COVID-19
ជាតិ
បន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងអ្នកផ្សេងទៀត លោក ណុប បាយ៉ារិទ្ធប្រកាសថាខ្លួនមានកូវីដ-១៩
09, Mar 2021 , 1:06 pm        
រូបភាព
លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងផលិតកម្មហង្សមាស
លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងផលិតកម្មហង្សមាស
ភ្នំពេញ៖ លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងផលិតកម្មហង្សមាស បានប្រកាសតាមហ្វេសប៊ុកនៅថ្ងៃនេះថា លោកមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីករណីនេះ បានកើតឡើងលើពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ លោក អ៊ិន ទីតូ អ្នកដឹកនាំថត។ អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោក អ៊ឹង សុខលី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ក្រុមហ៊ុនហង្សមាស កំពុងតែស្រាវជ្រាវរកអ្នកដែលបាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដើម្បីយកសំណាកទៅធ្វើតេស្ដ។


អត្ថបទទាក់ទង


«មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ-១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន    ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យឲ្យបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»។ នេះជាការសរសេររៀបរាប់របស់លោក ណុប បាយ៉ារិទ្ធ។



ទោះជាយ៉ាងណា លោក អ៊ឹង សុខលី អះអាងថាពេលនេះខាងក្រុមហ៊ុន នៅពុំទាន់មានទិន្នន័យច្បាស់លាស់ ពីចំនួនអ្នកដែលបានមានទំនាន់ទំនងជាមួយតារាចម្រៀង ជាពិសេសអ្នកនាង កែវ ច័ន្ទនិមល ទាំងផ្ទាល់និងដោយប្រយោលឡើយ។
«យើងកំពុងតែធ្វើការងារហ្នឹង(ស្រាវជ្រាវរកអ្នកដែលបានពាក់ព័ន្ធជាមួយអ្នកនាង កែវ ច័ន្ទនិមល) តែយើងមិនទាន់ដឹងពីតួរលេខឡើយ។ យើងកំពុងរង់ចាំការរៀបចំរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុននឹងរៀបចំ ចំពោះបុគ្គលិកណាដែលជាប់ពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោល ដោយយកសំណាកទៅពិនិត្យតាមដំណាក់កាល។ គេនឹងរៀបចំឆាប់ៗនេះ គេមិនអាចទុកយូរទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស»។

លោក អ៊ឹង សុខលី ដែលត្រូវជាស្វាមីរបស់តារាចម្រៀងជួរមុខកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដែរថា ភរិយារបស់លោក មិនបានជួបពាក់ព័ន្ធផ្ទាល់ជាមួយនឹងពិធីការិនី កែវ ច័ន្ទនិមល ឡើយ។ លោកបន្ថែមថាអ្នកនាង ឱក សុគន្ធកញ្ញា ក៏មិនមានអាការក្ដៅខ្លួនដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាង ឱក សុគន្ធកញ្ញា បច្ចុប្បន្នបានស្នាក់នៅក្នុងផ្ទះដាច់ដោយឡែកជាមួយគ្រួសារ ជាបណ្ដោះអាសន្ន។



លោក អ៊ឹង សុខលី បញ្ជាក់បន្ថែមដូច្នេះ៖«យើងនៅផ្ទះដាច់ដោយឡែកសិន។ ធម្មតាយើងធ្វើការនៅក្នុងក្រុមហ៊ុនជាមួយគ្នា កាលណាមានអ្នកណាម្នាក់នៅក្នុងក្រុមហ៊ុនមានកូវីដ យើងត្រូវដាក់ខ្លួននៅផ្ទះដោយខ្លួនឯង។ ជាក់ស្តែងយើងដូចជាមិនបានទៅពាក់ព័ន្ធ ជាមួយអ្នកដែលបានកើតនោះទេ ព្រោះយើងឈរពីចម្ងាយ រក្សាគម្លាត។ ហើយនៅពេលដែលយើងចប់ការងារ យើងក៏បានលាងដៃនឹងអាល់កុលខ្ជាប់ខ្ជួនដែរ។ ចំពោះអាការរបស់គាត់(ឱក សុគន្ធកញ្ញា)គឺធម្មតា។ ចុះដែលព័ត៌មានថាគាត់ក្ដៅខ្លួននោះ? អាហ្នឹងពួកយើងកំពុងតែឆ្ងល់ដែរ តើគេដឹងមកពីខាងណា ព្រោះគ្រួសាររបស់ខ្ញុំមិនមានក្ដៅខ្លួនអ្វីទេ»។



សូមបញ្ជាក់ថា អ្នកនាង កែវ ចាន់និមល ដែលជាពិធីការិនីទូរទស្សន៍ហង្សមាស ត្រូវបានរកឃើញថាមានផ្ទុកកូវីដ-១៩ កាលពីថ្ងៃទី៨ខែមីនាម្សិលមិញ ហើយស្វាមី រួមទាំងកូនស្រីរបស់អ្នកនាង ក៏មានផ្ទុកជំងឺនេះដែរ។ ពិធីការិនីរូបនេះ បានអះអាងថាខ្លួនបានទៅថតស្ពតអប់រំស្ដីពីការការពារកូវីដ-១៩ នៅក្លឹបបាល់ទាត់មួយ កាលពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ដោយមានលោក អ៊ិន ទីតូ ជាអ្នកដឹកនាំថត៕


© រក្សាសិទ្ធិដោយ thmeythmey.com