រឹទ្ធសភា ពិនិត្យឃើញថា សេចក្តីព្រាងច្បាប់នេះ តម្រូវឲ្យក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យ នោះនឹងត្រូវបញ្ជូនទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសិន តែបើមិនតម្រូវឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យទេ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។ 
 
យ៉ាងណា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាសឲ្យប្រើប្រាស់ដោយសម្តេច សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី ខណៈព្រះមហាក្សត្រ កំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព ជាមួយព្រះមាតា នៅទីក្រុងប៉េកាំង ប្រទេសចិន។ 
 
កាលពីយប់ថ្ងៃទី៨ ខែមីនា សម្តេច ហ៊ុន សែន បានប្រកាសតាមរយៈសារជាសំឡេងថា រដ្ឋាភិបាលកម្ពុជា ត្រូវការច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត យកមកប្រើជាបន្ទាន់។ ប្រមុខរដ្ឋាភិបាល ស្នើទៅលោក ស៊ីម កា ប្រធានព្រឹទ្ធសភាស្តីទី ថា៖«មេត្តាពិនិត្យ ត្រូវរកពិធីណា ដើម្បីឲ្យច្បាប់ ដែល [រដ្ឋ] សភា បានអនុម័តនោះ បានចូលជាធរមាន»។   
 
ប្រមុខរដ្ឋាភិបាល ថ្លែងថា កម្ពុជា មិនទាន់អាចឈានដល់ការយកច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន មកប្រើប្រាស់ឡើយ។ ការមិនចង់យកច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្នមកប្រើប្រាស់ ទំនងជាប្រមុខរដ្ឋាភិបាល បារម្ភពីការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេសជាតិ។
 
សេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន៥ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភា រអនុម័តយល់ព្រមរួចហើយ កាលពីថ្ងៃទី៥ ខែមីនា។ 
 
សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឲ្យរដ្ឋាភិបាល អាចដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រួមមាន ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និង ហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ ជាដើម។ សេចក្តីព្រាងច្បាប់នេះ ក៏បានផ្តល់អំណាចឲ្យរដ្ឋាភិបាល អាចបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលដែរ។ 
 
សេចក្តីព្រាងច្បាប់នេះ ក៏មានចែងពីទោសទណ្ឌលើអ្នកបង្កបញ្ហាបណ្តាលឲ្យជំងឺកូវីដ-១៩រាតត្បាតដែរ។ 
 
អ្នក គេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ 
 
អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាល ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។ 
 
អ្នក ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុមឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារកាន់តែយូរ គឺពី១០ឆ្នាំ ទៅ២០ឆ្នាំ៕ 
 
  
 
 
 

Tag:
 ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com