ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខួរក្បាលបញ្ជាដៃខាងណាមួយឱ្យកាន់ទូរសព្ទ
× ការសិក្សាថ្មីមួយបង្ហាញថា មនុស្សប្រហែលជា ៧០ភាគរយ កាន់ទូរសព្ទទៅដាក់នៅជិតត្រចៀកខាងដូចគ្នាទៅនឹងដៃដែលប្រើជាប្រចាំ។
ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Henry Ford នៅ Detroit បានឱ្យដឹងថា អ្នកប្រើខួរក្បាលខាងឆ្វេងដើម្បីគិត ច្រើនតែប្រើដៃស្តាំសម្រាប់សរសេនិងធ្វើការងារប្រចាំថ្ងៃផ្សេងៗ។ ពួកគេក៏ច្រើនតែកាន់ទូរសព្ទដាក់ទៅត្រចៀកខាងស្តាំផងដែរ បើទោះជាការស្តាប់របស់ពួកគេមិនមានភាពខុសគ្នារវាងខាងស្តាំនិងខាងឆ្វេងក៏ដោយ។
ការស្ទង់មតិតាមអ៊ីនធើរណេតរបស់ពួកគេលើមនុស្សជាង ៧០០នាក់ បានរកឃើញថា អ្នកប្រើដៃស្តាំប្រហែលជា ៦៨ភាគរយ និយាយថាពួកគេកាន់ទូរសព្ទដាក់ត្រចៀកខាងស្តាំ រីឯ ២៥ភាគរយ ប្រើត្រចៀកឆ្វេង និង ៧ភាគរយ ប្រើត្រចៀកទាំងសងខាង។
ក្នុងចំណោមអ្នកប្រើដៃឆ្វេង ៧២ភាករយ និយាយថា ពួកគេប្រើត្រចៀកខាងឆ្វេង, ២៣ភាគរយ ប្រើត្រចៀកខាងស្តាំ និង ៥ភាគរយ ប្រើត្រចៀកទាំងសងខាង។
ការសិក្សានេះត្រូវបានរៀបចំដើម្បីថ្លែងនៅថ្ងៃទី ២៦ ខែកុម្ភៈ ក្នុងការប្រជុំសមាគមស្រាវជ្រាវផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅ San Diego។
វេជ្ជបណ្ឌិត ម៉ៃឃើល ស៊ីតមេន (Michael Seidman) បានឱ្យដឹងថា ការរកឃើញនេះណែនាំថាមិនមានទំនាក់ទំនងរវាងការប្រើប្រាស់ទូរសព្ទជាមួយនឹងជំងឺមហារីកខួរក្បាល ក្បាល និងកនោះទេ។ ប្រសិនបើវាមានទំនាក់ទំនងមែននោះ មនុស្សជាច្រើនដែលនឹងធ្វើរោគវិនិច្ឆ័យឃើញនៅផ្នែកខាងស្តាំនៃខួរក្បាល ក្បាល និងក ព្រោះមនុស្សភាគច្រើនប្រើប្រាស់ដៃស្តាំនិងកាន់ទូរសព្ទទៅស្តាប់នៅត្រចៀកខាងស្តាំ។
© រក្សាសិទ្ធិដោយ thmeythmey.com