COVID-19
ជាតិ
ស្រ្តីចិនម្នាក់ នឹងត្រូវបណ្តេញចេញនិងលែងឲ្យចូលកម្ពុជារហូត ដោយសារធ្វើដំណើរចេញពីខេត្តព្រះសីហនុ
09, Mar 2021 , 2:25 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវិដ-១៩។ រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវិដ-១៩។ រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ស្រ្តីជនជាតិចិនម្នាក់ នឹងត្រូវបណ្តេញចេញពីកម្ពុជា និងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញជារៀងរហូត។ ទោសកំហុសរបស់ស្រ្តីចិនរូបនោះ គឺដោយសារតែនាង ធ្វើដំណើរចេញពីខេត្តព្រះសីហនុ ខណៈរដ្ឋបាលខេត្តព្រះសីហនុ ចេញបម្រាមមិនឲ្យប្រជាជនក្នុងខេត្តនេះ ចេញទៅរាជធានីនិងខេត្តដទៃ ដើម្បីទប់ស្កាត់ការរាលជំងឺកូវីដ-១៩។



រដ្ឋបាលខេត្តព្រះសហនុ បានប្រកាសព័ត៌មានពីករណីស្រ្តីចិនខាងលើ តាមទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា ស្រ្តីចិននោះ បានចេញពីខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៨ ខែមីនា តាមរថយន្តឈ្នួល និងចុះទៅបន្តជិះរថយន្តដឹកទំនិញម៉ាក់ Hyundai ក្នុងគោលដៅចូលរាជធានីភ្នំពេញ។ តែអាជ្ញាធរ បានឃាត់រថយន្តដឹកទំនិញនោះ នៅព្រំប្រទល់ស្រុកកំពង់សីលា (ព្រះសីហនុ) និងស្រុកភ្នំស្រួច (ខេត្តកំពង់ស្ពឺ) ហើយចាប់ស្រ្តីចិននោះ ទៅខេត្តព្រះសីហនុវិញ ដោយបច្ចុប្បន្ន កំពុងដាក់នាងឲ្យធ្វើចត្តាឡីស័ក។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា៖«ចំពោះស្រ្តីចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក [រយៈពេល១៤ថ្ងៃ] រួចរាល់ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឲ្យត្រឡប់មកវិញជារៀងរហូត»។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗថា កំហុសរបស់ស្រ្តីចិននោះ មិនមែនពាក់ព័ន្ធនឹងការលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនោះទេ ព្រោះមុនចេញពីខេត្តព្រះសីហនុ នាង មិនស្ថិតក្នុងការចត្តាឡីស័កឡើយ។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា កំហុសរបស់នាង គឺដោយសារតែលួចរត់ចេញពីខេត្តព្រះសីហនុ ខណៈរដ្ឋបាលខេត្តចេញហាមមិនឲ្យចេញ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុរូបនេះ មានប្រសាសន៍ថា៖«អ្នកគោរពច្បាប់កម្ពុជា យើង ស្វាគមន៍។ អ្នក មិនគោរពច្បាប់កម្ពុជា យើង អត់មានហេតុផលអីត្រូវទុកទេ»។

លោក បន្តថា អ្នកបើករថយន្តដឹកទំនិញ ត្រូវឃាត់ខ្លួនហើយ ខណៈអាជ្ញាធរ កំពុងស្វែងរកអ្នកបើករថយន្តឈ្នួល។ លោក អះអាងថា អ្នកបើករថយន្តទាំង២ ដែលលួចដឹកស្រ្តីជនជាតិចិននោះ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដូចគ្នា។

សារលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសហនុ បានឲ្យដឹងថា  អ្នកបើករថយន្តដឹកទំនិញ និងអ្នកបើករថយន្តឈ្នួល នឹងត្រូវពិន័យប្រាក់ពី១០លានរៀល ទៅ ៥០លានរៀល តាមអនុក្រឹត្យលេខ២៧ អនក្រ.កប។

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសលើទំព័រហ្វេសប៊ុកថា រដ្ឋបាលខេត្ត បានចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គល ដែលបានល្មើសលើបម្រាមរបស់រដ្ឋបាលខេត្ត។ លោក  ឈាង ភិរម្យ និយាយបន្ថែមពីលើសាររបស់រដ្ឋបាលខេត្តព្រះសីហនុថា រដ្ឋបាលខេត្តព្រះសីហនុ នឹងមិនលើកលែងឲ្យបុគ្គលណា ដែលបំពានវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរដ្ឋបាលខេត្តឡើយ។

ខេត្តព្រះសីហនុ ត្រូវរដ្ឋាភិបាល បារម្ភមិនចាញ់រាជធានីភ្នំពេញនោះទេ ដ្បិតខេត្តជាប់សមុទ្រមួយនេះ ក៏ជាប់ពាក់ព័ន្ធខ្លាំងនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈដែរ។ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី៤ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសឲ្យប្រជាជន ផ្អាកចេញទៅរាជធានីឬខេត្តដទៃមួយរយៈសិន។

កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ បុរសជនជាតិចិនម្នាក់ ជាម្ចាស់កាសែត Angkor Today ត្រូវបណ្តេញចេញពីកម្ពុជា និងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញជារៀងរហូត ដោយសារតែស្ថាប័នសារព័ត៌មានរបស់គាត់ បានចុះផ្សាយអត្ថបទមួយថា រដ្ឋបាលកម្ពុជា លើកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន៕

Tag:
 COVID-19
  បណ្តេញចេញពីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com