ជាតិ
លោកស្រី ធិននី មុន្នីរស្មី៖ បើយើងយកការងារមកឡូកឡំជាមួយគ្រួសារ ក៏ពិបាកដែរ
09, Mar 2021 , 7:29 pm        
រូបភាព
ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ ១០ឆ្នាំហើយ ដែលលោកស្រី ធិននី មុន្នីរស្មី កាន់តំណែងជាប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ។ លោកស្រី មុន្នីរស្មី បានប្រឹងប្រែងរៀបចំខេត្តជាប់ព្រំដែនថៃមួយនេះ ទៅជាតំបន់សក្ដានុពលតាមរយៈការរៀបចំទីកន្លែងទេសចរណ៍ជាច្រើន តាមជំនាញនិងភារកិច្ចខ្លួន។ ជាថ្នាក់ដឹកនាំទេសចរណ៍ផង និងជាស្រ្តីមេផ្ទះផង លោកស្រី មុន្នីរស្មី អះអាងថា ខ្លួនមិនដែលយកបញ្ហាការងារមកឡូកឡំជាមួយគ្រួសារទេ ព្រោះវានាំឲ្យបង្កការលំបាកដល់ការងារ និងជីវិត។



ជាអ្នកខេត្តសៀមរាប ធិននី មុនីរស្មី បានផ្លាស់មករស់នៅក្នុងស្រុកសំរោង ឧត្តរមានជ័យ ជាមួយឪពុកម្ដាយ និងបងប្អូន៥នាក់ នៅចុងឆ្នាំ១៩៩០។ ក្រោយមករស់នៅ និងប្រឡងជាប់សញ្ញាបត្របាក់ឌុប ថ្នាក់ទី១២ នៅឆ្នាំ១៩៩៩ យុវតី មុនីរស្មី បានបន្តសិក្សាផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅភ្នំពេញ ចាប់ពីឆ្នាំ២០០០ រហូតដល់ ២០០៤ ដោយសារមើលឃើញថាវិស័យទេសចរណ៍មានតួនាទីសំខាន់ ខណៈខេត្តឧត្តរមានជ័យក៏មិនទាន់មានរីកចម្រើនផងនោះ។


 
បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញតាមចំណង់ចំណូលចិត្តខ្លួននេះ យុវតី មុនីរស្មី បានវេចស្ពាយចំណេះដឹងទៅអភិវឌ្ឍន៍ខេត្តខ្លួនវិញ ។ គ្រានោះហើយ ដែលយុវតី មុនីរស្មី ត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យជ្រើសរើសជាប្រធានស្តីទីទេសចរណ៍ រយៈពេល២ឆ្នាំ ដើម្បីអនុវត្តការងារអភិវឌ្ឍន៍ខេត្ត នាអំឡុងឆ្នាំ២០០៨។
 
ទាំងសមត្ថភាព និងស្នាដៃរបស់ យុវតី មុន្នីរស្មី បានធ្វើឱ្យតំបន់ទេសចរណ៍ខេត្តជាប់ព្រំដែនថៃមួយនេះ មានការកែប្រែបន្តិចម្ដងៗ រហូតដល់មានការគាំទ្រ យុវតីសំនៀងរដឺនរូបនេះ ជាប្រធានមន្ទីរទេសចរណ៍ខេត្តផ្លូវការនៅឆ្នាំ២០១០។
 
តួនាទីកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ ប៉ុន្តែវាក៏ជាឱកាសសម្រាប់យុវតី មុន្នីរស្មី ក្នុងការរៀបចំតំបន់ខេត្តនៃទិសពាយ័ព្យ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមមួយនេះ ទៅជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល តាមក្តីស្រមៃខ្លួនដែរ។


 
១០ឆ្នាំមកនេះ ស្ត្រីវ័យ៣៧ឆ្នាំដែលគ្រប់គ្រងការអភិវឌ្ឍទេសចរណ៍រូបនេះ បានសហការជាមួយអាជ្ញាធរខេត្តក្រុង ដោយរៀបចំអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ និងរៀបចំក្រុមការងារដើម្បីគ្រប់គ្រងតំបន់ប្រវត្តិសាស្រ្ត ផ្ទះតាម៉ុក ដែលជារមណីយដ្ឋានទេសចរណ៍គំរូក្នុងខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន លោកស្រីកំពុងសិក្សាស្រាវជ្រាវ អំពីតំបន់ទេសចរណ៍សក្តានុពលផ្សេងៗ សម្រាប់ផលិតសៀវភៅមគ្គទេសក៍ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ក៏ដូចជាទាក់ទាញអ្នកវិនិយោគផងដែរ។
 
«មធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ ពិសេសនៅរដូវវស្សា ជាបញ្ហារាំងស្ទះការអនុវត្ត ក្នុងអំឡុងពេលរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍នានាក្នុងខេត្តឧត្តរមានជ័យ»។ នេះបើតាមលោកស្រី ធិននី មុន្នីរស្មី ដោយបន្តថា បញ្ហាថវិកា គឺជាផ្នែកមួយសំខាន់សម្រាប់ការអនុវត្តហេដ្ឋារចនាសម័្ពន្ធ ទៅកាន់តំបន់ទេសចរណ៍ខេត្ត។


 
បើនិយាយពីរៀបគ្រប់គ្រងការងារវិញ ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យរូបនេះ បានរៀបចំការងារទៅតាមរចនាសម្ព័ន្ធ និងបែងចែកភារកិច្ចដល់មន្រ្តីអនុវត្តការងារយ៉ាងច្បាស់លាស់ ដោយប្រជុំ ពិភាក្សា ផ្លាស់ប្តូរមតិ យោបល់គ្នាទៅវិញទៅមក រួមទាំងចែករំលែកក្តីស្រលាញ់ជាមួយគ្នា។ សម្រាប់លោកស្រី មុន្នីរស្មី ការលើកទឹកចិត្ត ដល់មន្ត្រីអនុវត្តការងារ គឺជាចំណុចចាំបាច់បំផុត ក្នុងការបំពេញភារកិច្ចរួមគ្នា ។
 
ដ្បិតរវល់ការងារច្រើនក្តី ប៉ុន្តែលោកស្រី មុន្នីរស្មី មិនភ្លេចភារកិច្ចមេផ្ទះឡើយ។ ការងារពីរដោយឡែកពីគ្នានេះ លោកស្រី មុន្នីរស្មី តែងតែបែងចែកច្បាស់លាស់ ដោយមិនយកការងារមកឡូកឡំជាមួយគ្នា ដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍រួមនោះទេ។
 
ស្ត្រីកូនទី៤ ដែលមានឪពុកជាអតីតប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យរូបនេះ បាននិយាយដូច្នេះថា៖ « នាងខ្ញុំមានបន្ទុកការងារមានច្រើនដែលត្រូវធ្វើជាម្តាយផង ជាភរិយាផង និងជាស្ត្រីមេផ្ទះផង។ កន្លងមកយើងគិតថាការងារច្រើនពិតប្រាកដមែន បើសិនយើងយកការងារទាំងអស់មកឡូកឡំគ្នាជាមួយគ្រួសារក៏ពិបាកដែរ ដោយសារតែយើងមិនមានការបែងចែកឲ្យច្បាស់លាស់។ ប៉ុន្តែ នាងខ្ញុំតែងតែមានការបែងចែកច្បាស់លាស់ ការងារផ្សេង គ្រួសារផ្សេង គឺនៅពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំមើលការខុសត្រូវផ្ទះ របៀបរាបរយនៅក្នុងផ្ទះ និងមើលថែកូន ហើយនៅពេលទំនេរ ខ្ញុំបង្រៀនបង្ហាត់កូននៅផ្ទះ»។


 
ដោយឆ្លងកាត់បទពិសោធន៍ការងារក្នុងតួនាទីខ្ពស់ និងមានបន្ទុកគ្រួសារផង លោកស្រី ធិននី មុន្នីរស្មី លើកទឹកចិត្តឱ្យស្ត្រី មានភាពក្លាហាន និងតស៊ូជម្នះឧបសគ្គ ដើម្បីភាពជោគជ័យមួយសម្រាប់ខ្លួន។ បើតាមលោកស្រី មុន្នីរស្មី ស្រ្តីដើរតួនាទីសំខាន់ណាស់ក្នុងសង្គម ជាពិសេសការចូលរួមបញ្ចេញមតិយោបល់។ «ការខិតខំប្រឹងប្រែង ព្យាយាម និងការលើកទឹកចិត្តពីខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ពិតជាមានសារសំខាន់បំផុត ដែលអាចឲ្យខ្ញុំដើរមកដល់ថ្ងៃនេះ»។ នេះជាការលើកឡើងរបស់លោកស្រី មុន្នីរស្មី ដែលបានប្ដេជ្ញាខិតខំប្រឹងអភិវឌ្ឍន៍ និងអភិរក្សទីតាំងសក្តានុពលទេសចរណ៍ រួមទាំងរៀបចំរមណីយដ្ឋានសំខាន់ៗ ក៏ដូចជាបង្កើតឲ្យមានសហគមន៍ទេសចរណ៍ ដើម្បីទាញកំណើនភ្ញៀវទេសចរសម្រាប់ខេត្តនៃទិសពាយ័ព្យជាប់ព្រំដែនថៃមួយនេះ៕
 



Tag:
 Thmeythmey
  Thmeythmey25
 ស្រ្តី
  ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com